khmer literature

KHMER LITERATURE

KHMER LITERATURE  AUDIO   :  click here

    រឿងទឹក​ទន្លេសាប

              របស់​ថី គិម-ហាក់ លេខានុការ​ក្រសួង​ប្រៃ​សនីយ៍

          (ប៉ុស្ដ​ខ្សែ​លួស) បាន​តែង​រៀប​រៀង

        ទស្សនាវដ្តីកម្ពុជសូរិយា(១៩៣៩)  ដោយនិស្សិតៈ ចែម  វត្ថុ

អារម្ភកថា

          រឿង “ទឹក​ទន្លេ​សាប” នេះ​កើត​ឡើង​ដោយ​សារ​ចិត្ត​ខ្ញុំ​ទ្រុឌ​ទ្រោម​ស្រពោន​ស្រពន់ គិត​សង្វេក​ដល់​អក្សរ​សាស្រ្ដ​ខ្មែរ​យើង​ដែល​ពុំ​សូវ​ថ្កុំ​ថ្កើង​រុង​រឿង សព្វ​ថ្ងៃ​នេះ​អវិជ្ជា​ដែល​មក​បិទ​បាំង​ជាតិ​ខ្មែរ​ទាំង​អស់​គ្នា កាន់​តែ​ស្ដើង ៗ បន្តិច ៗ ទៅ​ហើយ ដោយ​គុណ​បំណាច់​មហា​នគរ​បារាំង​សែស​បាន​ដឹក​នាំ​វិជ្ជា​ការ​ទាំង​ឡាយ​មក​ឲ្យ​បណ្ដា​រាស្រ្ត កម្ពុជរដ្ឋ​នេះ ។

          អ្នក​ប្រាជ្ញ​ដែល​ឈ្លៀស​ខាង​អក្សរ​សាស្ត្រ​នោះ មាន​តិច​ណាស់​ហើយ​គ្មាន​ពេល​ឱកាស​ឆ្លៀត​ធ្វើ​រឿង​រ៉ាវ​ក្រៅ​អំពី​ជួយ​ព្រះ​ពុទ្ធ​សាសនា ឲ្យ​បាន​ថ្កុំ​ថ្កើង​រុង​រឿង​ក្នុង​ស្រុក​ប៉ុណ្ណឹង បើ​សិន​ណា មាន​អ្នក​ឆ្លៀត​ធ្វើ​បាន​វិញ​ក៏​ពុំ​ជា​ការ​កុប​តឹន​ប៉ុន្មាន មក​ពី​ជាតិ​យើង​ខុស​ពី​ជាតិ​អឺរ៉ុប​នឹង​ជាតិ​អាមេរិក​ឆ្ងាយ​ណាស់ ជាតិ​អស់​នោះ​គេ​ច្រើន​ព្យាយាម​បង្កើត​របស់​ដែល​មាន​ប្រយោជន៍​ដល់​សាធារណ​ជន មាន​ធ្វើ​របស់​ដែល​គ្មាន​ក្នុង​លោក​នេះ​ឲ្យ​មាន​ឡើង​បាន ឬ​ធ្វើ​របស់​ឯ​ណា ដែល​មាន​ហើយ​ឲ្យ​រិត​តែ​ល្អ​ឬ​បរិបូណ៌​ទៅ​ទៀត ពី​ព្រោះ​គេ​មាន​សេចក្ដី​សាមគ្គី​សមគ្គា ជួយ​ជ្រោម​ជ្រែង​គ្នា ហើយ​គេ​បាន​កំចាត់​បង់​នូវ​សេចក្ដី​ខ្ជិល​ទ្រមក់​ពី​ខន្ធ​សន្ដាន នៅ​ប្រទេស​អឺរ៉ុប​ក្ដី​អាមេរិក​ក្ដី អ្នក​ដែល​មាន​ភោគ​សម្បត្តិ​ល្មម​គ្រប់​គ្រាន់ ចិញ្ចឹម​ជីវិត​ខ្លះ គេ​ុំមិន​សូវ​មក​ធ្វើ​ការ​រាជការ​ទេ គេ​ទុក​ឲ្យ​អ្នក​កំសត់​ទុគ៌ត​ធ្វើ គេ​ប្រឹង​ដេក​ដើរ​អង្គុយ​គិត​បង្កើត​របស់​ផ្សេង ៗ ឬ​សរសេរ​តែង​រឿង​ធ្វើ​សៀវភៅ​ឲ្យ​បាន​ច្រើន​មុខ​ជា​ប្រយោជន៍​ដល់​ជាតិ​នឹង​ផែនដី​គេ ម្លោះ​ហើយ​វិជ្ជា​ទាំង​ឡាយ​ក៏​មាន​ពាស​ពេញ​ទាំង​ស្រុក​អាច​ធ្វើ​ឲ្យ​ស្រុក​អស់​នោះ មាន​ឫទ្ធានុភាព​ក្លៀវក្លា សត្រូវ​ទាំងឡាយ​ក៏​មិន​ហ៊ាន​មក​ពាធា​ប្រមាទ​មើល​ងាយ​បាន ។

          ឯ​ខ្ញុំ​ដែល​ប្រឹង​តែង​រឿង​នេះ មក​ពី​មាន​សេចក្ដី​ប្រាថ្នា​ពី​ប្រការៈ

          ១- បំបាត់​ពាក្យ​របស់​អ្នក​តាង​ប្រទេស ដែល​ចេះ​ភាសា​ខ្មែរ​យើង​បន្តិច​បន្តួច​ថា ខ្មែរ​គ្មាន​សៀវភៅ​រឿង​រ៉ាវ​អ្វី​មើល​ស្រួល​ពុំ​បាន មាន​ច្រើន​តែ​សៀវភៅ​ធម៌ ជាតក​ប្រវត្តិ​រឿង​ព្រះពុទ្ធ​កាល​នៅ​ជា​ពោធិសត្វ​នៅ​ឡើយ ច្រើន​តែង​ជា​ពាក្យ​កាព្យ​នាំ​ឲ្យ​អ្នក​ចេះ​ខ្មែរ​តិច ៗ មើល​ពុំ​យល់ ។

          ២- លើក​បង្ហាញ​ទោស​ដែល​កើត​ឡើង ដោយ​កាម​គុណ​ធ្វើ​ឲ្យ​សត្វ​លិច​លង់​ក្នុង​វដ្ដសង្សារ​នេះ ។

          ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ជា​មុន​ថា លោក​អ្នក​ដែល​មើល​ឬ​ស្ដាប់​រឿង​នេះ គ្មាន​សេចក្ដី​ចោទ​ប្រកាន់​ថា ខ្ញុំ​ធ្វើ​រឿង​នេះ ដើម្បី​នឹង​បណ្ដុះ​បណ្ដាល​នូវ​រាគាទិកិលេស របស់​លោក​អ្នក​នោះ​ទេ ។

          ក្នុង​អវសាន​នេះ ខ្ញុំ​សូម​ថ្លែង​សេចក្ដី​អំណរ​អរគុណ​ដល់​អ្នក​ស្រី​ការ​ប៉ឺឡែស អគ្គលេខាធិការ​ពុទ្ធ​សាសន​បណ្ឌិត្យ ដោយ​ជួយ​យក​រឿង​នេះ​ទៅ​កាន់​ពុម្ព​បាន អ្នក​ស្រី​នេះ​មាន​ចិត្ត​ស្រឡាញ់​ជាតិ​សាសនា​ខ្មែរ​យើង​នេះ​ណាស់ ។

ទឹក​ទន្លេ​សាប

ឈុត​ទី ១

          ចៅ​ហេមស័យ​នឹង​ចៅ​សត្ថា ចង់​បាន​នាង​ម៉ាល៉ា​ជា​ភរិយា កាល​អំពី​អតីត​ប្រព្រឹត្ត​កន្លង​ទៅ​ហើយ ក្នុង​រាជ្យ​ព្រះ​កេតុមាលា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង កាល​ប្រាសាទ​អង្គ​ទាំងឡាយ​ទើប​នឹង​កើត​ឡើង​ថ្មី ៗ ប្រកប​ដោយ​គ្រឿង​ចម្លាក់​រចនា​ដ៏​ល្អ​វិចិត្រ​ទឹប​សុទ្ធ​តែ​មាស​ពាស​ពេញ ជា​ទី​គួរ​អស្ចារ្យ​ពន់​ពេក​ណាស់ គួរ​ឲ្យ​ជាតិ​ខេមរៈ​សព្វ​ថ្ងៃ​នេះ​មាន​សេចក្ដី​សោក​ស្ដាយ​នូវ​របស់​អស់​នោះ​ដែល​បាក់​បែក​អស់​ជាង​ពាក់​កណ្ដាល​ទៅ​ហើយ គួរ​ឲ្យ​មាន​ចិត្ត​ខំ​ប្រឹង​រៀន​សូត្រ​ឲ្យ​ចេះ​ដឹង​ដូច​ជាតិ​ខ្លួន​កាល​ជាន់​នោះ ខំ​ធ្វើ​ដោយ​ស្នា​ដៃ​ខ្លួន​ឲ្យ​កើត​ប្រាសាទ​ឯ​ណា​នីមួយ​ឲ្យ​យ៉ាង​ល្អ ល្មម​ទុក​ជា​កេរ្តិ៍​ឲ្យ​ខ្មែរ​ជាន់​ក្រោយ​ទៀត​បាន ឲ្យ​អ្នក​តាង​ប្រទេស​ដែល​គេ​មក​មើល​នគរ​​កម្ពុជា មាន​សេចក្ដី​ស្ងើច ។

          ក្នុង​រជ្ជកាល​នោះ​មាន​បុរស​ម្នាក់​ឈ្មោះ​សីណា​ប្រពន្ធ​ឈ្មោះ​បុប្ផាផាន់​មាន​កូន​ស្រី​ក្រមុំ​មួយ​រូប​យ៉ាង​ល្អ​ឈ្មោះ​ម៉ាល៉ា ។ នាង​ម៉ាល៉ា អាយុ​បាន ១៥ ឆ្នាំ ប្រុស​កំឡោះ ៗ មាន​ចិត្ត​ស្រឡាញ់​នាង​នោះ​ស្ទើ​តែ​គ្រប់​គ្នា តែ​មិន​ដឹង​ធ្វើ​ដូច​ម្ដេច​នឹង​ទៅ​ជិត​បាន ពី​ព្រោះ​នាង​នោះ​ប្រកប​ដោយ​លក្ខណ​ឥរិយា ស្រគត់​ស្រគំ មិន​ជា​អ្នក​ល្ហើ​ល្ហាច​ឡើយ ប៉ុន្តែ​នាង​ម៉ាល៉ា​មាន​បុរស​ពីរ​នាក់​ប្រាថ្នា​បាន​ធ្វើ​​ជា​ភរិយា មួយ​នោះ​ឈ្មោះ ហេមស័យ មួយ​ទៀត​ឈ្មោះ​សត្ថា ចៅ​ហេមស័យ​ជា​កូន​អ្នក​កំសត់​ទុគ៌ត ប៉ុន្តែ​មាន​គំនិត​មារយាទ​ត្រឹម​ត្រូវ ជា​អ្នក​សុភាព​រាប​ទាប​គួរ​សម​នឹង​ចាស់​ព្រឹទ្ធា​ចារ្យ​វិជ្ជា​ក៏​មាន​ចេះ​ប្របក​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ឪពុក​ម្ដាយ​ចាស់ ៗ បាន ឯ​ចំណែក​ចៅ​សត្ថា ជា​កូន​មាន​សម្បត្តិ​ស្ដុក​ស្ដម្ភ ឪពុក​ងារ​ជា​ព្រះ​សេនា​វិជ័យ មេកងទ័ព​ព្រះ​កេតុមាលា ៗ ទ្រង់​សព្វ​ព្រះ​រាជហឫទ័យ​ស្រឡាញ់​ព្រះ​សេនា​វិជ័យ​ពន់​ពេក​ណាស់ ទ្រង់​យក​​ឲ្យ​ទៅ​នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ជា​មួយ ចៅ​សត្ថា ជា​កូន​បាន​ទៅ​រៀន​សិល្ប​សាស្រ្ត​ឯ​ស្រុក​ភូមា​ចេះ​ដឹង​ជ្រៅ​ឆ្ងាយ​ទូលាយ តែ​មាន​ចិត្ត​ព្រហើន​កោង​កាច​អាង​បុណ្យ​ទ្រព្យ​សម្បត្តិ​ឪពុក​ម្ដាយ គ្មាន​កោត​ខ្លាច​អ្នក​​ណា​មួយ​សោះ ក្រៅ​អំពី​ម្ចាស់​ផែនដី​នឹង​ព្រះ​រាជ​វង្សានុវង្ស ចៅ​ហេមស័យ​នឹង​ចៅ​សត្ថា បាន​និយាយ​ឲ្យ​ឪពុក​ម្ដាយ​រៀង​ខ្លួន​ទៅ​ដណ្ដឹង​នាង​ម៉ាល៉ា​មួយ​លើក​ទៅ​ហើយ តែ​មាតា​បិតា​នាង​នេះ​មិន​ទាន់​បាន​សំរេច​ប្ដេជ្ញា​ឲ្យ​កូន​ទៅ​ឈ្មោះ​ណា​ទេ ។

ឈុត​ទី ២

ចៅសីណា នាង​បុប្ផាផាន់ រើស​កូន​ប្រសា

          ព្រះ​សុរិយា​អស្ដង្គត​រលត់​អស់​ពន្លឺ មេឃ​ខ្មៅ​ងងឹត ព្រះ​ពាយ​ផាត់​ពពក​ខ្ចាត់​ខ្ចាយ មែក​ព្រឹក្សា​ទាំងឡាយ​បាក់​បែក​ខ្ចេច​ខ្ទី បក្សា​បក្សី​មាន​សេចក្ដី​រន្ធត់​ហើរ​ចាក​ចោល​ទ្រនំ មនុស្ស​ក្នុង​ភូមិ​ភព​តក់​ស្លុត​ដោយ​ខ្យល់​ព្យុះ​ព្យោមា គួរ​ឲ្យ​វេទនា​ណាស់ ទូក​នាវា​ខ្លះ​នៅ​ក្នុង​សមុទ្រ​ឬ​ទន្លេ លិច​លង់​វិនាស​ដល់​ជីវិត​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​នោះ​ផង ។

          អ្នក​ស្រុក​នៅ​ជិត​ប្រាសាទ​អង្គរ មាន​សេចក្ដី​ភិត​ភ័យ​នឹង​ព្យុះ​ខ្យល់​នេះ​ដល់​យូរ​បន្តិច​ទៅ​ព្រះភិរុណ​ក៏​ធ្លាក់​មក​លើ​ភសុធា ខ្យល់​បាន​ស្បើយ​អាកាស​ក្លាយ​ទៅ​ជា​ត្រជាក់​ស្រួល ផ្គរ​លាន់​ឮ​សូរ​រងំ​ស្ដាប់​ទៅ​គួរ​ចង់​យំ​ណាស់ ។

          ក្នុង​វេលា​ដែល​កើត​កោលាហល់​នោះ ចៅ​សីណា នឹង​នាង​បុផ្ផាផាន់​ជា​ប្រពន្ធ​មាន​ចិត្ត​ញាប់​ញ័រ​រត់​ឆ្លេឆ្លា​ពេញ​តែ​ផ្ទះ ដល់​ខ្យល់​ព្យុះ​អស់​ទៅ​ជន​ទាំង​ពីរ​នាក់​ត្រេក​អរ​ពន់​ពេក បើក​ទ្វារ​មើល​មេឃ​ស្រែក​ថា អើ​យើង​ស្រួល​វិញ​ហើយ រួច​ក៏​នាំ​គ្នា​ទៅ​ដេក​ក្នុង​បន្ទប់​និយាយ​លេង​ជា​កំសាន្ត​សប្បាយ ។

          សីណា ប្អូន​អើយ​នាង​ស្ដាប់​ចុះ សូរ​ផ្គរ​លាន់​ឮ​រំពង​ញ័រ​អស់​ពសុធា ឱ គួរ​សង្វេក​ណាស់ យើង​គ្មាន​កូន​ប្រុស​សោះ មាន​តែ​កូន​ស្រី​មួយ ដូច​ត្រួយ​ពន្លក ឥឡូវ​នេះ​ថែម​ទាំង​ប្រុស​ៗ វា​ដណ្ដើម​គ្នា​ចង់​បាន​ទៀត មិន​ដឹង​ធ្វើ​ដូច​ម្ដេច​ទេ ប្អូន​អើយ​ប្អូន កូន​យើង​មី​នាង​ម៉ាល៉ា រូប​វា​កាន់​តែ​ល្អ​ឡើង ៗ សំបុរ​ក៏​កាន់​តែ​ស្រស់​មិន​ចាំ​បាច់​លាប​រមៀត​ម្សៅ​ទេ នេះ​ហើយ​បាន​នាំ​ឲ្យ​អាហេម​ស័យ​នឹង​អាសត្ថា វា​ស៊ូ​ប្ដូរ​ជីវិត​ដណ្ដើម​គ្នា ដណ្ដឹង​យក​ជា​ភរិយា​វា រឿង​នេះ​តាម​ចិត្ត​បង​ៗ ចង់​រៀប​ចំ​អាពាហ៍​ពិពាហ៍​កូន​យើង​ឲ្យ​ឆាប់​ទៅ ទុក​យូរ​ក្រែង​កើត​សៅហ្មង រឹត​តែ​បែក​រឿង​វែង​ឆ្ងាយ​ទៅ​ទៀត ផ្ទះ​ណា​មាន​កូន​ស្រី​ល្អ ផ្ទះ​នោះ​នាំ​ឲ្យ​កំឡោះ​មក​កុះ​កុំ ដូច​ជា​ផ្កា​ទាំងឡាយ​នាំ​ឲ្យ​សត្វ​ឃ្មុំ​មក​ចោម​រោម​ជា​និច្ច ណា​ប្អូន​ណា ។

          បុប្ផាផាន់ ចាស អ្នក​បង​មាន​ប្រសាសន៍​នេះ​ចំ​ជា​ពេញ​ចិត្ត​ខ្ញុំ​ណាស់ ខ្ញុំ​សព្វ​ថ្ងៃ​ធុញ​ទ្រាន់​នឹង​កូន​ស្រី​នេះ​ដែរ ទៅ​ណា​មក​ណា​មិន​ហ៊ាន​ខ្លាច​ក្រែង​ប្រុស​ៗ មក​ប្រមាទ​មើល​ងាយ មេមាន់​ព្យាបាល​កូន​វា​បែប​យ៉ាង​ណា ខ្ញុំ​គ្រប់​គ្រង​កូន​ស្រី​ខ្ញុំ​ក៏​យ៉ាង​នោះ​ដែរ នែ​អ្នក​បង​តាម​ចិត្ត​អ្នក​តើ​ចៅ​ហេមស័យ​នេះ​មួយ ចៅ​សត្ថា​នេះ​មួយ អ្នក​យក​អាណា ឯ​ចំណែក​ខ្ញុំ​យល់​ឃើញ​ថា ចៅ​ហេម​ស័យ​ពិត​មែន​តែ​កូន​អ្នក​មិន​សូវ​ប្រកប​ដោយ​យស​នឹង​សម្បត្តិ តែ​ត្រង់​កិរិយា​នឹង​មារយាទ​គ្មាន​ប្រុស​ណា​មក​ស្មើ​បាន​ទេ​វាជា​អ្នក​រក​ស៊ី​ធ្វើ​ការ​គ្មាន​ឈប់​ឈរ មិន​ចេះ​ដើរ​លេង​ផ្ដេស​ផ្ដាស់ ចំណែក​ខាង​ចៅ​សត្ថា​វិញ​ពិត​មែន​ជា​អ្នក​ចេះ​ដឹង ឪពុក​ម្ដាយ​មាន​បុណ្យ​ទ្រព្យ​សម្បត្តិ​ច្រើន តែ​ថា​ឫក​ពារ​វា​ក្អេង​ក្អាង​កោង​កាច​លើស​បន្ទាត់ ញញាក់​ញញ័រ​ដូច​ជា​សត្វ​ពានរ ខុស​ឆ្ងាយ​ពី​ចៅ​ហេមស័យ​ណាស់ ។

          សីណា ន៏​មើល​ចុះ​ធ្វើ​ជា​មនុស្ស​មិន​ដឹង​របស់​ល្អ​របស់​អាក្រក់​មិន​ចង់​បាន​ថ្លៃ ចង់​បាន​តែ​ថោក ៗ គំនិត​បង​ខុស​ពី​ប្អូន​ឯង ចៅ​សត្ថា​ត្រកូល​វា​ក៏​ខ្ពស់​សម្បត្តិ​វា​ក៏​មាន ចំណេះ​គេ​ក៏​បរិបូណ៌​ដល់​ខែ​ក្រោយ​រាជការ​នឹង​ចាត់​ឲ្យ​ទៅ​ត្រួត​ត្រា​ខេត្រ​មួយ​មិន​ខាន បើ​ប្រសិន​ណា បើ​យើង​ព្រម​ឲ្យ​កូន​ទៅ​ចៅ​នេះ ច្បាស់​ជា​យើង​បាន​ធំ​ធាត់​ខ្ពស់​មុខ​នឹង​គេ​មួយ​គ្រា​នេះ ។

          បុប្ផាផាន់ យី​អ្នក​បង ល្អ​អាក្រក់ ថ្លៃ​ថោក​ខ្ញុំ​ស្គាល់​ណាស់ តែ​ខ្ញុំ​មក​គិត​អាណិត​កូន មិន​ចង់​ឲ្យ​កូន​វេទនា ឪពុក​ម្ដាយ​តែង​ស្វែង​រក​សុខ​ឲ្យ​កូន​ជានិច្ច តែ​តោង​មើល​នាយ​មើល​អាយ​ឲ្យ​ស្រួល​បួល​ផង ប្រយ័ត្ន​ក្រែង​បែរ​ជា​ឲ្យ​ទុក​គ្នា​វិញ ធម្ម​ជាតិ​ជា​អ្នក​ធំ បង​អើយ​បង គំនិត​គេ​ច្រើន​របិញ​របុញ​ណាស់ គេ​អាង​សម្បត្តិ​អាង​ចំណេះ គេ​មិន​សូវ​យល់​មុខ​យើង​អ្នក​ក្រ​ប៉ុន្មាន​ទេ ប្រពន្ធ​វិញ បើ​គេ​ស្រឡាញ់​ផ្ដេក​ផ្ដិត​អស់​ចិត្ត​អស់​ថ្លើម​គេ​ហើយ គេ​ច្រើន​ងារ​បែរ​ទៅ​រក​ថ្មី​ពីរ​បី​ទៀត ឯ​ភរិយា​ដើម​នោះ​ច្បាស់​ជា​ជូត​ទឹក​ភ្នែក​រាល់​យប់​ពុំ​ខាន​ឡើយ បើ​អ្នក​តូច​ដូច​គ្នា​នេះ​ថា​ចំ​ជា​ស្រួល​ណាស់​មើល​ចុះ​ដូច​ជា​រូប​បង​នឹង​រូប​ខ្ញុំ សុខ​អើយ​សុខ ស្រួល​អើយ​ស្រួល​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​ទុក​អ្វី​សោះ ។

          សីណា ឱ​ពុទ្ធោ​អើយ​ពុទ្ធោ នេះ​បាន​ចំ​ជា​ទាប​តឿ​នៅ​ទាល​ដូច​ជា​សត្វ​ទា មិន​ចង់​បាន​ខ្ពស់​នឹង​គេ​សោះ កូន​ស្រី​រូប​ល្អ​យ៉ាង​ហ្នឹង​ចង់​ឲ្យ​មាន​ប្ដី​អ្នក​ក្រ គួរ​ណាស់​តែ​ឲ្យ​គ្នា​បាន​ធ្វើ​ជា​លោក​ស្រី​នឹង​គេ​បាន​ម្ដង យ៉ាង​គំរក់​ណាស់​បី​ឆ្នាំ​ក៏​យក​ដែរ​មិន​គួរ​ឲ្យ​គ្នា​ទៅ​អ្នក​រក​ស៊ី​ធ្វើ​ការ​រហេម​រហាម​សោះ ។

          បុប្ផាផាន់ យី​ធំ​អ្វី​ម្លេះ ធ្វើ​ជា​លោក​ស្រី ខ្ញុំ​សព្វ​ថ្ងៃ​ចង់​ខ្ពស់​ណាស់​ប៉ុន្តែ​ខ្ញុំ​ខ្លាច ក្រែង​ដូច​គេ​ថា ឡើង​ទៅ​ដល់​ពពក​ចុះ​មក​ជ្រក​ឯ​អាចម៍​ជន្លេន​វិញ ដូច​ជា​រូប​នាង​សាវខុន កូន​ពូកែម មីងគុយ កាល​ពី​ដើម​នាង​សាវ​ខុន យក​ប្ដី​ព្រះ​អង្គ​ម្ចាស់​មួយ ជិះ​សុទ្ធ​តែ​រទេះ​ឡាន ដល់​បាន​មួយ​វស្សា​ពោះ​ធំ​ប៉ុន​ចង្អេរ មក​អង្គុយ​លក់​ចេក​អាំង​នៅ​ជ្រុង​វាំង​ធ្វើ​ភ្លឹះ ៗ មាន​សំពត់​តែ​មួយ​ចង្កេះ ឆ្ញអេះ​ពេញ​ខ្លួន ហើយ​កាល​ពី​ខែ​មុន​នេះ​ឆ្លង​ទន្លេ រក​តែ​លុយ​ទិញ​ឧស​កំដៅ​ខ្លួន​មិន​បាន​ផង មើល​តើ​ខ្ពស់ ឬ​ទាប​អ្នក​បង ។

          សីណា អើ​ខ្ពស់​មួយ​ដង ទាប​មួយ​ដង ណ្ហើយ​កុំ​និយាយ​ច្រើន​ពេក ប្រយ័ត្ន​តិច​ល្បង​លើក​មី​ម៉ាល៉ា​ទៅ​ឲ្យ​លោក​កុង្សីយ​ក្មេង​ម្នាក់ តិច​ល​ហៅ​កូន​ឯង នែ​លោក​ជំទាវ… នែ​គំនិត​ប្រុស​មិន​ដូច​ស្រី​ទេ បើ​ប្រុស​គំនិត​មិន​កើត គេ​យក​ស្រី​ឲ្យ​ធ្វើ​ការ​ពេញ​ក្រសួង​រាជការ​ទៅ​ហើយ​គេ​ឲ្យ​ស្រី​ត្រួត​ត្រា​លើ​ប្រុស​វិញ មែន​ឬ​ទេ ។

          បុប្ផាផាន់ ឱ​កម្ម​អើយ​កម្ម ខ្ញុំ​ពិបាក​ចិត្ត​ណាស់​ពិត​មែន​តែ​ប្រុស​មាន​គំនិត​ញឹក​ល្អិត​ជាង​ស្រី តែ​ថា​មាន​ជួន​កាល​ភ្លាត់​ដោយ​សេចក្ដី​លោភ​មក​គ្រប​សង្កត់​ម្ដង​ៗ មិន​ខាន លើក​តែ​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​នឹង​ព្រះ​អរហន្ត​ខីណា​ស្រព​ចោល​ចេញ ទើប​អកុសល​ធម៌​នេះ មក​បៀត​បៀន​ពុំ​បាន​តាម​បវេណី​ពី​ដើម​រៀង​មក ខ្មែរ​យើង​ទុក​ដាក់​កូន​ស្រី​ត្រូវ​តែ​ម្ដាយ កូន​ប្រុស​ត្រូវ​តែ​ឪពុក តែ​វេលា​នេះ បើ​បង​ចូល​ចិត្ត​ឲ្យ​ទៅ​ចៅ​សត្ថា ខ្ញុំ​ក៏​មិន​ព្រម​ជា​ដាច់​ខាត ខ្ញុំ​សូម​ចិត្ត​អ្នក​បង​ម្ដង​ចុះ ពី​ព្រោះ​តាំង​តែ​ពី​យើង​បាន​ចាប់​ដៃ​រួម​ខ្នើយ​ជា​មួយ​គ្នា​មិន​ដែល​មាន​ទាស់​អធ្យា​ស្រ័យ​នឹង​គ្នា​ម្ដង​សោះ ទើប​តែ​គ្រា​នេះ​ហើយ ពី​ព្រោះ​ខ្ញុំ​ស្រឡាញ់​កូន​ស្រី​ណាស់ សូម​បង​អាណិត​ប្អូន​ម្ដង​កុំ​ខាន ។

          សីណា យើ​ម៉ែ​អើយ​ម៉ែ នេះ​ចំ​ជា​សែន​វិបាក ឯង​ចង់​ខ្ពស់ គេ​ចង់​ទាប ឯង​មិន​ចង់​សៀប​ប្រៀប គេ​ចង់​តែ​កញ្ជះ​គេ មិន​គួរ​សោះ​មី​នាង​កូន​ឪ​អើយ នេះ​គឺ​កម្ម​កូន​ពី​អតីត​តាម​មក​ដល់ នែ​ប្អូន កូន​មួយ​នេះ​បង​លែង​រវល់​ហើយ ស្រេច​តែ​លើ​ប្អូន​ឯង ដល់​ថ្ងៃ​អាពាហ៍​ពិពាហ៍​បង​មិន​ខ្ចី​ស៊ី​ភោជនាហារ​ទេ បង​ខ្មាស​តាំង​ពី​មនុស្ស​រហូត​ដល់​ខ្មោច កូន​រូប​ល្អ​យ៉ាង​ហ្នឹង​មិន​គួរ​ឲ្យ​មាន​ប្ដី​អ្នក​ក្រ​សោះ​ឡើយ ។

          បុប្ផាផាន់ ធ្វើ​ដូច​ម្ដេច បើ​បង​មិន​ព្រម​នៅ​រៀប​អាពាហ៍​ពិពាហ៍​កូន​ស្រី ខ្ញុំ​មិន​ហ៊ាន​ឃាត់​ខាំង​ទេ ទៅ​តាម​ចិត្ត​ចុះ ធ្វើ​ដូច​ម្ដេច​ជា​អកុសល​របស់​កូន​យើង មាន​ឪពុក​ហាក់​ដូច​ជា​គ្មាន គួរ​អាណោច​អាធម្ម​ណាស់​ណ្ហើយ​ចាំ​ខ្ញុំ​ទុក​ក្បាល​ជ្រូក ឆ្អើរ​នំ​ទុក​ឲ្យ​បង​ពិសា ដល់​បាត់​ខឹង​ត្រឡប់​មក​ផ្ទះ​វិញ ។

          សីណា បង​ឈឺ​ចិត្ត​ណាស់ ចង់​បាន​អ្វី​មិន​បាន​ដូច​ប្រាថ្នា ការ​នេះ​ត្រូវ​តែ​ហៅ​កូន​ស្រី​យើង​មក​សួរ​ចិត្ត​វា​សិន ដល់​ថ្ងៃ​ក្រោយ​កុំ​ឲ្យ​វា​មាន​ពាក្យ​បន្ទោស​ថា​ខូច​ខាត​ខ្លួន ដោយ​សារ​តែ​ម៉ែ​ឬ​ឪ​ទុក​ដាក់​ឲ្យ​មាន​ប្ដី​មិន​ត្រូវ​កន្លង ។

          បុប្ផាផាន់ ចាស ខ្ញុំ​ចូល​ចិត្ត​ណាស់ ថា​ហើយ​ក៏​ដើរ​ម្នី​ម្នា​ចូល​ទៅ​ក្នុង​បន្ទប់​កូន​ក្រមុំ​ខ្លួន បក់​ដៃ​ហៅ​ឲ្យ​ចេញ​មក​ក្រៅ​នាង​ម៉ាល៉ា​ក៏​ចេញ​មក​អង្គុយ​ស្រគត់​ស្រគំ​ជិត​មាតា​បិតា ។

          សីណា អើ​កូន​អញ​ឥឡូវ​នេះ ល្អ​អី​ល្អ សអីស រក​ស្រី​ណា​ឲ្យ​ល្អ​ជាង​កូន​អញ​គ្មាន​ទេ នែ​កូន​ស្រី​ស្ងួន​ឪពុក ឪ​សព្វ​ថ្ងៃ​នេះ​មាន​ចិត្ត​ចង់​ឲ្យ​កូន​មាន​ប្ដី​ណាស់ មាន​គេ​ពីរ​នាក់​មក​ដណ្ដឹង មួយ​ឈ្មោះ​ហេមស័យ​មួយ​ទៀត​ឈ្មោះ​សត្ថា អាហេមស័យ​ជា​កូន​អ្នក​កំសត់​ទុគ៌ត​ទេ តែ​គំនិត​ត្រឹម​ត្រូវ ឯ​អាសត្ថា​វិញ កូន​អើយ​កូន ឪពុក​ម្ដាយ​មាន​បុណ្យ​ស័ក្ដិ​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់ ចំណេះ​វា​ក៏​មាន​ច្រើន​ផង ប៉ុន្តែ​ធ្វើ​ដូច​ម្ដេច​កូន​អ្នក​ធំ​ច្រើន​ខិល​ខូច​បន្តិច តែ​ល្មម​អធ្យាស្រ័យ​បាន ហើយ​ដល់​ផុត​ខែ​នេះ​ទៅ ចូល​ខែ​ក្រោយ រាជការ​នឹង​តាំង​ឲ្យ​ធ្វើ​មេនាយក ខែត្រ​មួយ​យ៉ាង​ធំ​មើល​មនុស្យ​ទាំង​ពីរ​នាក់​នេះ តើ​កូន​ចូល​ចិត្ត​យក​អ្នក​ណា និយាយ​ឲ្យ​ដាច់​ខាត​ឲ្យ​ស្រេច​ទៅ កុំ​ឲ្យ​ឪពុក​ចំបែង​ចិត្ត​រាល់​ទិន​ទិវា​ពេក ។

          បុប្ផាផាន់ នែ​កូន​ស្រី​ម៉ែ​តែ​មួយ ការ​នេះ​ត្រូវ​កូន​គិត​ឲ្យ​មែន​ទែន​ក្រែង​លោ​ថ្លោះ​ធ្លោយ​គំនិត បែរ​បន្ទោស​ថា ម៉ែ​មិន​ជួយ​គិត ឯ​ម៉ែ​ចង់​ឲ្យ​កូន​បាន​សុខ​ខ្ពស់​មុខ​មាត់​នឹង​គេ​ណាស់ ក្រែង​តែ​វាសនា​កូន​ទៅ​ពុំ​ដល់ ។

          ម៉ាល៉ា ខ្ញុំ​សូម​ជំរាប​លោក​ឪ លោក​ម៉ែ បុរស​ទាំង​ពីរ​នាក់​កូន​ក៏​មិន​ដែល​ស្គាល់​ម្ដង​សោះ​ទេ ចិត្ត​កូន​ស្រឡាញ់​តែ​ឈ្មោះ​ហេមស័យ​នេះ​ទេ ពី​ព្រោះ​គំនិត​សម្បត្តិ​ធន​ធាន​ស្មើ​នឹង​យើង ហើយ​គេ​គ្មាន​ហ៊ាន​មើល​ងាយ​យើង​ផង សេចក្ដី​សុខ ចម្រើន​នឹង​កើត​មាន​ឡើង​មិន​ខាន ។

          សីណា ឱ​ប្រេត​អើយ​ប្រេត នេះ​ចំ​ជា​កូន​ម៉ែ មិន​មែន​កូន​ឪ​ទើប​គំនិត​វា​ត្រូវ​នឹង​ម៉ែ​វា​បែប​ហ្នឹង កូន​នេះ​ចំ​ជា​ឈាម​កប់ មិន​មែន​ឈាម​អណ្ដែត ចំ​ជា​កូន​មិន​មែន​កូន​មាន់ ច្បាស់​ជា​មក​ពី​ស្ថាន​នរក មិន​មែន​មក​ពី​ស្ថាន​ទេវតា​ទេ ណ្ហើយ​តាម​កម្ម​វា​ចុះ អញ​លែង​ស្បិត​និយាយ​ទៀត​ហើយ ឯង​ស៊ី​ក្រសែ​ម៉ែ​ឯង​ចុះ ។

          បុប្ផាផាន់ អើ​នេះ បាន​ចំ​ជា​កូន​ស្រី​ម៉ែ ទើប​គំនិត​​ត្រូវ​គ្នា ចេះ​ទុក​មុខ​មាត់​ឲ្យ​ម្ដាយ​ឪពុក គ្រាន់​បើ​ជាង​កូន​ស្រី​គេ​ឯ ទៀត  ។

          សីណា ទុក​មុខ​ឲ្យ​ម៉ែ​ចុះ ឪ​មិន​ត្រូវ​ការ​ទេ ។

          បុប្ផាផាន់ ប្រយ័ត្ន​ក្រែង​ទៅ​រក​ពឹង​កូន តិច​ទៅ​រក​លុយ​វា​ចាយ​រក​បាយ​វា​ពិសា ។

          សីណា មិន​ខ្ចី អញ​ស៊ូ​អត់​ដូច​កង្កែប​ខែ​ប្រាំង អញ​ពី​ដើម​និយាយ​សុទ្ធ​តែ​នាង​អ្នក ឥឡូវ​ចង់​ប្រទេស​ផ្ដាសា អញ​ក្ដៅ​ក្រហាយ​ណាស់ មាន​ប្រពន្ធ​កូន បេះដូង សួត ពោះ​វៀន ថ្លើម​ខុស​គ្នា​ឯង​និយាយ​ថា នៅ​ក្នុង​លិច​គេ​និយាយ​ថា នៅ​ខាង​កើត ឯង​ចង់​ឲ្យ​គេ​មាន​កំណើត គេ​ចង់​តែ​លិច​កណ្ដោង​ដី ។

          បុប្ផាផាន់ ប្រយ័ត្ន​ស្វិត ៗ ទៅ ពិបាក​កូន​និមន្ត​លោក​សូត្រ​ធម៌​ធ្វើ​បុណ្យ​ឧទ្ទិស​ផល​ជូន​ឲ្យ ។

          សីណា អញ​មិន​ត្រូវ​ការ​ទេ អញ​​បួស ១០ វស្សា​ហើយ​ក្បាលើ​ទំពែក​ថ្ងាស​ត្រងាល​អស់​ហើយ ធម៌​អញ​រៀន​សូត្រ​ខ្ចេច​ខ្ទី មិន​បាច់​ឲ្យ​អ្នក​ណា​សូត្រ​ឲ្យ​ស្ដាប់​ទៀត​ទេ បុណ្យ​ក៏​អញ​បាន​ធ្វើ​ញឹក​ញាប់​ណាស់​ដែរ អញ​មិន​កោង​កាន ឲ្យ​អាណា​ធ្វើ​ឲ្យ​អញ​ទៀត​ទេ បើ​តាម​ចិត្ត​អញ ៗ ផ្ដាច់ ពី​អាពី​នាក់​នេះ មី​ម៉ាល៉ា​អាណា​ក៏​អញ​មិន​ឲ្យ អញ​យក​ទៅ​ថ្វាយ​ស្ដេច​ឲ្យ​វា​បាន​ធ្វើ ជា​ឃុន​ព្រះ​ម្នាង យ៉ាង​តិច​ត្រឹម ១ ខែ​ក៏​អញ​យក​ដែរ តែ​ថា​សេចក្ដី​ពង្រាត់​សង្សា​គេ​នោះ មាន​បាប​ក្រាស់​ណាស់ ណ្ហើយ​តាម​យថា​កម្ម ឈប់​និយាយ ។

ឈុត​ទី ៣

ការ​អាពាហ៍​ពិពាហ៍​ចៅ​ហេមស័យ​នឹង​ម៉ាល៉ា

          ចៅ​ហេមស័យ​នឹង​នាង​ម៉ាល៉ា​មាន​ចិត្ត​​កួច​កាន់​ស្រឡាញ់​គ្នា​រៀង​ខ្លួន​នឹក​ថា ឱ​អាត្មា​អញ​អើយ ពេល​វេលា​ក៏​កាន់​តែ​ជិត​ដល់​ណាស់​ទៅ​ហើយ​កាល​នៅ​លីវ​នៅ​ឡើយ មាន​រូប​តែ ១ ខន្ធ​តែ​ប្រាំ ដល់​បន្តិច​ទៀត រូប​ពីរ​ខន្ធ​ដប់ ដល់​មាន​កូន​ទៅ​ទៀត រូប​កាន់​តែ​ច្រើន ខន្ធ ​កាន់​តែ​ច្រើន ឱ​គួរ​អនិច្ចា​សត្វ​ក្នុង​វដ្ដ​សង្សារ​យើង​នេះ​អើយ ប៉ុន្តែ​ការ​នេះ​វៀរ​ពុំ​រួច គេច​ពុំ​ផុត​ដូច​ជា​ស្រមោល​តែង​អន្ទោល​ទៅ​តាម​ប្រាណ តែ​សត្វ​កុណ​ជាតិ ក៏​គង់​តែ​មាន​ឈ្មោល​ញី​ដែរ ។

          ដល់​កំណត់​ថ្ងៃ​មង្គល​ការ ញាតិ​សន្ដាន​ទាំង​ពីរ​ខាង​មក​ជួប​ជុំ​គ្នា​ផ្សំ​ផ្គុំ​ចៅ​ហេមស័យ​នឹង​នាង​ម៉ាល៉ា ខាន​តែ​ឪពុក​ខាង​ស្រី​នៅ​តែ​កាន់​ចិត្ត​គំនុំ​គុំ​គួន មិន​ព្រម​មក​ចង​ដៃ​កូន ប្រឹង​ដើរ​ចូល​ទៅ​ក្នុង​វត្ត អង្គុយ​ឱប​ក្បាល​ជង្គង់​ធ្វើ​ភ្លឹះ​ៗ ក្រោម​កុដិ​លោក​ព្រះ​សង្ឃ​រាជ រហូត​ពិធី​អាពាហ៍​ពិពាហ៍​កូន ទើប​ត្រឡប់​មក​ផ្ទះ​វិញ ។

          នៅ​ថ្ងៃ​ដែល​បុរស​នឹង​ស្ត្រី​រាល់​គ្នា​បាន​រួប​រួម​ប្រាណ​គ្នា ជា​បឋម​បង្អស់​នោះ​គឺ​វេលា​ដែល​រួម​ខ្នើយ ផ្សំ​ដំណេក នាង​ម៉ាល៉ា​ក៏​នាំ​ប្ដី​ចូល​ទៅ​កាន់​បន្ទប់​ខ្លួន​រៀប​ពូក​ខ្នល់​ខ្នើយ​ឲ្យ​ស្វាមី​យ៉ាង​ល្អ​ស្អាត ហើយ​នាំ​គ្នា​ប្រាស់​ដេក​និយាយ​លេង ចរចារ​អំពី​រឿង​រ៉ាវ​ផ្សេង​ៗ ដល់​ពេល​ព្រះ​ចន្ទ​ត្រង់ កាល​ណោះ​មាន​មហា​ភុជង្គ​នាគ​រាជ​មួយ​ធំ​សម្បើម​ក្ដៅ​ក្រហាយ ក្នុង​ព្រះ​ចិន្ដា​ប្រឹង​លូន​ចេញ​ម្នី​ម្នា​ពី​ក្នុង​ព្រះ​ធរណី ចុះ​មក​ប្រពាត​លេង​ក្នុង​មហា​សមុទ្រ​បង្អារ​នូវ​ភ្លៀង​ធ្លាក់​ពេញ​លើ​ពសុធា ចៅ​ហេម​ស័យ​នឹង​នាង​ម៉ាល៉ា ញ័រ​ញាក់​ត្រជាក់​ដល់​ដួង​ហឫទ័យ រឹង​រឹត​ស្នេហា​គ្នា​ត​ទៅ​ទៀត រួច​ហើយ​ចៅ​ហេម​ស័យ​លួង​លោម​ភរិយា​ឲ្យ​ដេក ដោយ​យប់​កាន់​តែ​ជ្រៅ​ណាស់​ទៅ​ហើយ ច្រៀង​បំពេ​ប្រពន្ធ​ថាៈ

               ប្អូន​អើយ​ប្អូន​មើល​ព្រះ​ចន្ទា្រ                      រះ​ក្នុង​មេឃាត​ពន្លឺ​ថ្លា

               ដូច​ជា​ចិត្ត​បង​សោមនស្សា                        បាន​រួម​ជីវ៉ា​នឹង​មាស​ថ្លៃ

               ព្រះ​ពាយ​ប្រឹង​បោក​ពពក​បាត់                    ដូច​បង​បាន​ខ្ចាត់​ពី​ទុក្ខ​ភ័យ

               ដោយ​ហេតុ​បាន​ខ្លួន​ស្ងួន​វិឡៃ                     មាស​ថ្លៃ​ដូច​ថ្លើម​ផង​រៀម​រា

               ប្អូន​ស្ដាប់​សព្ទ​សូរ​មាន់​រងាវ                        ស្រែក​ហ៊ោ​កញ្ច្រៀវ​ពេញ​ភូមិ​ណា

               ល្មម​អូន​តន់​តូច​កែវ​កនដ្ឋា                         គេង​ទៅ​ពៅ​ណា​យប់​យូរ​ហើយ ។

          នាង​ម៉ាល៉ា​បាន​ស្ដាប់​ពាក្យ​ប្ដឹង​លួង​លោម​ឲ្យ​ដេក​ដូច្នោះ​ហើយ ក៏​មាន​ចិត្ត​រីក​រាយ ខំ​ធ្មេច​នេត្រា​ទាំង​សង​ដេក​លង់​លក់​ទៅ ដល់​ជិត​ភ្លឺ​នាង​យល់​និមិត្រ​មួយ​ចម្លែក​អស្ចារ្យ​ណាស់ យល់​ហាក់​ដូច​ជា​តា​ចាស់​ម្នាក់​កាន់​កាំបិត​យ៉ាង​មុត​ស្ញាច មក​វះ​យក​ថ្លើម​រួច​ហើយ​ដើរ​ទៅ​ខាង​ទិស​នីរតី​បាត់​ទៅ​ដល់​យូរ​បន្តិច​តា​ចាស់​ដដែល​នេះ កាន់​យក​នូវ​ថ្លើម មក​ដាក់​ឲ្យ​ដូច​ដើម​វិញ មក​ចិត្ត​ភិត​ភ័យ​ពេក​ណាស់ ភ្ញាក់​ឡើង​ដាស់​ស្វាមី​និយាយ​ប្រាប់​សព្វ​គ្រប់​ប្រការ ចៅ​ហេមស័យ​ក្រោក​អង្គុយ​សញ្ជឹង​សញ្ជប់ ពិចារណា​នូវ​សុបិន​និមិត្ត​គិត​ឃើញ​ថា នេះ​ប្រាកដ​ជា​មាន​សេចក្ដី​ព្រាត​ប្រាស​ដល់​អញ​នឹង​ប្រពន្ធ​មិន​ខាន​ឡើយ ប៉ុន្តែ​យូរ​ទៅ​នឹង​បាន​ជួប​គ្នា​វិញ បើ​អញ​និយាយ​ប្រាប់​នាង​នេះ​ដោយ​ត្រង់ សម​ជា​វា​នឹង​សោក​សៅ​កើត​ទុក្ខ​មិន​ខាន​បើ​ដូច្នេះ​ត្រូវ​អញ​រក​ឧបាយ​កល​និយាយ​បង្វែង​ទៅ​វិញ ទើប​បែរ​ទៅ​កៀក​ក​ប្រពន្ធ​បី​ថ្នម​ដាក់​លើ​ភ្លៅ ហើយ​និយាយ​ថា​កែវ​អើយ និមិត្រ​នេះ​ជា​មង្គល​ល្អ​ណាស់ ដែល​ឃើញ​ថា តាចាស់​មក​កាត់​យក​ថ្លើម​នោះ នោះ​គឺ​ជា​បញ្ហា​ឲ្យ​នាង​ដឹង​ថា កាល​អូន​ឯង​នៅ​ក្រមុំ​នៅ​ឡើយ រូប​រាង​លោម​ពណ៌​សឹង​តែ​ល្អ​ស្អាត ចិត្ត​ក៏​គ្មាន​រវើ​រវាយ​ទៅ​ណា​ទៀត ឥឡូវ​នាង​មាន​ប្ដី​ហើយ កែវ​អើយ​រូប​រាង​នាង​ក៏​កាន់​តែ​អន់​ថយ​ទៅ​ដោយ​នូវ​ការ​ផ្សេង​ៗ តែ​ត្រង់​ថា ឃើញ​តា​ចាស់​នោះ យក​ថ្លើម​មក​ដាក់​ឲ្យ​វិញ​នោះ គឺ​ថា​ដល់​យូរ​បន្តិច​ទៅ​ប្អូន​នឹង​មាន​រូប​រាង​ល្អ​ដូច​ពីរ​ដើម​វិញ បុរស​ឯ​ណា​បាន​ឃើញ​ហើយ​ច្បាស់​ជា….. ។ នាង​ម៉ាល៉ា​ដែល​ជាតិ​ជា​ស្រ្តី​ស្មារតី​តិច​ហើយ​ជា​អ្នក​ស្រឡាញ់​នូវ​រូប​រាង​កាយ​ផង ប្រឹង​ជឿ​ជាក់​នូវ​សំដី​ប្ដី​ទើប​លាន់​មាត់​ថា បើ​ប្រសិន​ណា​ដូច​ពាក្យ​បង​មាន​ប្រសាសន៍​មែន ចំ​ជា​ខ្ញុំ​បាន​កសាង​ល្អ​ណាស់​ពី​អតីត​មក ។

          មាន់​រងាវ​ចុះ​ចាក​ពី​ទ្រនំ សន្សើម​ធ្លាក់​ជោក​ជាំ​ពេញ​ព្រះ​ធរណី ជប់​ជាប់​នៅ​ស្លឹក​រុក្ខ​ជាតិ​ទាំងឡាយ បុប្ផា​នានា​សឹង​រីក​ដេរ​ដាស​មាន​ក្លិន​ពិដោរ​ឈ្ងុយ​ឈ្ងប់​ក្នុង​ភូមិ​ភព ព្រះ​ចន្ទ្រ​លិច​ទៅ​ទិស​បស្ចឹម​បន្តិច​ម្ដង ៗ ព្រះ​សុរិយា​តើន​ចាក​ពី​សយនា ប្រឹង​ម្នី​ម្នា​ឡើង​ប្រថាប់​លើ​ព្រះ​រាជ​រថយាត្រា​ប្រទក្សិណ​ភ្នំ​មេរុ​បញ្ចេញ​នូវ​ឆព្វណ្ណរង្សី​បំភ្លឺ​លោក អ្នក​ស្រុក​ទាំងអស់​នាំ​គ្នា​ទៅ​រក​ស៊ី​ធ្វើ​ការ​ឯ​ទី​ទៃ ៗ ចៅ​ហេមស័យ​នឹង​នាង​ម៉ាល៉ា នាំ​ប្ដី​ប្រពន្ធ​ជំរះ​រាង​កាយ​ងូត​ទឹក ស្លៀក​ពាក់​តុប​តែង​ដោយ​គ្រឿង​មាស​ពេជ្រ​ដ៏​វិចិត្រ​គួរ​ប្រតិព័ទ្ធ រួច​ស្រេច​ក៏​ទៅ​សំពះ​ម្ដាយ​ឪពុក​ចាស់​ទុំ ឲ្យ​ជូន​យក​ផ្កា​ស្លា​ទៅ​ប្រគេន​លោក​គ្រូ​ចៅ​អធិការ​វត្ត​នគរ ។

          ឪពុក​ម្ដាយ​មាមីង​នាំ​គ្នា​ស្រុះ​ស្រួល​ជូន​កូន​ចៅ​ទៅ​វត្ត ដើរ​តាម​ផ្សារ​ពួក​អ្នក​លក់​ដូរ​នាំ​គ្នា​មើល​ឈូឆរ គន់​រូប​រាង​ចៅ​ហេមស័យ ហើយ​នឹង​នាង​ម៉ាល៉ា មាន​ស្រី​ខ្លះ​កេះ​គ្នា​និយាយ​ថា ន៍​មើល​គេ​បាន​ប្ដី​ល្អ​ណាស់​វ៉ឺយ​បើ​ប្រសិន​ណា​ប្ដី​អញ​រូប​ល្អ​ដូច​គាត់​នោះ ងាប់​ហើយ អញ​ស៊ូ​រក​ចិញ្ចឹម​មិន​ឲ្យ​ព្រួយ ពេល​ថ្ងៃ​ពិបាក ៗ ចុះ​ឲ្យ​តែ​ពេល​យប់​បាន​ស្រួល អញ​ធ្វើ​ស្នេហ៍​ដាក់​កុំ​ឲ្យ​ស្រឡាញ់​ស្រី​ណា​ទៀត អញ​ស៊ូ​ថ្នាក់​ថ្នម​មិន​ឲ្យ​អាក់​អន់​ចិត្ត​ឡើយ ឯ​ចំណែក​ពួក​បុរស​វិញ​លាន់​មាត់​ថា ន៏​មើល​នាង​នោះ​ល្អ​ណាស់​តើ បើ​បើ​ប្រសិន​ណា​បាន​មក​ធ្វើ​ប្រពន្ធ​អញ​វិញ ច្បាស់​ជា​មាន​ភ័ព្វ​ធំ អញ​ចាក់​សោ​ទុក​កុំ​ឲ្យ​ប្រុស​ណា​ឃើញ ការ​ហត់​នឿយ​ប៉ុន្មាន​អញ​លែង​គិត​ៗ តែ​ផ្គាប់​ចិត្ត​កុំ​ឲ្យ​ទាស់ ឱ​នាង​នេះ​មិន​គួរ​បាន​ទៅ​គេ​សោះ​ពួក​តា ៗ បែរ​ទៅ​បន្ទោស​យាយ​ថា យាយ​ឯង​នេះ​អញ​លែង​ស្បិត​ហើយ​សាច់​ស្វិត ស្បែក​យារ មិន​ជា​បើ​មើល​ទេ អញ​មើល​ទៅ​ទ្រាំ​មិន​បាន​ទេ​ច្បាស់​ជា​ទៅ​រក​ក្រមុំ​ណា​ឲ្យ​មាន​រូប​ល្អ​ដូច​នាង​នោះ​ហ្ន៎ ។ យាយ​ឮ​ហើយ​ក៏​ឆ្លើយ​តប​ថា អើ​តា​យើង​ផ្អើល​ចាស់​ហើយ​វ៉ឺយ បើ​តា​ឯង​ផ្អើល​អញ​ផ្អើល​ដែរ អញ​ទៅ​រក​កំឡោះ​ណា​ឲ្យ​យ៉ាង​ល្អ​ដូច​អ្នក​នោះ ហើយ​អញ​តែង​ខ្លួន​ឲ្យ​យ៉ាង​ភុំ​ផាន​នៃ ស្លៀក​សុទ្ធ​តែ​ផាមួង ពាក់​អាវ​វៀល​ក​ចង​បូ​មុខ​ក្រោយ ស្បែក​ជើង​កែង​ខ្ពស់ បណ្ដើរ​គ្នា​មក​បង្អួត​តា​ឯង​ឲ្យ​ធ្លាយ​ក្អួត​មួយ​ជាន់​ហ្នឹង ប្រយ័ត្ន​កុំ​ឲ្យ​អញល ក្រែង​លិច​ទាំង​ក្មេង​ទាំង​ចាស់​នាំ​គ្នា​សរសើរ​ចៅ​ហេមស័យ​នឹង​នាង​ម៉ាល៉ា ជា​អនេក​បរិយាយ ។

          ជន​ទាំង​ពីរ​នាក់ នាំ​ឪពុក​ម្ដាយ​មាមីង​ចូល​ទៅ​ក្នុង​វត្ត​ក្នុង​ពេល​ដែល​លោក​សង្ឃ​កំពុង​ឆាន់​ព្រឹក លោក​សង្ឃ​ខ្លះ​បាន​ឃើញ​រូប​រាង​នាង​ម៉ាល៉ា​ប្រឹង​មើល​ភាំង​ភ្លេច​ស្មារតី ខ្លះ​បោះ​ស្លាបព្រា​ចោល​ទៅ​ក្ដារ​លែង​ឆាន់ ប្រឹង​ដើរ​តាម​មើល​ស្ត្រី​នោះ លោក​គ្រូ​ចៅ​អធិការ​បាន​ឃើញ​ញាតិ​ញោម​មក​ត្រៀប​ត្រា ប្រឹង​ម្នីម្នា​ស្ទុះ​ទៅ​រៀប​ចំ​ទទួល​ដោយ​រាក់​ទាក់ សាក​សួរ​សុខ​ទុក្ខ​គ្រប់​ប្រការ​រួច​ស្រេច ទើប​ហៅ​ចៅ​ហេមស័យ​នឹង​នាង​ម៉ាល៉ា​ឲ្យ​ចូល​ទៅ​ជិត​លោក​មាន​ពុទ្ធ​ដីកា​ថា ម្នាល​ចៅ​ទាំង​ពីរ ដែល​បាន​ជួប​គ្នា​ជា​ប្ដី​ប្រពន្ធ​ហើយ តោង​ប្រយ័ត្ន ត្រូវ​ចេះ​រក្សា​ចិត្ត​គ្នា​កុំ​ឲ្យ​ថ្លោះ​ធ្លោយ​ដោយ​អំពើ​ចិត្ត​ពាល ចៅ​អើយ​ប្រពន្ធ​គេ​ទុក​ដូច​ដី ប្ដី​គេ​ទុក​ដូច​មេឃ គួរ​កិត​ពាក្យ​នេះ​ឲ្យ​មែន​ទែន ដី​បើ​ចង់​ទៅ​នៅ​ពី​លើ​មេឃ​វិញ មាន​បាន​កាល​ណា​ដូច​ជា​ស្រ្តី​ដែល​សន្ដាន​ចិត្ត​ឫស្យា​ចំទែង​ចំ​ទាស់​ចង់​ត្រួត​ត្រា​បុរស​វិញ ជា​ការ​មិន​ល្អ​មើល​ឡើយ គួរ​តែ​គោរព​ប្រតិបត្តិ​ភស្ដា​កុំ​ឲ្យ​អាក់ ឯ​មេឃ​ដែល​បាន​នៅ​ពី​លើ​ដី​ហើយ គួរ​រក្សា​ដី​ឲ្យ​បាន​ត្រជាក់​មាន​ជី​ជាតិ​ល្អ ដូច​បុរស​ត្រូវ​រក្សា​ស្ដ្រី​ឲ្យ​បាន​សុខ ស្គាល់​ត្រូវ​ស្គាល់​ខុស​កុំ​រំលោភ​អាង​ខ្លួន​ធំ​ជាង​គេ ភ្លេង​ដូរ្យ​តន្ត្រី​ចម្រៀង​ដ៏​ពិរោះ​យ៉ាង​ណា មិន​ពិរោះ​ស្មើ​ដល់​សំដី​ស្ត្រី​នឹង​បុរស​ដែល​ចេះ​ស្រឡាញ់​គ្នា តា​សូម​ឲ្យ​ពរ​ថា ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ ចម្រើន​គ្រប់​ជំពូក អាយុ​ឲ្យ​បាន​វែង មាន​កូន​ក៏​ឲ្យ​ច្រើន​យ៉ាង​តិច​ត្រឹម​ពីរ ១ ឆ្នាំ ចំណែក​តា ៗ មើល​ទៅ​ទ្រាំ​ទ្រ​ផ្នួស​មិន​បាន​យូរ​ទេ បើ​មិន​ឆ្នាំ​នេះ​ក៏​ឆ្នាំ​ក្រោយ បើ​មិន​ក្រោយ​ក៏​ឆ្នាំ​ក្រោយ​ទៀត តា​សឹក​ហើយ តា​បួស​តាំង​ពី​អាយុ ១២ ឆ្នាំ រហូត​មក​ដល់​ឥឡូវ​នេះ តា​និយាយ​ប៉ុណ្ណឹង​ចៅ​យល់​ទេ ចៅ​ហេមស័យ​នឹង​នាង​ម៉ាល៉ា ក៏​លើក​ដៃ​សំពះ​ថ្វាយ​បង្គំ​ទទួល​សាធុការពរ ហើយ​សើច​ញញឹម​ដោយ​លោក​តា​ចំ​អន់​លេង​ផង រួច​ហើយ​ថ្វាយ​បង្គំ​លា​លោក​គ្រូ​ចៅ​អធិការ​វិល​ត្រឡប់​មក​កាន់​គេហស្ថាន​វិញ ។

ឈុត​ទី ៤

ចៅហេមស័យ​នឹង​នាង​ម៉ាល៉ា​ព្រាត់​ប្រាស​គ្នា

          ការ​ព្រាត់​ប្រាស​និរាស​មិត្រ​របស់​គាប់​ចិត្ត​តែង​មាន​ដល់​គ្រប់​រូប គ្រប់​កាយ គ្មាន​បុគ្គល​ណា​មួយ​វៀរ​បាន​ឡើយ មិន​តែ​មនុស្ស​យើង​ទេ ទាំង​សត្វ​តិច្ឆាន​នឹង​រុក្ខ​ជាតិ​ទាំងឡាយ ក៏​គង់​ព្រាត់​ប្រាស់​គ្នា​ដែរ តែ​សត្វ​តិរច្ឆាន​សោយ​អារម្មណ៍​កើត​ទុក្ខ​តិច​ជាង​មនុស្ស​យើង ។

          ឱ​គួរ​សង្វេគ​គិត​ដល់​ទឹក​ដែល​ហូរ​ចេញ​ពី​ភ្នែក​សត្វ​លោក​រាល់​គ្នា ក្នុង​មួយ​ទិវា ៗ មិន​ដឹង​ជា​បាន​ប៉ុន្មាន​ទន្លេ​ទេ ។

          ដូច​ជា​ចៅហេមស័យ​នឹង​នាង​ម៉ាល៉ា​រួម​ស្ថាន​ជា​មួយ​គ្នា​ចំនួន​មួយ​វស្សា​ប៉ុណ្ណឹង ក៏​បែក​ពី​គ្នា​ទី​ទៃ​រៀង​ខ្លួន ។

          សម័យ​ថ្ងៃ​មួយ​ពេល​ព្រលប់​ជា​កាល​កម្ម​របស់​ជន​ទាំង​ពីរ​នាក់ ចៅ​ហេមស័យ​វេលា​នោះ​ក្ដៅ​ក្រហាយ ហាក់​ដូច​ជា​អគ្គី​មក​ដុត​រោល​រាល​ពេញ​សពាង៌្គកាយ ហាក់​ដូច​ជា​អគ្គី​ក​ដុត​រោល​រាល​ពេញ​សពាង៌្គកាយ បបួល​ប្រពន្ធ​ទៅ​ងូត​ទឹក​ទន្លេ ដើម្បី​នឹង​ជំរះ​លាង​ខ្លួន​ឲ្យ​ត្រជាក់ ពី​ផ្ទះ​ទៅ​ទន្លេ​ឆ្ងាយ​ចំនួន ១០០០ ម៉ែត្រ នាង​ម៉ាល៉ា​ត្រេក​អរ​ណាស់ ឮ​ប្ដី​បបួល​ក៏​ម្នី​ម្នា​រៀប​ចំ​គ្រឿង​ប្រដាប់​សម្រាប់​ផ្លាស់​ងូត​ទឹក​រួច​ស្រេច​កាល​ណា ក៏​នាំ​គ្នា​ត្រសង​ដើរ​ដម្រង់​ទៅ​ឯ​មាត់​ទន្លេ ដើរ​តាម​ផ្លូវ​ចៅ​ហេមស័យ​ស្រែក​ច្រៀង​ថាៈ

               ម៉ាល៉ា​អូន​អើយ​មើល​រុក្ខ​ជាតិ                      ដុះ​មីព្រោង​ព្រាត​ពេញ​ព្រឹក្សា

               ឈើ​ខ្លះ​មាន​ផ្លែ​ខ្លះ​មាន​ផ្កា                          ក្រអូប​ណាស់​សាណា​មាស​បង

               ចម្ប៉ា​ដូច​បង​ចំពើប​បាន                            រួម​ប្រាណ​សុខ​សាន្ត​នឹង​នួន​ល្អង

               ចម្ប៉ី​ដូច​រៀម​បីត្រ​កង                               នួន​ល្អង​នាង​ល្អ​គួរ​ចេតនា

          កាល​ពី​ដើម​ទី​នេះ​បង​តែង​មក​លេង​កំសាន្ត​សប្បាយ មាន​ក្រមុំ​ល្អ​ៗ ចុះ​ងូត​ទឹក​លេង​ជា​មួយ​គ្នា តែ​បង​គ្មាន​ប្រាថ្នា​ចង់​បាន​មក​រួម​វេណី​សោះ​លាក់​បាំង​អ្វី​ប្អូន​ៗ បង​បាន​ឃើញ​តែ​មួយ​ភ្នែក​ប៉ុណ្ណឹង ចិត្ត​បង​កួច​ត្របាញ់​ស្រឡាញ់​ប្អូន​ស្ទើរ​ស្ទុះ​ទៅ​ឱប​ពុំ​គិត​ខ្លាច​អ្នក​ណា ហេតុ​ហ្នឹង​បាន​ជា​បង​កន្ទក់​កន្ទេញ ឲ្យ​មាតា​បិតា​ដណ្ដឹង​យក​ប្អូន​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​ខាង​តែ​បាន​ឱ​ប្អូន​អើយ​នាង​មើល​សត្វ​សារិកា​ទាំង​គូ​ទំ​លើ​មើល​សីដា​និយាយ​គ្នា​ផ្អៀង​ផ្អង​មើល​មក​យើង ប្រហែល​ជា​វា​គិត​ថា មនុស្ស​ក៏​មាន​គូ​ស្រក​ដែរ នែ​សត្វ​សារិកា​កែវ​អើយ ឯ​ទាំង​ពីរ​ស្រឡាញ់​គ្នា​យ៉ាង​ណា យើង​ទាំង​ពីរ​ក៏​ស្រឡាញ់​គ្នា​បែប​ឯង​ដែរ ន៏​មើល​សត្វ​ចាប​យំ​ចេប​ៗ ក្នុង​សំបុក មេ​វា​គ្រប់​គ្រង​ថែរក្សា ចំណែក​ឯ​បា​វា​វិញ ប្រឹង​ទៅ​ពាំ​ពស្ដុ​ផល​យក​មក​ចិញ្ចឹម​នឹង​ស្លឹក​ឈើ​មក​ធ្វើ​សំបុក ត្រង់​នេះ​យើង​តោង​ដឹង​ខ្លួន កាល​ណា​យើង​មាន​កូន​យើង​នឹង​នឿយ​ព្រួយ​ដូច​សត្វ​ចាប​ដែរ ។

          ចៅ​ហេមស័យ​នឹង​នាង​ម៉ាល៉ា អង្គុយ​ក្រោម​ដើម​ស្វាយ​ធំ ១ ក្បែរ​មាត់​ទន្លេ គន់​មើល​ព្រះ​អាទិត្យ​លិច​ទៅ​ទិស​បស្ចឹម​បន្តិច​ម្ដង ៗ ចៅ​ហេមស័យ​នឹក​សង្វេគ​ដល់​អាយុ​សង្ខារ​សត្វ តែង​ធ្វើ​ដំណើរ​ទៅ​កាន់​មរណៈ មួយ​ថ្ងៃ​បន្តិច ៗ ដូច​ជា​ព្រះ​សុរ្យ​ធាន​ពេល​អស្ដង្គត ហើយ​ប្រាប់​ទៅ​ប្រពន្ធ​ឲ្យ​ផ្លាស់​សំពត់​ទៅ​ងូត​ទឹក នាង​ម៉ាល៉ា​ក៏​ស្លៀក​ក្រមា​ចុះ​ទៅ​កាន់​ទន្លេ​ជា​មួយ​នឹង​ប្ដី នាំ​គ្នា​ប្រឡែង​កញ្ជ្រោក​បោក​បាច​សាច​ទឹក កើត​សេចក្ដី​សំរើប​ស្រើប​ក្នុង​ផ្លូវ​មេថុន ជួន​កាល​ចៅ​ហេមស័យ កន្ត្រាក់​ក្រមា​ដែល​រុំ​កាយ​ប្រពន្ធ​បាន​ហើយ​រត់​ឡើង​គោក នាង​ម៉ាល៉ា​ធ្វើ​ឫក​ស្រែក​យំ​ហៅ​ប្ដី ៗ រត់​ចុះ​មក​ស្លៀក​ដណ្ដប់ ឲ្យ​ដូច​ដែល​វិញ ប្រឡែង​លេង​បាន​យូរ​បន្តិច​ទៅ​កម្ម​អាក្រក់​តាម​មក​ទាន់​អ្នក​ទាំង​ពីរ​នាក់​នេះ ចៅ​ហេមស័យ​និយាយ​ទៅ​ប្រពន្ធ​ថា ម្នាល​ប្អូន ចាំ​បង​ហែល​ឲ្យ​ប្អូន​មើល បង​ហែល​បាន​ឆ្ងាយ​ណាស់ ថា​ហើយ​ក៏​លោក​ហែល​ស្លុង បណ្ដោយ​តាម​ទឹក​ហូរ​យ៉ាង​ខ្លាំង​ដល់​ត្រឡប់​មក​វិញ ហែល​ឡើង​ពុំ​រួច អស់​កម្លាំង ខ្សែ​ទឹក​ក៏​កួច​ចៅ​ហេមស័យ​ទៅ​ឆ្ងាយ​បាត់​ទៅ ។

          ចៅ​ហេស័យ ដោយ​អំណាច​ខ្លាច​លិច​លង់​ទៅ​ក្នុង​ទឹក ហើយ​នឹក​រលឹក​ដល់​ប្រពន្ធ ប្រឹង​ហែល​បណ្ដែត​ខ្លួន​តាំង​ពី​ក្បាល​ព្រលប់​រហូត​ដល់​ភ្លឺ​ស្វាង​ច្បាស់ អណ្ដែត​ទៅ​ប៉ះ​ជាប់​ច្រាំង​ខាង​ចុង​ទន្លេសាប ដល់​ទី​នោះ​ចៅ​ហេមស័យ​ស្រឡប់​បាត់​ស្មារតី​ដោយ​សារ​ហត់​នឿយ​ហួស​កម្លាំង ។

          មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម្លិះ​ប្រពន្ធ​មេចោរ ប្ដី​មិន​នៅ​វា​នាំ​ពួក​ចោរ​ទៅ​ប្លន់​ឯ​ប្រទល់​ដែន​ស្រុក​សៀម នាង​នោះ​នៅ​តែ​ម្នាក់​ឯង​កណ្ដោច​កណ្ដែង​ខ្លោច​ផ្សា គាប់​ជួន​ថ្ងៃ​នោះ​នាង​ម្លិះ​កណ្ដៀត​ក្អម​ទៅ​ដង​ទឹក​យក​មក​ដណ្ដាំ​បាយ​មើល​ពី​លើ​មាត់​ច្រាំង​ទៅ​ឃើញ​មនុស្ស​ម្នាក់​ដេក​ស្ដូក នាង​នោះ​ទម្លាក់​ក្អម​ស្ទុះ​ម្នី​ម្នា​ទៅ​លើក​ត្រកង​បី​ចៅ​ហេស័យ យក​ទៅ​ដាក់​លើ​ផ្ទះ គិត​ក្នុង​ចិត្ត​ថា អ្នក​នេះ​មាន​រូប​ល្អ​ចំឡែក ល្អ​ជាង​ប្ដី​អញ​មួយ​រយ​ដង គួរ​ចេតនា​ហេតុ​ម្ដេច​បាន​មក​ស្លាប់​ដោយ​មាត់​ទន្លេ​ដូច្នេះ តែ​ខ្លួន​នៅ​ក្ដៅ ដង្ហើម​នៅ​មាន គួរ​អញ​ជួយ​សង្គ្រោះ​យក​ជីវិត​គាត់​នេះ នាង​ម្លិះ​យក​ថ្នាំ​មក​រិត​ស្រឡាប​ចៅ​ហេមស័យ ៗ ក៏​ដឹង​ខ្លួន​ឡើង​វិញ លើក​ដៃ​សំពះ​ថា ឱ​អ្នក​មាន​គុណ​លើ​ខ្ញុំ​ណាស់ ខ្ញុំ​គ្មាន​អ្វិ​តប​គុណ​អ្នក​ឡើយ មាន​តែ​ម្រាម​ដៃ​ទាំង ១០ នេះ​ឯង នាង​ម្លិះ​ស្ទុះ​ទៅ​ចាប់​ចៅ​ហេមស័យ កុំ​ឲ្យ​សំពះ ហើយ​សាក​សួរ ពី​ហេតុ​ដែល​អណ្ដែត​ខ្លួន​មក​ដល់​ទី​នោះ បាន​ដឹង​សព្វ​គ្រប់​ប្រការ​វេលា​ណា នាង​ម្លិះ​ក៏​និយាយ​ម៉ិត​ប្រាយ​លែប​ខាយ​ទៅ​ចៅ​ហេមស័យ​ថាៈ

          ម្លិះ អ្នក​មាន​ប្រសាសន៍​ថា មាន​តែ​ម្រាម​ដៃ ១០ ទេ តប​គុណ​ខ្ញុំ ៗ ពុំ​ត្រូវ​ការ​ទេ ត្រូវ​ការ​តែ​វត្ថុ​មួយ​ងាយ​រក​ណាស់​ផង តើ​អ្នក​រក​ឲ្យ​ខ្ញុំ​បាន​ឬ​ទេ ។

          ហេមស័យ ឱ​នាង​អើយ​គុណ​នាង​ធ្ងន់​ណាស់ កុំ​ថា​តែ​របស់​ងាយ​រក​ប៉ុណ្ណឹង ទោះ​បី​ដល់​កាយ​វាចា​ចិត្ត​ខ្ញុំ ៗ ក៏​គិត​ជូន​នាង​ឲ្យ​ខាង​តែ​បាន​លើក​តែ​ជីវិត ពី​ព្រោះ​ខ្ញុំ​មាន​ភរិយា​មួយ​ជា​ទី​គាប់​ចិត្ត​ណាស់ មិន​ចង់​ឲ្យ​បែក​ឃ្លាត​ឡើយ ។

          ម្លិះ អើ​អ្នក​បង​លាក់​បាំង​អ្វី​ខ្ញុំ​តាំង​ពី​បាន​ឃើញ​រូប​អ្នក​បង​វេលា​ណា​វិញ្ញាណ​ស្មារតី​ខ្ញុំ​ហាក់​ដូច​ជា​រលត់​រលីង​ឈឹង​អស់​ពី​ខ្លួន ភ្លេច​បាយ​ភ្លេច​ទឹក​ភ្លេច​ម៉ែ​ភ្លេច​ឪ​ភ្លេច​ទាំង​ប្ដី​ខ្ញុំ​ទៅ​ទៀត ប្ដី​ខ្ញុំ​ទៅ​បាត់​ចំនួន​កន្លះ​ខែ​ហើយ បើ​ខ្ញុំ​លេប​អ្នក​បង​រួច ខ្ញុំ​លេប​បាត់​ទៅ​ហើយ ដោយ​អំណាច​ស្រឡាញ់ ។

          ហេមស័យ យី​ម្ដេច​ដូច្នេះ ឯ​ខ្លួន​ខ្ញុំ​វិញ ​បាន​ឃើញ​អ្នក​ឯង ខ្ញុំ​រិត​តែ​រលឹក​ដល់​ប្រពន្ធ ដែល​គ្នា​កំពុង​តែ​យំ​នៅ​ផ្ទះ​ឯ​ណោះ ម្ដេច​ចិត្ត​អី​ក៏​ខុស​ពី​គ្នា​ឆ្ងាយ​ណាស់​ហ្ន៎ ។

          ម្លិះ ប្រហែល​ជា​រូប​ខ្ញុំ​មិន​ដល់​រូប​ប្រពន្ធ​អ្នក​បង​ហើយ​មើល​ទៅ នែ​អ្នក​បង កាល​ខ្ញុំ​នៅ​ពេញ​រូប​ពេញ​រាង កាល​នៅ​ក្រមុំ ប្រុស ១១១ នាក់ ដណ្ដើម​គ្នា​ចង់​បាន​ខ្ញុំ ៗ ពុំ​ព្រម​យក ដល់​ប្ដី​សព្វ​ថ្ងៃ​នេះ គាត់​ស្រឡាញ់​ខ្ញុំ​ហួស​ពេក ស៊ូ​ចោល​ស្រុក​ឪពុក​ម្ដាយ លើក​គ្នា​ឡើង​ទៅ​ចាប់​ខ្ញុំ​ពី​លើ​ផ្ទះ នាំ​មក​លាក់​បំពួន​ក្នុង​ទី​រហោស្ថាន ស្ងាត់​នេះ តាំង​ខ្លួន​ធ្វើ​ជា​មេចោរ​ដើរ​ស្វែង​រក​ប្រាក់​មក​ចិញ្ចឹម​កុំ​ឲ្យ​ខ្ញុំ​ព្រួយ តែ​គាត់​មើល​ទៅ​ប្រហែល​ជា​បី​ខែ​ទៀត បាន​ត្រឡប់​មក​ពី​ព្រំ​ប្រទល់​ដែន​វិញ ខ្ញុំ​នៅ​តែ​ម្នាក់​ឯង​ត្រមោច​ត្រមង់​ចំបែង​ចិត្ត​ណាស់ បាន​ឃើញ​អ្នក​បង​ហាក់​ដូច​ជា​បាន​ឃើញ​មុខ​​ប្ដី​ខ្ញុំ​មួយ​រយ​ដង​ពុំ​ស្មើ គួរ​អ្នក​បង​អាណិត​ជួយ​នៅ​កំដរ​ប្អូន​កុំ​ឲ្យ​កំព្រា​ដេក​រងា​តែ​ឯក​ឯង ទំរាំ​ប្ដី​ខ្ញុំ​មក​វិញ ។

          ហេមស័យ យើ​ប្ដី​នាង​ធ្វើ​មេចោរ​ផង ខ្ញុំ​ខ្លាច​ណាស់ ក្រែង​តែ​មក​ទាន់​វាយ​សម្លាប់​ខ្ញុំ មួយ​ទៀត​មាន​បាប​ក្រាស់​ណាស់ ពី​ព្រោះ​នាង​ជា​ស្រី​មាន​ម្ចាស់​​ហួង​ហែង ។

                                                                            ម្លិះ អ្នក​បង​ខ្លាច​អ្វី ធានា​នៅ​ខ្លួន​ខ្ញុំ ប្ដី​ខ្ញុំ​មុន​នឹង​គាត់​ត្រឡប់​មក​ទី​នេះ គាត់​ប្រើ​ឆ្កែ​មក​ឲ្យ​ដំណឹង​ខ្ញុំ​មួយ​ថ្ងៃ​មុន ឯ​ត្រង់​បាប​បង​កុំ​ព្រួយ​ខ្ញុំ​ទទួល​ទាំងអស់ ។

          ថា​តែ​ប៉ុណ្ណោះ​ហើយ ក៏​លោ​ស្ទុះ​ទៅ​ឱប​ចៅ​ហេមស័យ​ក្វិត​ហើយ​ច្រៀង​លួង​លោម​ថាៈ

               បង​អើយ​មើល​សត្វ​អំពិល​អំពែក                 ហើរ​ភ្លឺ​ភ្លែត ៗ ក្នុង​កន្ទប់

               ដូច​ជា​បុរស​ក្នុង​ពេល​យប់                         ប្រឹង​តុប​តែង​ខ្លួន​រក​ស្រ្តី

               រូប​ប្អូន​យ៉ាង​ស្រស់​គួរ​ផ្ដេក​ផ្ដិត                    ម្ដេច​រៀម​មិន​ស្បិត​ឥត​ប៉ែត្តី

               មាត់​ពេញ​ពោរ​ពាស​នូវ​ចំណី                     រៀម​នៅ​មិន​ខ្ចី​ទំពារ​ទៀត

               រៀម​អើយ​ធម្មជាតិ​សត្វ​ស្រមោច                 តូច​ហោច​ពិត​តែ​មាន​មារយាទ

               ឲ្យ​ឃើញ​តតែ​ស្ករ​ប្រឹង​ខ្មី​ឃ្មាត                     កណ្ដៀត​ជញ្ជូន​ទៅ​ភោក្ដា ។

          ហេមស័យ ប្រឹង​បំរាស​ពី​ដៃ​នាង​ម្លិះ​ហើយ​ស្រែក​ថា មិន​ដែល​ឃើញ​អី​ចេះ​ចាប់​ប្រុស បែប​នេះ​ទេ ។

          ម្លិះ ខ្ញុំ​មិន​មែន​ចាប់​យក​ទៅ​ដាក់​គុក​ទេ ខ្ញុំ​ចាប់​យក​ទៅ​ដាក់​លើ​គ្រែ​ទេ​តើ ។

          ហេមស័យ យក​ខ្ញុំ​ទៅ​ដាក់​លើ​គ្រែ​ធ្វើ​អ្វី ។

          ម្លិះ អ្នក​បង​ក្រែង​ធ្លាប់​មាន​ប្រពន្ធ​ហើយ​តើ ។

          ហេមស័យ មាន​យូរ​ហើយ តែ​វា​មិន​ដែល​ចាប់​ខ្ញុំ​ដាក់​លើ​គ្រែ​ទេ ។

          ម្លិះ ប្រពន្ធ​អ្នក​បង​មិន​ឆ្លាយ មិន​ចេះ​ធ្វើ​ឲ្យ​ប្ដី​ស្រឡាញ់ ។

          ហេមស័យ នាង​អើយ​វា​ចេះ​ណាស់ ប្រហែល​ចេះ​ជាង​នាង​ឯង​ដប់​ត មើល​នាង​គិត​ចាប់​ទៅ​ដាក់​លើ​គ្រែ​ធ្វើ​អ្វី ប្រាប់​ឲ្យ​ត្រង់​សោះ​ខ្ញុំ​សង្ស័យ ។

          ម្លិះ ឱ​ពុទ្ធោ ៗ អើយ ប្រុស​អី​ល្ងង់​ម្លេះ រូប​ល្អ តែ​បញ្ញា​គ្មាន គេ​ចាប់​ឲ្យ​ទៅ​ដេក គេ​មាន​ឲ្យ​អ្វី​ទៀត ។

          ហេមស័យ បើ​គ្រាន់​តែ​ដេក​បាន តែ​ខ្ញុំ​ដេក​លក់ នាង​ឯង​កុំ​ដាស់​ពី​ព្រោះ​អស់​កម្លាំង​ណាស់ ឮ​ទេ ។

          ម្លិះ មុន​នឹង​ដេក​លក់ គេ​ត្រូវ​ដេក​លេង​សិន គេ​មិន​ដែល​ដេក​សស់​កក្រស់​ដូច​បង​ថា​ទេ ។

          ហេមស័យ បើ​ខ្ញុំ​ដេក​លើ​គ្រែ នាង​ឯង​ដេក​ត្រង់​ណា​ទៅ ។

          ម្លិះ ខ្ញុំ​ដេក​ជិត​អ្នក​បង ។

          ហេមស័យ គ្រែ​មួយ ខ្ញុំ​មិន​ចេះ​ដេក​ពីរ​នាក់​ទេ បើ​ជា​មួយ​នឹង​ប្រពន្ធ​ខ្ញុំ ទើប​ខ្ញុំ​ចេះ​ដេក ។

          ម្លិះ យើ​អ្នក​បង មិន​គួរ​ប្រកែក​ប្រកួត​នឹង​ខ្ញុំ​ដល់​ម្ល៉េះ​ទទេ ស្មាន​ជា​ខ្ញុំ​មិន​ស្មើ​មុខ​ឬ​ម្ដេច បាន​ជួយ​ជីវិត​ឲ្យ​រួច​សេចក្ដី​ស្លាប់ គ្រាន់​តែ​ពឹង​ការ​បន្តិច​ប៉ុណ្ណឹង ក៏​មិន​ព្រម នេះ​ចំ​ជា….. ថា​តែ​ប៉ុណ្ណោះ​ហើយ​នាង​ម្លិះ​ធ្វើ​ឫក​ជា​បោក​ខ្លួន​ននៀល​លើ​ក្ដារ ស្រែក​ទ្រហោ​យំ​ថាៈ

               អនិច្ចា​ខ្លួន​អើយ​សែន​ពិបាក                   រូប​អើយ​តោក​យ៉ាក​ពេក​ណាស់​សា

               ប្ដី​អើយ​អ្នក​ឆាប់​វិល​មក​រ៉ា                      ទ្រូង​អើយ​ខ្លោច​ផ្សា​តឹង​ណែន​ក្រៃ ។

               កម្ម​អើយ​ធ្វើ​គុណ​មិន​បាន​គាប់               គុណ​អើយ​ត្រឡប់​ជា​ទោស​វៃ

               ទោស​អើយ​មិន​គួរ​បែប​នេះ​នៃ                ប្រុស​អើយ​ឃើញ​ស្រី​មិន​ចេតនា ។

          ហេមស័យ ដោយ​មាន​ចិត្ត​ទន់​អាណិត​នាង​ម្លិះ ក៏​ស្ទុះ​ទៅ​លើក​ថ្នម​ដាក់​លើ​ភ្លៅ ហើយ​ស្រដី​ទៅ​កាន់​នាង​ម្លិះ​ថា នាង​អើយ​កុំ​អន់​អាក់​ចិត្ត​អ្វី បង​បាន​ជា​ខុស​គំនិត​បន្តិច​ទៅ​ហើយ ដោយ​សារ​ចិត្ត​បង​ចំបែង​ណាស់​អំពឹល​អំពែក​ដែល​ភ្លឺ​ម្ដង​ងងិត​ម្ដង ដូច​ចិត្ត​បង​អរ​ផង ភ័យ​ផង អរ​ថា មួយ​ជាន់​ហ្នឹង បង​បាន​សង​គុណ​នាង​ហើយ ភ័យ​គឺ​ក្រែង​ប្ដី​នាង​មក​ទាន់​សម​ជា​បង​វេទនា​មិន​ខាន​ឡើយ ឯ​ស្រមោច​មិន​ត្រូវ​ឃើញ​នូវ​ស្ករ​ហើយ​ចេះ​តែ​ពាំ​ស៊ី​ទេ ជួន​កាល​គេ​ប្រឡាក់​ដោយ​គ្រឿង​បំពុល ឲ្យ​ស្រមោច​ស្លាប់​ក៏​មាន ចំណី​ពេញ​មាត់​មិន​ទំពា​ពិត​ហើយ មុន​នឹង​ទំពា​តោង​គិត​មើល តើ​ចំណី​រឹង​ឬ​ទន់ មិន​ប្រយ័ត្ន​ក្រែង​ប៉ះ​ទៅ​លើ​ចំណី​រឹង​បាក់​ធ្មេញ​អស់​ទៅ ។

          ម្លិះ បង​អើយ​ចំណី​របស់​ខ្ញុំ​ទន់​ត្រជាក់​យ៉ាង​ផ្អែម​ជាប់​អណ្ដាត​មួយ​ជាតិ បើ​បាន​ស៊ី​ហើយ​ចង់​ស៊ី​ទៀត ។

          ក្នុង​វេលា​នោះ​ព្រះ​ពាយ​ក៏​មិន​អាច​នៅ​ស្ងៀម​បាន ប្រឹង​ចេញ​អំពី​ស្ថាន​វិមាន​មាស​មក​ក្រៅ បណ្ដាល​ឲ្យ​មាន​ព្យុះ​ខ្យល់ ឲ្យ​ព្រះ​គង្គា​មាន​សុទ្ធ​តែ​រលក​ធំ​បែក​ជា​ផ្កា​ត្រែង​ចំនួន​កន្លះ​ម៉ោង​ទៅ ព្រះ​ពាយ​ចូល​ទៅ​ក្នុង​វិមាន​វិញ ។

          ចៅ​ហេមស័យ ភ្លេច​គិត​នាង​ម៉ាល៉ា នាង​ម្លិះ​ភ្លេច​គិត​ប្ដី អ្នក​ទាំង​ពីរ​នាក់​តែង​រួម​រាគ​ស្នេហា​គ្នា​ជា​ប្រក្រតី នាង​ម្លិះ​នាំ​ចៅ​ហេមស័យ​ទៅ​ប្រាប់​ទី​កន្លែង​ដែល​ប្ដី​ខ្លួន​កប់​លាក់​ទ្រព្យ​ដែល​ប្លន់​លួច​ពី​គេ​បាន​មក ចៅ​ហេមស័យ ក៏​ចំណាំ​ទុក្ខ​កន្លែង​អស់​គ្មាន​ភ្លេច ។

ឈុត​ទី​៥[1]

ទុក្ខ​របស់​នាង​ម៉ាល៉ា

              នាង​ម៉ាល៉ាឃើញ​ប្តី​លង់​ទឹក ប្រឹង​រត់​ឡើង​លើ​គោក រត់​តាម​មាត់​ច្រាំង​ស្រែក​ហៅ​ប្តី មិន​ឮ​ឆ្លើយ​សោះ នាង​ក៏​ស្រែក​យំ​ក្តែងៗ ថា​ឱអ្នក​ម្ចាស់​ប្អូន​អើយ អ្នក​ហែល​ត្រឡប់​មក​រក​ប្អូន​វិញ​រ៉ា ប្តេច​ឡើយ​បាន​ជា​អ្នក​មក​វិនាស​ខ្លួន​បាត់​ក្នុង​ទឹក​សូន្យ​ឈឹង បើ​ប្រសិន​ណា​ជា​បង​ស្លាប់​គួរ​ស្លាប់​នៅ​លើ​គោក ឲ្យ​បាន​ប្អូន​បី​ត្រកង ឃើញ​មុខ​ផង ម្ចាស់​អើយ​ប្អូន​តាំង​ពី​ថ្ងៃ​នេះ​ទៅ សម​ជា​កំញ្រ​គ្មាន​គ្នា​នៅ​កៀក​កើយ​ឡើយ​ឱ​លោក​ទេវតា​អើយ សូម​លោក​មេត្តា​ជួយ​ជីវិត​ប្តី​ខ្ញុំ ជួយ​ឲ្យ​គាត់​ហែល​រួច​ដល់​ត្រើយ​កុំ​ខាន ឱទឹក​អើយ​ទឹក មិន​គួរ​មក​ពង្រាត់​សង្សារ​ខ្ញុំ​សោះ ។

              នាង​ម៉ាល៉ា​បោក​ខ្លួន​ននៀល​សន្លប់​នៅ​មាត់​ទន្លេ​បាត់​ស្មារតី សន្សើម​ចុះ​អាប់​ត្រជាក់​ជ្រួត​ជ្រាប​ដល់​កាយ​នាង​ម៉ាល៉ាៗ ដឹង​ខ្លួន​ភ្ញាក់​ឡើង​ប្រឹង​ក្រោក​តេះ​តះ​ស្ទើរ​តែ​ពុំ​រួច ស្រយុត​ស្រយាក​ញីរ​អស់​កាយ​ដូច​គេ​ផ្ពេច​ដើរ​ដម្រង់​ទៅ​ផ្ទះ ប្រាប់​មាតាបិតា​បង​ប្អូន​ព្រៀង​លាន​ទាំង​អស់​គ្នាៗ ក៏​ភ័យ​ឆោ​ឡោ​ស្រែក​កង​រំពង​ហៅ​គ្នី​គ្នា ខ្លះ​បាន​ចែវ​ខ្លះ​បាន​ច្រវា​ខ្លះ​បាន​ចន្លុះ​អុច​ព្រោង​ព្រាត រត់​យ៉ាង​ប្រញាប់​ជើង​ចុះ​ទូក​ស្រែក​បង្កូក​ហៅ​ចៅ​ហេម​ស័យ​ពុំ​ឮ​ឆ្លើយ រក​ពុំ​ឃើញ​សោះ ចាញ់​ចំណេះ​ក៏​វិល​ត្រឡប់​មក​ភូមិ​វិញ ។

              បាន​ប្តី​រូប​ឆោម​ល្អ​ពេក គួរ​ផ្តេក​ផ្តិត ទាល់​ទេ​កម្ម​មក​ផ្តាច់​ឲ្យ​ញ្រត់​ពី​គ្នា​មួយ​រំពេច ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រដៅ​សត្វ​ឲ្យ​ខំ​គេច​ចេញ​ពី​វដ្តសង្សារ ដែល​ជា​ទី​ជោរ​ធន់​នូវ​ទុក្ខ បង់​ហេម​ស័យ​អើយ​មិន​គួរ​ចាក​ចោល​ប្អូន​ឲ្យ​នៅ​ម្នាក់​ឯង​សោះ ស្រណោះ​អើយ​ស្រណោះ ពេក​ដេក​អ្នក​ដឹក​ដៃ​ប្អូន​ចូល​បន្ទប់ លើក​ប្អូន​ដាក់​លើ​គ្រែ ថ្នម​ប្អូន​មិន​ឲ្យ​អាក់​អន់​មួយ​រាត្រី ដល់​ព្រះ​សុរិយា​ស្វាង​អរុណោទ័យ អ្នក​ដាស់​ប្អូន​នាំ​គ្នា​ត្រសង​ទៅ​លុប​លាង​កាយ ពេល​បាយ​អ្នក​ពុំ​ដែល​ពី​សា​ចោល​ប្អូន​ឡើយ ។

              នាង​យំ​សង្រេង​សង្រៃ​ក្នុង​វេលា​យប់​នោះ ដល់​មាតា​នឹង​ភ្ញាក់​ចាក​និទ្រា​កាល​ណា ក៏​ចូល​ទៅ​លួង​លោម​កូន​ថា​ កូន​អើយ​នាង​កុំ​យំ​ពេក​ធ្វើ​ម្តេច​កូន​សាង​អាក្រក់​ពី​ជាតិ​មុន​មក ទើប​ជាតិ​នេះ​កូន​លំបាក​បែប​ហ្នឹង​មិន​តែ​រូប​កូន​ឯង​ទេ គ្រប់​រូប​ទាំង​អស់ តែង​ព្រាត់​ប្រាស​ភរិយា​នឹង​ស្វាមី​ញ្រត់​ស្លាប់​ក៏​មាន​ ព្រាត់​ទាំង​រស់​ក៏​មាន​ណ្ហើយ​កាត់​ចិត្ត​កាត់​ថ្លើម​ចេញ​ទៅ​ចាំ​ម្តាយ​ជូន​កូន​ទៅ​រក​តា​អាចារ្យ​គាំ​សំណាក់​ធម៌ មើល​តើ​ប្តី​នាង​ស្លាប់​ឬ​រស់ ។

              នាង​ម៉ាល៉ា​បាន​ស្រាល​ទុក្ខ​បន្តិច ទៅ​យក​ធូប​ទៀន​ដាក់​ជើង​ពាន​ម្តាយ​នាំ​ដើរ​ដំដៅ​ទៅ​ផ្ទះ​តា​អាចារ្យ​គាំៗ ឃើញ​ភ្ញៀវ​មក​ដល់​ប្រឹង​កន្រ្តាក់​កន្ទេល​មក​ក្រាល ស្រែក​ហៅ​នាង​ម៉ុក​ជា​ភរិយា​ក្រមុំ​ឲ្យ​យក​ប្រអប់​ស្លា​មក​ដាក់ សាក​សួរ​រាក់​ទាក់​នាង​បុច្ឆា​ជាន់​នឹង​នាង​ម៉ាល៉ា នាង​បុច្ឆា​ជាន់ថ្លែង​ទុក្ខ​របស់​កូន​ខ្លួន​ស្រេច​ហើយ សូម​ឲ្យ​លោក​តា​ចង្អុល​ធម៌​តាម​មើល​ចៅ​ហេម​ស័យ តើ​ស្លាប់​ឬ​រស់​នៅ​ឡើយ តាគាំ​ដឹង​ថា លាភ​មក​ដល់​ធ្វើ​ទឹក​មុខ​ញញឹម​ស្ងួត​ថា ឱអាណិត​នាង​ពេក ខ្លួន​នៅ​ក្មេង​ស្រស់​ស្រងាំ កុំ​ភ័យ​ចាំ​តា​ភាវនា​តាម​ប្តី​នាង​មើល ប៉ុន្តែ​ធម៌​តា​មិន​ថោក​ទេ​ថ្លៃ​ណាស់ សំណាក់​ម្តងៗ​តោង​មាន​ទៀន​៥​ធូប ៥​ផ្កា​៥ លាជកន្ទោង សំពត់​សដប់​ហត្ថ ប្រាក់​កន្លះ​ណែន ។

              ម៉ាល៉ា ចាស អស់​ប៉ុន្មាន​ក៏​អស់​ចុះ តែ​ខ្ញុំ​គ្មាន​សំពត់​ស​ជាប់​មក​ទេ​នឹង​ទៅ​រក​ទិញ​ក៏​បាន តែ​យូរ​ពេក បើ​ដាក់​ប្រាក់​ជួស​បាន​ឬ​ទេ ។

              តាគាំ អើ​យក​ប្រាក់​ដាក់​ជួស​សំពត់​សរិត​តែ​ល្អ​ណាស់ហើយ​ នាង​ទាំង​ពីរនាក់​នៅ​ចាំ​តា​ខាង​ក្រៅ តា​ទៅ​ធ្វើ​មនស្សការ​ថ្វាយ​បង្គំ​រំលឹក គុណ​គ្រូ​អាចារ្យ គុណ​ព្រះ​ពុទ្ធ​ព្រះ​ធម៌ ព្រះ​សង្ឃ រួច​ស្រេច​តា​តាំង​ចូល​ក្នុង​បឋមជ្ឈាន បឋម​ជ្ឈាន​បាន​ហើយ ឈាន​ទៅ​រក​មើល​ក្នុង​ស្ថាន​នរក ប្រេត​អសុរកាយ ស្ថាន​សួគ៌​ទាំង​៦​ជាន់ ឈាន​ចូល​ទៅ​មើល​ក្នុង​ទឹក ក្រែង​ជួន​ឃើញ​ចៅ​បេស័យ ។

              ម៉ាល៉ា តាម​តែ​តា​មេត្តា​ចុះ ។

              តា​គាំ កុំ​បារម្ភ ឈាន​តា​ពូកែ​ណាស់ ។

              តា​គាំ​គាត់​ស្លៀក​ស ពាក់​ស ពានាស បើក​ទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់​ពែន​ភ្នែន​មុខ​គ្រែ​ព្រះ​ធម៌ អុច​ធូប​បី​សរសៃ​រ៉ុយៗ ធ្វើ​មាត់​អូចៗ ហាក់​ដូច​ជា​លួច​ជេរ​គេ ដល់​បាន​មួយ​ស្របក់​ដោយ​គាត់​ដេក​ពុំ​បាន​ពី​យប់​មុន តា​គាំ​ក៏​លក់​ស្រុមុក ឃូៗ ទាំង​អង្គុយ​ហើយ​យល់​និមិត្រ​ឃើញ​ជា​សត្វ​ក្រពើ​មួយ ពាំ​មនុស្ស​ម្នាក់​ហែល​កាត់​ទន្លេ​ដល់​ទៅ តា​គាំ​ភ័យ​ណាស់​ភ្ញាក់​ក្រញាង​ឡើង​យក​ទឹក​លុប​មុខ មួរ​បារី​ស្លឹក​សង្កែ​មួយ​យ៉ាង​ធំ​ជក់ ទើប​ចេញ​មក​ខាង​ក្រៅ​ធ្វើ​អែះ​មែះ មើល​ទៅ​នាង​ម៉ាល៉ា​ហើយ​គ្រវី​ក្បាល។

              នាង​ម៉ាល៉ា​សួរ​តា​គាំ​ថា ឃើញ​ដូច​ម្តេច​ខ្លះ ។

              តាគាំ​ថា ការ​នេះ តា​ពុំ​ចង់​និយាយ​ទេ ក្រែង​ចៅ​កើត​ទុក្ខ ចៅ​អើយ​ប្តី​ចៅ​សព្វ​ថ្ងៃ​នេះ នៅ​ក្នុង​ពោះ​ក្រពើ​ស្លាប់​បាត់​ទៅ​ហើយ ល្ហើយ​កុំ​សោក​ស្តាយ​អី ខំ​តែ​ធ្វើ​បុណ្យ​ឲ្យ​ទាន​ផ្សាយ​ផល​ឲ្យ​គ្នា​ទៅ ធ្វើ​ម្តេច​ការ​ស្លាប់​ព្រាត់​ប្រាស​គ្នា​នេះ​គ្នា​បុគ្គល​ណា​ចៀស​រួច​ទេ ។

              នាង​ម៉ាល៉ា​ឮ​តែ​ថា ប្តី​ស្លាប់​ទៅ​ហើយ​ក៏​បោក​ក្បាល​ទៅ​លើ​ជញ្ជាំង​ផ្ទះ ឮសូរ​គ្រាំងៗ ស្រែក​ទ្រហោយំ​ទួញ​ក្តែងៗ គួរ​ឲ្យ​វេទនា​ដល់​ត្រចៀក​អ្នក​ស្តាប់​ពេក​ណាស់ នាង​បុច្ឆា​ជាន់​ជា​ម្តាយ ស្ទុះ​ទៅ​ត្រកង​កូន​និយាយ​បញ្ចុះ​បញ្ចូល​ឲ្យ​គិត​តាម​ផ្លូវ​ធម៌ ម៉ាល៉ា​រឹង​រិត​តែ​ស្រែក​ទ្រហោយំ​ទៀត​គ្មាន​ស្រាក​ដល់​ក្បាល​ព្រលប់​ស្រ្តី​ទាំង​បីរ​នាក់​ត្រឡប់​មក​ផ្ទះ​វិញ នាង​ម៉ាល៉ា​កោរ​សក់​ស្លៀក​ស​កាន់​ទុក្ខ​ប្តី​តាម​លំអាន​អំពី​បុរាណមក រក្សា​សីល​ធ្វើ​បុណ្យ​បរិច្ចាគ​ទាន​ឲ្យ​បាន​ទៅ​ប្តី​រៀង​រាល់​ទិវា​គ្មាន​ឈប់ ។

              ចៅសន្ថា កាល​ណា​បាន​ដឹង​ថា​នាង​ម៉ាល៉ា​មេ​ម៉ាយ​ហើយ​នឹក​ត្រេក​អរ​ណាស់​ថា ឱនាង​ម៉ាល៉ា​អើយ នាង​ចំជា​គូរ​ព្រេង​របស់​បង​មែន​ពិត ហេតុ​នេះ​ប្រុស​ណា​មក​កន្លង​ខ្លួន​នាង​ពុំ​បាន​យូរ​ប៉ុន្មាន​ទេ គង់​តែ​ចែក​ស្ថាន​គ្នា​បើ​ខ្លួន​បង​វិញ នឹង​បាន​ជួប​ជុំ​រហូត​ដល់​ស្លាប់​រៀង​ខ្លួន ម៉្លេះ​ហើយ​បង​ស៊ូ​ដណ្តឹង​ម្តង​ទៀត យក​ប្អូន​ឲ្យ​ទាល់​តែ​បាន ។

              គិត​ស្រេច​វេលា​ណា ចៅ​សត្ថា​ទៅ​ក្រាប​សំពះ​ជំរាប​មាតាបិតា​ខ្លួន​តាម​ដំណឹង​អំពី​រឿង​នាង​ម៉ាល៉ា​ថា ឱលោក​ឳពុក​លោក​ម្តាយ​ដ៏​ចម្រើន​អើយ ខ្ញុំ​បាទ​មាន​កម្ម​ក្រាស់​ណាស់​នឹង​នាង​ម៉ាល៉ា ចិត្ត​កូន​នៅ​តែ​ស្រឡាញ់​នោះ​នេះ គ្មាន​ភ្លេច​សោះ មេម៉ាយ​ក៏​ដោយ សូម​លោក​ឳពុក​លោក​ម្តាយ​រៀប​បណ្ណាការ​ចូល​ដណ្តឹង​នាង​នេះ​ម្តង​ទៀត​ឲ្យ​ខ្ញុំ​កុំ​ខាន បើ​មិន​បាន ច្បាស់​ជា​ជីវិត​កូន​សូន្យ​ជាន់​នឹង​ហើយ ។

              លោក​សេនា​វិជ័យ​នឹង​ភរិយា​អាណិត​កូន​ខ្លោច​ចិត្ត ហៅ​ពួក​ចាស់ៗ​បាន​ដប់​នាក់​ឲ្យ​នាំ​បណ្ណាការ មាន​វត្ថុ​គ្រប់​មុខ​ដ៏​មាន​ដំឡៃ​ឲ្យ​ទៅ​និយាយ​ដណ្ដឹង​នាង​ម៉ាល៉ា ។

              សីណា​នឹង​បាង​បុប្ផា​ផាន់ កាល​បាន​ឃើញ​ភ្ញៀវ​មក​ពេញ​ផ្ទះ​ត្រៀប​ត្រា​យក​ទាំង​របស់​មក​ពោរ​ពេញ ក៏​ទៅ​ជា​ស្រឡាំង​កាំង ប្តី​រត់​ទៅ​រក​កន្ទេល​មក​ក្រាល​ប្រពន្ធ​ទៅ​កន្រ្តាក់​ប្រអប់​ស្លា នឹង​កន្ទេល​មក​ដាក់​ពួក​ចាស់​ទុំ​នាំ​គ្នា​សំពះ​ជំរាប​សួរ ឲ្យ​គួរ​សម​តាម​ច្បាស់​ហើយ​និយាយ​ថា យើង​ជា​អ្នក​បម្រើ​របស់​លោក​សេនាវិជ័យ លោក​មាន​ចិត្ត​ចង់​ចង​ស្ពាន​មេត្រី​នឹង​អ្នក ប្រើ​យើង​មក​ឲ្យ​ដណ្តឹង​ម្តង​ហើយ តែ​មិន​កើត​ដោយ​សេចក្តី​ទាក់​ទាម​គ្នា ឥឡូវ​នេះ​លោក​សូម​ឲ្យ​ង្នក​លៃ​លក​ឲ្យ​ខាង​តែ​បាន នែ​អ្នក​ លោក​សេនា​វិជ័យ លោក​មាន​សិក្តិ​ដប់​ពាន់ ប្រាក់​លោក​យ៉ាង​តិច​ត្រឹម​ពីរ​ហ្មឺន​ណែន សម្បត្តិ​សម្បូណ៌​មនុស្ស​ម្នា​បរិវារ​លោក​ច្រើន​រាប់​ពុំ​អស់​ទេ លោក​មាន​កូន​ប្រុស​តែ​មួយ​រូប​រាង​ក៏​ល្អ​ចំណេះ​ក៏​បាន ការ​អស់​នេះ​មិន​គួរ​យើង​ថ្លែង​ជំរាប​ទេ ពី​ព្រោះ​អ្នក​ក៏​បាន​ជ្រាប​សព្វ​គ្រប់​អស់​ហើយ នាយ​សត្ថា​ស្រឡាញ់​កូន​អ្នក​នោះ​ណាស់​មេម៉ាយ​ក៏ដោយ​ក៏មិន​គិត ចំណែក​ខ្លួន​យើង​វិញ បើ​មាន​កូន​ស្រី​រូប​ឆោម​ល្អ​ដូច​កូន​អ្នក យើង​មិន​បាច់​ឲ្យ​អំពល់​ច្រើន​ទេ លើក​ឲ្យ​នាយ​សត្ថា​មួយ​រំពេច​ដេក​ស៊ី​តែ​បុណ្យ​កូន​ស្រី​បាន​មួយ​អាយុ​ទៅ​ណា​សុទ្ធ​តែ​គេ​សែង ជើង​លែង​ជាន់​ដី​ហើយ ប៉ុន្តែ​យើង​គ្មាន​សំពាយ​ផ្ទះ​បុណ្យ​ពី​ជាតិ​មុន​មក មាន​កូន​សុទ្ធ​តែ​ខ្លៅៗ ក្រញេស សក់​ក្រញាញ់​រួញ​ក្រញាស ប្រុស​ខ្ពើម​ទាំង​ជិត​ផង ។

              សីណា បែរ​កែះ​ប្រពន្ធ​និយាយ​ថា ម្តេច​ម៉ែ​មី​នាង ទៀត​ហើយ កាល​ពី​ជាន់​មុន​បង​បណ្តោយ​តាម​ចិត្ត​បាន​ជា​វា​ខូច​ចោល​បង់​សៀតទៅ ឥឡូវ​នេះ​នុណ្យ​យើង​មក​ដល់​ទៀត​ហើយ តើ​ប្អូន​ចង់​ទៅ​ក្នុង​ភក់​ល្បាប់​ដដៃ​ហ្នឹង ឬ​ចង់​ខ្ពស់​ដូច​បង​ដែរ ឬ​អី ។

              បុប្ផា​ផាន់-ខ្ពស់ៗ​ប្រយ័ត្ន​ក្រែង​ធ្លាក់​កប់​ភក់ ។

              សីណា-ទទៀត​ហើយ អ្នក​ទាំង​អស់​គ្នា​ស្តាប់​ចុះ កាល​ជាន់​មុន​ខ្ញុំ​ព្រម​ឲ្យ​នាយ​សត្ថា ម៉ែ​មី​នាង​គេ​ប្រកែក ខ្ញុំ​ក៏​ព្រម​តាម​ទាល់​តេ​រហេម​រហាម​ព្រាត់​គ្នា​អស់​រលីង ស្រី​តែ​មិន​យក​ពាក្យ​ប្រុស ច្បាស់​ជា​រក​សម្ពត់​ស្លៀក​គ្មាន​ទេ ។

              បុប្ផា​ជាន់-សម្ពត់​ខ្ញុំ​ចុក​ហឹប​ស្លៀក​មិន​អស់

              សីណា-​អញ​ចំជា​កម្ម​ក្រាស់​បាន​ប្រពន្ធ​មួយ​ខុស​គេ​ខុស​ឯង​មួយ​ជាន់​នេះ​អញ​ប្រាប់​ឲ្យ​ស្រេច បើ​យក​មី​ម៉ាល៉ា​ឲ្យ​នាយ​សត្ថា​ពុំ​បាន អញ​កោរ​ក្បាល​ចូល​វត្ត បួស​ជា​លោក​សង្ឃ​លែង​សឹក​រហូត ។

              បុប្ផាផាន់-​បើ​បង​បួស​ជា​លោក​សង្ឃ ខ្ញុំ​បួស​ជា​យាយ​ជី​ដែរ ពេល​ឆាន់ៗ ជា​មួយ​គ្នា ពេល​សឹង​យាយ​ជី​ខ្ញុំ​ច្បាស់​ជា​សឹង​ជា​មួយ​នឹង​………………..ហើយ ។

              សីណា-​នេះ​ចំជា​ស្រី​បំផ្លាញ​សាសនា ។

              បុប្ផា​ផាន់-ចាស ខ្ញុំ​បំផ្លាញ​តែ​សាសនា​បង​ឯង តែ​ត្រង់​ព្រះពុទ្ធ​សាសនា ខ្ញុំ​ពុំ​ហ៊ាន​បំផ្លាញ​ទេ​សូម​បង​កុំ​តូច​ចិត្ត​អ្វី ខ្ញុំ​ចំអន់​លេង​ទេ​តើ​ ខ្ញុំ​គិត​ការ​នេះ​រឿយៗ​មក​ហើយ កូន​យើង​មេ​ម៉ាយ​ទៅ​ហើយ​គួរ​ផ្សង​សំណាង​វាសនា ប្រថុយ​ឲ្យ​នាយ​សត្ថា​ទៅ​ចុះ ក្រែង​ជួន​ប្រកប​ដោយ​នូវ​សិលា​ទិគុណ បុណ្យ​ជួយៗ​វា​ឲ្យ​បាន​សុខ​សាន្ត​យូរ​អង្វែង​ទៅ ។

              សីណា-​អើល្មម​តែ​គ្នា​ខឹង​ទៅ​ហើយ បាន​ប្រាប់​ថា​ចំអន់………ចំអន់​លេង​ទេ លេង​នេះ​លេង​អាក្រក់ ការ​ប៉ុន​ភ្នំ​មក​ធ្វើ​លែង​កណ្តាល​ហ្វូង​លោក​អ្នក​ទាំង​អស់​គ្នា​មើល​ចុះ ប្រពន្ធ​ខ្ញុំ​លេង​អើយ​លេង ។

              ការ​នេះ សូម​លោក​អ្នក​អញ្ជើញ​ទៅ​ជំរាប​លោក​សេនា​វិជ័យ​វិញ​ចុះ​ថា​យើង​ខ្ញុំ​ទាំង​ពីរ​នាក់​រាប់​អាន​ស្រឡាញ់​លោក​ណាស់ ទាំង​កូន​លោក​ក៏​យើង​ស្រឡាញ់​ចូល​ចិត្ត​ចង់​បាន​ធ្វើ​ជា​កូន​ប្រសា​ដែរ តែ​យើង​ខ្ញុំ​ពុំ​ទាន​បាន​សួរ​ចិត្ត​កូន​ស្រី​នៅ​ឡើយ បើ​វា​ថា​យ៉ាង​ណាៗ សិម​ខ្ញុំ​ជូន​ដំណឹង​ជា​ក្រោយ​មិន​ខាន តែ​ឲ្យ​លោក​សង្ឃឹម​ថា ដប់​បាន​ទាំង​ដប់ ពី​ព្រោះ​នំ​មិន​ដែល​ធំ​ជាង​នាល ជាល​មិន​ធំ​លើស​សង្រែក ។

              ពួក​យាយ​តា ចាស់​ទុំ នាំ​គ្នា​ទៅ​ជំរាប​លោក​សេនា​វិជ័យ​សព្វ​គ្រប់​ប្រការ លោក​សេនា​វិជ័យ​ត្រេក​អរ​ណាស់ ហៅ​កូន​ប្រពន្ធ​មក​ប្រាប់​ឯ​នាង​បុប្ផា​ជាន់ នឹង​សីណា ដល់​ភ្ញៀវ​ចុះ​បាត់​ទៅ ក៏​នាំ​គ្នា​ចូល​បន្ទប់​ឯ​នាង​បុប្ផា​ជាន់ នឹង​សីហា ដល់​ភ្ញៀវ​ចុះ​បាត់​ទៅ ក៏​នាំ​គ្នា​ចូល​បន្ទប់​នាង​ម៉ាល៉ាៗ កំពុង​ទេ​ដេក​ភ្ញាក់​ឡើង​ម្នី​ម្នា​អង្គុយ​បត់​ជើង​ចំពោះ​មុខ​ឳពុក​ម្តាយ ។

              សីណា-​នែកូន​ស្រី​ឳពុក ក្នុង​ខណៈ​នេះ​តោង​កូន​ស្តាប់​ពាក្យ​ឳពុក​ឲ្យ​បាន​រមែន​ទែន ខ្លួន​កូន​មេ​ម៉ាយ​កំព្រា​ស្លាប់​ប្តី​ជា​ការ​មិន​ល្អ​មើល​ទេ ប្រុសៗ​វា​ដឹង​ថា នង​នៅ​តែ​ម្នាក់​ឯង វា​មើល​ងាយ​មួយ​ទៀត​ទ្រព្យ​សម្បត្តិ​យើង​សព្វ​ថ្ងៃ​កាន់​តែ​ទន់​ថយ​ណាស់​ទៅ​ហើយ ឆ្នាំ​នេះ​ស្រែ​ចម្ការ​ក៏​ខាន​ធ្វើ​រវល់​តែ​ដេក​ជូត​ទឹក​ភ្នែក ឥឡូវ​នេះ​នាយ​សត្ថា​មិន​ដាច់​ចិត្ត​នឹង​កូន​សោះ​ឡើយ គេ​បាន​យក​ជំនួន​យ៉ាង​សន្លឹក​ពេញ​មួយ​កំណាត់​ផ្ទះ​មក​ឲ្យ​កូន​ឳពុក​សូម​អង្វរ​នាង​កុំ​ឲ្យ​ប្រកែក ។

              ម៉ាល៉ា​បាន​ឮ​ហើយ ហាក់​ដូច​ជា​គេ​យក​លំពែង​មួយមក​ចាក់​កណ្តាល​ឱរ៉ា​ស្រែក​យំ​ថា ហេតុ​តែ​ឯង​មេ​ម៉ាយ បាន​គេ​មើល​ងាយ​បែប​ហ្នឹង ប្តី​ឯង​ស្លាប់​មិន​ទាន់​បាន​ប៉ុន្មាន​ខែ វា​ហ៊ាន​មក​ឆា​ឆៅ​ទៀត ចំជា​មនុស្ស​ព្រហើន​ថ្វី​បើ​វា​មាន​ប្រាក់​ច្រើន អញ​មិន​ដែល​ខ្ចី​វា​ចាយ​កាល​ណា ។

              លោក​ឱពុក​អើយ មេ​ម៉ាយ​ឯទៀត​ច្រើន​តែ​ប្រុស​បៀត​បាន ឯមេ​ម៉ាយ​ខ្ញុំ ប្រុស​ជិត​មិន​បាន​ទេ កុំ​ថា​នាយ​សត្ថា​មាន​បុណ្យ​សម្បត្តិ​ចំណេះ​ប៉ុណ្ណេះ​មាន​ច្រើន​ជាង​ណឹង​ដប់​ភាគ​ខ្ញុំ​ក៏​ពុំ​ស្បិត​ផង ខ្ញុំ​សព្វ​ថ្ងៃ​នឹក​តែ​ខ្មោច​ប្តី​ខ្ញុំ​សូម លោក​ឳពុក​ជ្រាប ។

              សីណា-ព្រះ​អើយ​ព្រះ​មី​នេះ​ចំជា​មេម៉ាយ​ភ្លើង មិន​មែន​ជា​មេម៉ាយ​ទឹក លូក​មិន​បាន​ទេ​រលួយ កាល​ពី​ដើម​ស្មាន​ថា វា​កូន​ឯង​ពិតៗ​ឥឡូវ​ទើប​នឹង​ដឹង​ជាន់​នេះ នៃ​ម៉ាល៉ា ឯង​ហើយ​នឹង​អញ​ក៏​ល្មម​ដែរ ប្រឹង​បង្កើត​ប្រឹង​ចិញ្ចឹម តាំង​ពី​តូច​ដល់​មាន​ប្តី​រហូត​ដល់​មេម៉ាយ​ទៀត និយាយ​ការ​ប៉ុណ្ណឹង​ឯង​មិន​ខ្ចី​ស្តាប់ យើងល្មម​ឈប់​ហៅ​ឳ ហៅ​កូន​ត​ទៅ​ទៀត ។

              ម៉ាល៉ា-​សូម​ទោស​លោក​ឳពុក ការ​ឯទៀតៗ​កូន​ចេះ​តែ​ស្តាប់ តែ​ត្រង់​រឿង​នេះ កូន​សូម​ចិត្ត​មួយ​ត្រា ។

              សីណា- មិន​តែ​មួយ​ត្រា​ទេ ពី​ត្រា​មក​ហើយ ឯង​ដឹង​ខ្លួន​ទេ ។

              ម៉ាល៉ា ចាស មែន​ហើយ តែ​គឺ​រឿង​ដដែលៗ​មនុស្ស​យើង​គ្រប់​រូប​ប្រាថ្នា​សេចក្តី​សុខ តែ​ខ្យល់​វាសនា​បក់​ជូន​ខុស​ជួន​ត្រូវ​តាម​យថាកម្ម ខ្ញុំ​ក៏​ដឹង​ទុក្ខ​របស់​លោក​ឳ លោក​ម៉ែៗ​កាន់​តេ​ខ្សត់​ខ្សោយ​ទ្រព្យ​សម្បត្តិ រឹត​តែ​ចាស់​ទៅ​ទៀត​ផង ការ​ចិញ្ចឹម​ជីវិត​ធានា​នៅ​លើ​ខលួន​កូន ស៊ូ​ទូល​កញ្ជើ​លក់​តប​ស្នង​សង​គុណ​មាតា​បិតា​វិញ ។

              សីណា- អើ ខាង​ឯរបៀប​កញ្ចះ​គេ​ឯង​ចេះ​គ្រប់ ឯ​ឫក​ពា​ថ្លៃ​ថ្នូរ នៅ​តែ​លើ​ផ្ទះ​ផាត់​ម្សៅ សិត​សក់ តុប​តែង​កាយ​ឲ្យ​តែ​ប្តី​ស្រឡាញ់ គេ​ហៅ​សុទ្ធ​តេ​លោក​ស្រីៗ​ឯង​មិន​ចង់ នេះ​ចំជា​ពូជ​ជ្រូក កុំ​ថា​ឯង​រក​ស៊ី​មួយ​ថ្ងៃ​បាន​ពីរ​បី​ស្លឹង បាន​ដល់​មួយ​ណែន អញ​ក៏​មិន​ខ្ចី​ស៊ី​កម្លាំង​ឯង​ផង អញ​ហើយ​នឹង​ឯង អស់​ជា​គ្នា​ត្រឹម​ណឹង​ហើយ ។

              បុច្ផាផាន់ កូន​ម៉ែ នាង​កុំ​ប្រកែក​ក្រែង​បែក​ការ​ធំ តោង​កូន​អាសូរ​ទ្រង់​ម្តាយ​ផង សព្វ​ថ្ងៃ​ម្តាយ​ចំបែង​ចិត្ត​ណាស់ បាន​កូន​មួយ​អភ័ព្វ​អ្វី​ម្ល៉េះ​ការ​ដែល​ស្មាន​ថា​ត្រូវ ទៅ​ជា​ខុស​ទេ ។

              ម៉ាល៉ា ខ្ញុំ​បាន​ជំរាប​ម៉ែ​សឹង​តែ​រាល់​ថ្ងៃ​ថា កូន​លែង​យក​ប្តី​ទៀត​ហើយ ។

              បុច្ផា​ផាន់ បើ​កូន​ឯង​ប្រកែក ម៉ែ​វាយ​ឲ្យ​បែក​ខ្នង ។

              សីណា-វាយ​វា​ម្តង​ទៅ វាយ​ផ្តាំ រួច​បណ្តេញ​វា​ឲ្យ​ចុះ​ពី​ផ្ទះ​ឲ្យ​ឆាប់ តែ​សំពត់​អាវ​បន្តិច​កុំ​ឲ្យ​វា​ផង ។

              ម៉ាល៉ា-​ហេតុ​ដូច​ម្តេច​បាន​ជា​វាយ​បណ្តេញ​ខ្ញុំ​ៗ​ឮ​គេ​តែង​និយាយ​ថា​ក្រមុំ​ដណ្តឹង​ម្តាយ មេម៉ាយ​ដណ្តឹង​ចិត្ត ។

              សីណា-ច្បាប់​នេះ​មិន​ដឹង​របស់​ប្រុស​ណា​ទេ ឯច្បាប់​ប្រុស​នេះ​គេ​ថា ក្រមុំ​ដណ្តឹង​ម្តាយ មេម៉ាយ​ស្រេច​ទៅ​លើ​ឳពុក ។

              នាង​ម៉ាល៉ា ទុញ​ទាល់​គំនិត​ខ្លាច​ក្រែង​មាតា​បិតា​វាយ​នាំ​ឲ្យ​អាស្រូវ​បារ៉ាយ អង្គុយ​តែ​យំ​មិន​បរិភោគ​បាយ​ទឹក​ចំនួន​៣ ថ្ងៃ​ស្គម​ស្គាំង​ខ្លួន​ប្រាណ​ទន់​ល្វន់​ល្វាយ​អស់ ។

              នាង​បុប្ផា​ផាន់ឃើញ​កូន​មិន​និយាយ​ពី​រឿង​នោះ​ទៀត​ស្មាន​ថា កូន​ព្រម​តាម ក៏​ទៅ​ជំរាប​លោក​សេនាវិជ័យ ឲ្យ​ចាត់​ចែង​សង់​រោង​ក្នុង​ថ្ងៃ​ចន្ទ​ក្រោយ​នេះ នឹង​រៀប​មង្គល​ការ​កូន​ឲ្យ​ទាន់​ក្តៅ​ចិត្ត ការ​នេះ​ទុក​យូរ​មិន​បាន​ទេ​ លោក​សេនាវិជ័យ​មុខ​ញញឹម ចូល​ទៅ​ហៅ​ចៅ​សត្ថា​ឲ្យ​មក​សំពះ​សួរ​នាង​បុប្ផា​ផាន់ៗ​ឃើញ​កូន​ប្រសា​ហើយ​ក៏​ថ្លែង​ប្រាប់​ថា នែ​កូន​ប្រុស​ម្តាយ​គឺ​សំណាង​កូន​នឹង​មីនាង​ម៉ាល៉ា បាន​កសាង​ជា​មួយ​គ្នា​ក្រាស់​ក្រែល​ណាស់​ពី​អតីត​មក ម្តាយ​គ្រាន់​តែ​សួរ​ចិត្ត​វា​បន្តិច មុខ​វា​ឡើង​ញញឹម​ហើយ​តឿន​ឲ្យ​រៀបចំ​វា​ឲ្យ​ឆាប់​ផង ។

              សត្ថា-​យី​មែន​ឬ​អី​ម៉ែ ៕

              បុប្ផាផាន់-អ្នក​ណា​និយាយ​លេង ។

              សត្ថា-​សូម​លោក​ម៉ែ​មេត្តា​ប្រាប់​ប្អូន​ផង​ថា ខ្ញុំបាទ​រលឹក​ណាស់​មិន​យូរ​ប៉ុន្មាន​ទេ​គង់​តេ​បាន​ឃើញ​មុខ​គ្នា​ហើយ ។

              បុប្ផា​ផាន់-​មិន​អី​ទេ​ចាំ​ម្តាយ​ប្រាប់​វា​ឲ្យ ។

              រួច​ហើយ​ក៏​លា​លោក​សេនាវិជ័យ​ត្រឡប់​មក​ផ្ទះ​អាត្មាវិញ ។

              លោក​សេនាវិជ័យ ប្រើ​មនុស្ស​ប្រុស​៣០​នាក់​ទៅ​កាប់​ឫស្សី ដេរ​ស្លឹក​យក​មក​ធ្វើ​ប្រក់​រោង​ក្រសាល ចំនួន​៥​ខ្នង​វែងៗ រៀប​តុប​តែង​ចង​ផ្កា​នឹង​ស្លឹក​ឈើ​សម្រាប់​ទទួល​ភ្ញៀវ ចាត់​មនុស្ស​ឲ្យ​ទៅ​រក​ជួល​ភ្លេង​ចិន​-សៀម​-យួន -ចាម-កូឡា ចំនួន​៥​វង់​ទិញ​ជ្រូក ៣០ គោ ៣០ មាន់​១០០ ទា១០០ ស្រា​ស​៥០ ឧទិន ស្រា​ត្នោត​៥​ពាង នឹង​គ្រឿង​គ្រប់​យ៉ាង​ចាត់​ឲ្យ​អ្នក​ផ្លូវ​ចៅ​មហា​យក​គ្រឿង​មាស់​ប្រាក់​ពេជ្រ​សំពត់​អាវ​ហូល​ព្រែ​យ៉ាង​ថ្លៃៗ ទៅ​ជូន​នាង​ម៉ាល៉ាៗ ទទួល​យក​ដោយ​មុខ​ក្រៀម​ក្រំ គ្មាន​សប្បាយ​ក្នុង​ចិត្ត​សោះ នឹក​គិត​តែ​ចៅ​ហេម​ស័យ​មួយ ។

              ដល់​ថ្ងៃ​សូត្រ​មន្ត វេលា​ម៉ោង​ប្រាំ​ពីរ​យប់ ញាតិ​សាលោហិត​បង​ប្អូន​ជិត​ខាង​មក​ជួប​ជុំ ផឹក​ស្រា​ស៊ី​លៀង​សើច​លេង​ក្អាក​ក្អាយ ខ្លះ​ច្រៀង​ខ្លះ​ទះ​ដៃ ពួក​ភ្លេង​ប្រឹង​ក្រឡៃ​ខាត់​បទ​តាម​សម័យ​ថ្មី ឮ​សូរ​រងំ​យ៉ាង​ស្រងាត់ នាំ​ឲ្យ​ពួក​ក្រមុំ​កំឡោះ​យំ​យង់​បាន​គូ​ស្រករ​ឲ្យ​ឆាប់​ដូច​គេ ឲ្យ​ពួក​ពោះម៉ាយ​​នឹង​មេម៉ាយ​ខ្វល់​ខ្វាយ ចិត្ត​នឹក​ដល់​គ្រា​ក្រ​កំសត់​នឹង​ប្តី​ប្រពន្ធ មាន​តា​ចាស់​ម្នាក់​ស្រវឹង​ស្រា​ស្រែក​ច្រៀង​ថា៖

              ស្តាយ​អើយ​ស្តាយ​ខ្លួន​កាន់​តែ​ចាស់ សាច់​ស្វិត​ជ្រីវ​ណាស់​ទៅ​ហើយ​ណា ឃើញ​ពួក​ក្មេងៗ​រូប​សង្ហា កើត​ចិត្ត​ប្រាថ្នា​ចង់​ពិសម័យ ។ ស្តាយ​អើយ​ស្តាយ​មាស​ស្ងួន​ខ្លួន​ល្ងង គួរ​បី​ត្រកង​ឲ្យ​ពេញ​ដៃ ឆោម​អូន​ល្ង​ឆើត​យ៉ាង​វិល័យ មាស​ថ្លៃ​គួរ​បង​ផ្ញើ​ជីវ៉ា ។ ជីវិត​បង​មួយ​បង​គ្មាន​ស្តាយ ឲ្យ​បាន​រួម​កាយ​ជួប​ភត្រ្តា យូរ​ក្តី​ឆាប់​ក្តី​រៀប​ពុំ​ថា សូម​អូន​មេត្តា​ណា​ព្រលឹង ។ ព្រលប់​យប់​យូរ​ណាស់​ទៅ​ហើយ មាស​អើយ​ទ្រូង​បង​សែន​ណែន​តឹង​បង​រឹង​សញ្ជប់​រែង​សញ្ជឹង ទន្ទឹង​មើល​ផ្លូវ​កែវ​កនិដ្ឋា ។ បើ​ប្អូន​មាស​ស្ងួន​មិន​ប្រណី ស្រស់​ស្រី​ឲ្យ​រៀម​រង​ទុក្ខា សម​បង​នឹង​សាប​សូន្យ​ជីវ៉ា​ដោយ​សារ​ស្នាដៃ​ស្រី​ពុំ​ខាន ។

              ក្នុង​វេលា​ដែល​ជន​ទាំង​ឡាយ កំពុង​សប្បាយ​ពាស​ពេញ​រោង នាង​ម៉ាល៉ា​សឹង​តែ​សង្រេង​សង្រៃ​នឹក​អាល័យ​ដល់​ប្តី​ថា បង​ហេម​ស័យ​ម្ចាស់​ប្អូន​អើយ តាំង​ពី​ថ្ងៃ​នេះ​ទៅ​ហើយ​សម​ប្អូន​ខាន​ឃើញ​មុខ​បង​រហូត មាន​មារ​មក​ចង់​ជ្រៀត នាំ​ឲ្យ​ប្អូន​រឹត​តែ​ទុក្ខ​ក្រំ​ទៅ​ទៀត ម្ល៉េះ​ហើយ​ជីវិត​ប្អូន​នឹង​សូន្យ​ក្នុង​យប់​នេះ​ពុំ​ខាន​ទេ ។

              គិត​តែ​ប៉ុណ្ណោះ នាង​ម៉ាល៉ា​ចូល​ទៅ​ក្នុង​បន្ទប់​ទាញ​ដៃ​ប្អូន​ស្រី​ជីដូន​មួយ ឈ្មោះ​នាង​ហ្វាន់​យ៉ា​រក​ឲ្យ​ជូន​ទៅ​មាត់​ទន្លេ​មួយ​ភ្លែត ។

              មេឃ​ងងឹត​សូន្យ​ឈឹង ពពក​ពាស​ពេញ​លុប​បាត់​អស់​ពន្លឺ​ព្រះ​តារា​ទាំង​ឡាយ សព្វ​រៃ​យំ​រ៉ៃ​នៅ​ក្នុងគុម្ព​ស្មៅ ស្លឹក​ឈើ​ដែល​ស្រពោន​ស្រពន់​ក្នុង​វេលា​ថ្ងៃ​ រើប​រីក​រឹង​ឡើង​ដោយ​អំណាច​យប់​ត្រជាក់ នាង​ម៉ាល៉ា​ប្រឹង​ដើរ​យ៉ាង​លឿន​កុំ​ឲ្យ​អ្នក​ផង​ទាំង​ពួង​ឃើញ ដល់​ទៅ​កន្លែង​ដែល​ប្តី​នាំ​នាង​ទៅ​ងូត​ទឹក នាង​គក់​ទ្រូង​ស្រែក​យំ​ថា ឱបង​ហេម​ស័យ​អើយ ទី​នេះ​ហើយ​ដែល​ប្អូន​នឹង​បង​នាំ​គ្នា​មក​ប្រឡែង​លេង​សើច​ហ៊ោ​កញ្រ្ជៀវ ទី​នេះ​ហើយ​ដែល​យើង​និរាស​គ្នា ទី​នេះ​ហើយ​ដែល​ជីវិត​បង​មក​វិនាស​សូន្យ​ទី​នេះ ហើយ​ដេល​ជីវិត​ប្អូន​នឹង​វិនាស​តាម​បង​ឥឡូវ​នេះ ។ ឳសព្វ​រៃៗ​ឯង​អ្វី​ក៏​សប្បាយ​ណាស់ យំ​លេង​លាន់​ឮ​ទ្រហឹង មិន​ដូច​ខ្លួន​អញៗ កើត​ទុក្ខ​ស្ទើរ​តែ​ធ្លាយ​ទ្រូង​ជា ១០ ភាគ​ទៅ​ហើយ ព្រះ​គង្គា​អើយ​លោក​យក​ប្តី​ខ្ញុំ​ទៅ​ណា​បាត់​ទៅ បពិត្រ​អារុក្ខ​ទេវតា អ្នក​តា​ជិត​ខាង សូម​អ្នក​ជា​កសិណ​សាក្សី​របស់​ខ្ញុំៗ​មាន​ចិត្ត​ស្រឡាញ់​ឳពុក​ម្តាយ​ខ្ញុំ ប្តី​ខ្ញុំ ដូច​ខ្ញុំ​ស្រឡាញ់​រូប​ខ្ញុំ​ដែរ តែ​វេលា​នេះ​ខ្ញុំ​មាន​ទុក្ខ​ធ្ងន់​ធន់​ពុំ​បាន ដូច​មាន​ភ្នំ​មួយ​មក​សង្កត់​លើ​ដើម​ទ្រូវ ខ្ញុំ​ទ្រាំ​រស់​នៅ​ត​ទៅ​ទៀត​ពុំ​បាន​ទេ សូម​លោក​មើល​ថែរក្សា​មាតាបិតា​ឲ្យ​ខ្ញុំ​ផង ហើយ​ជាតិ​ក្រោយ​ខ្ញុំ​សូម​ឲ្យ​ជួប​តែ​បង​ហេម​ស័យ​ប្តី​កំសត់​របស់​ខ្ញុំ នៃ​មី​អូន​ហ្វាន់​យ៉ា សូម​អូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ យក​សំបុត្រ​មួយ​នេះ​ទៅ​ជូន​លោក​ឳពុក​ម្តាយ​បង​ផង បង​ខាន​ឃើញមុខ​ប្អូន​ហើយ ថា​តែ​ប៉ុណ្ណោះ នាង​ម៉ាល៉ា​លោត​ទំលាក់​ខ្លួន​ប្រូង​ទៅ​ក្នុង​ទន្លេ​ទឹក​កំពុង​តែ​ហូរ ។

              នាង​ហ្វាន់​យ៉ា​ឃើញ​ដូច្នោះ​ហើយ តក់​ស្លុត​ភិត​ភ័យ​រត់​ទៅ​ស្រែក​ប្រាប់​ពួក​ចាស់​ទុំ​ដេល​កំពុង​សើច​លេង​ក្អាក​ក្អាយ​ក្នុង​រោង​កា ប្រឹង​ស្រាយ​សំបុត្រ​ពី​ក្រមា​ហុច​ទៅ​ឲ្យ​ឳពុក​ម្តាយ​នាង​ម៉ាល៉ា ចៅ​សីណា-ហែក​សំបុត្រ​ឃើញ​សេចក្តី​ថា៖

              ទម្ងន់​អ្វី​ពុំ​ស្មើ​នឹង​ទម្ងន់​គុណ​មាតា​បិតា ទុក្ខ​អ្វី​ពុំ​ស្មើ​ទុក្ខ​ព្រាត់​ប្រាស​សង្សារ កម្លាំង​អ្វី​មិន​ក្លា​លើស​កម្លាំង​កាម​គុណ គ្រឿង​សស្រ្តា​វុធ​ទាំង​ឡាយ​អាច​កាត់​ដាច់​បាន​តែ​វត្ថុ​រឹងៗ ឯចិត្ត​វិញ​មុត​លើស​សស្រ្តាវុធ​នានា ហេតុ​នេះ​កូន​សូម​លា​លោក​ឳពុក​លោក​ម្តាយ​សិន​ហើយ ។

              ជន​ទាំង​អស់​គ្នា​ស្រែក​ឆោឡោ​ស្ទុះ​រត់​ទៅ​មាត់​កំពង់​កន្រ្តាក់​ទូក​អុំ​ឆ្វាត់​ឆ្វែង​ពេញ​ទន្លេ ស្រែក​ហៅ​នាង​ម៉ាល៉ា ។

              លោក​សេនាវិជ័យ ចៅ​សីណា នាង​បុប្ផាផាន់ ទឹក​ភ្លៀក​ហៀរ​ល្ហែង​តាម​ជើង​កំពង់​ស្រែក​ហៅ កូន​អើយ​កូន មេ្តច​នាង​គ្មាន​អាល័យ​យើង​សោះ​កូន​ទៅ​ណា​ទៅ ពៅ​មក​អាយ​រ៉ា​អាណិត​មាតា​បិតា​ផង ។

              នាំ​គ្នា​រក​មួយ​យប់​ទាល់​ភ្លឺ ក៏​ពុំ​ឃើញ​ដាន​ស្នាម​នាង​ម៉ាល៉ា​ឡើយ ។

              ចៅ​សត្ថា​ដឹង​ថា នាង​ម៉ាល៉ា​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​ដូច្នោះ​ហើយ​ក៏​សន្លប់​បាត់​ស្មារតី ដល់​ដឹង​ខ្លួន​ឡើង​វិញ ប្រឹង​ដើរ​នេត្រា​គយ​គន់​មើល​ប្រពន្ធ​ក៏​ពុំ​ឃើញ ដើរ​តាំង​ពី​ព្រលឹម​ដល់​ព្រលប់​យំ​សស្រាក់​ពុំ​ឈប់​ឈរ​ដល់​មក​ដើម​គគីរ​មួយ​យ៉ាង​ធំ ចៅ​សត្ថា​អង្គុយ​ផ្អែក​ទៅ​លើ​ដើម​ឈើ​នោះ​ហើយ​ដក​ដង្ហើម​ធំ​គិត​រំពឹង​ក្នុង​ខ្លួន​ថា ឱអាត្មា​អញ​អើយ​មិន​គួរ​បែប​នេះ​ទេ​កាល​ជាតិ​មុន​ច្បាស់​ជា​អញ​ពង្រាត់​សត្វ ទើប​បាន​ជាតិ​នេះ​អញ​មក​បែក​ពី​នាង​ម៉ាល៉ា​ស្រី មិន​ទាន់​បាន​ប៉ះ​ពាល់​កាយ​គ្នា​បន្តិច​សោះ មក​ព្រាត់​ពី​គ្នា​ស្រស់ៗ​អញ​មិន​អស់​ចិត្ត​ទេ កម្ម​អ្វី​អាក្រក់​ដល់​ម៉្លេះ នៅ​រស់​បាន​ប្រយោជន៍​អ្វី ប្រាស​ស្រី​ស្ទើរ​ស្រាត​កណ្តាល​វាល គួរ​អញ​ប្រហារ​ជីវិត​ឲ្យ​ស្លាប់​តាម​គ្នា​ទៅ រស់​នៅ​ក៏​អាម៉ាស់​មុខ​ទុក្ខ​ធ្ងន់​ណាស់​ដែរ ។

              មើល​ឃើញ​ដុំ​ដែក​មួយ​ស្រួច​នៅ​ជិត​ដៃ ចៅ​សត្ថា​ចាប់​យក​នូវ​ដុំ​ដែក​នោះ ប្រឹង​ប្រតោង​ឡើង​ដើម​គគីរ សរសេរ​លើ​សំបក​ឈើ​នោះ​តាំង​អំពី​គល់​រហូត​ដល់​ចុង សេចក្តី​ថា៖

“កាម​គុណ​សម្លាប់​សត្វ​លោក”

              ឡើង​ផុត​ចុង​ឈើ សរសេរ​រួច​សេចក្តី​នេះ​កាល​ណា​ចៅ​សត្ថា​ធ្មេច​ភ្នែក​លោត​បោក​ខ្លួន​ពី​លើ​ធ្លាក់​មក​ដល់​ដី​ក៏​ស្លាប់​មួយ​រំពេច​ទៅ ។

              លោក​សេនា​វិជ័យ ដល់​បាត់​កូន​ទាល់​ល្ងាច​ពុំ​ឃើញ​វិល​មក​ផ្ទះ​វិញ​សង្ស័យ​ក្នុង​ចិត្ត​ណាស់​ទើប​ប្រើ​កូន​ក្មួយ​ឲ្យ​ជួយ​រក​មើល ដើរ​ស៊ើប​សួរ​គ្រ​ភូម​គ្រប់​ផ្ទះ​មិន​បាន​ប្រទះ​ឃើញ​សោះ ចូល​ទៅ​រក​មើល​ក្នុង​ព្រៃ​បឹង​បួរ ស្មសាន​ដល់​ទៅ​ដើម​គគីរ​ធំ​នោះ ឃើញ​ចៅ​សត្ថា​ស្លាប់​ស្តូក​នៅ​លើ​ដី សត្វ​ស្រមោច​ចោម​រោម​ជុំ​ជិត ឈាម​ហូរ​រហាម​តាម​មាត់​នឹង​ច្រមុះ ឆ្អឹង​បាក់​ខ្ទេច​ខ្ទី អ្នក​ទាំង​អាស់​គ្នា​បាន​ដឹង​ថា ចៅ​សត្ថា​លោត​ទំលាក់​ពី​លើ​ដើម​ឈើ​ពួក​កូន​ក្មួយ​លោក​សេនាវិជ័យ​ភិត​ភ័យ​តក្កមា រត់​តៅ​ចំរាប​នាយ​ចៅ​ហ្វាយ​លោក​សេនាវិជ័យ ទៅ​សីនា នាង​បុប្ផា​ផាន់​បាន​ដឹង​ថា ចៅ​សត្ថា​សម្លាប់​ខ្លួន​តាម​នាង​ម៉ាល៉ា​ដូច្នោះ​ហើយ ព្រលឹង​អ្នក​អស់​នោះ​ដូច​ជា​រលត់​បាត់​អស់​សូន្យ​ឈឹង រួច​ក៏​រត់​ទៅ​កាន់​ដើម​ឈើ​នោះ មើល​ទៅ​ឃើញ​ខ្មោច​កូន​លោក​សេនាវិជ័យ​ស្ទុះ​ទៅ​ឲប​ខ្មោច​ដាក់​លើ​ទ្រូវ​បោក​ខ្លួន​យំ​ននៀល​នៅ​ដី​ក្រឡេកមើល​ដើម​គគីរ​ឃើញ​អក្សរ​ឆ្លាក់​នៅ​លើ​សំបក​ឈើ​ថា “កាម​គុណ​សម្លាប់​សត្វ​លោក” លោក​សេនាវិជ័យ​ចង្អុល​ប្រាប់​មនុស្ស​ម្នា​ដេល​តាម​មក​ឲ្យ​ឃើញ​សេចក្តី​នោះ អ្នក​ទាំង​អស់​គ្នា​មើល​ហើយ​គ្រវី​ក្បាល ដក​ដង្ហើម​ធំ​យំ​អាណិត​អាសូរ​ដល់​សំដី គួរ​យក​ជា​ច្បាប់​ពិចារណា នូវ​ទោស​ដែល​កើត​ឡើង​ពី​កាម​គុណ, ដោយ​អំណាច​ស្រឡាញ់​កូន​ពេក​ លោក​សេនាវិច័យ​ប្រឹង​លើក​ខ្មោច​ចៅ​សត្ថា​ដាក់​លើ​ស្មា​លី​យក​មក​ផ្ទះ​ខ្លួន​ឯង មិន​ឲ្យ​អ្នក​ណា​ជួយ ធ្វើ​មឈូស​មណ្ណ​បរំលេច​ភ្ញី​បិទ​មាស និមន្ត​លោក​សូត្រ​ធម៌​ដំកល់​សព​ទុក​ចំនួន ប្រាំ​ពីរ​ថ្ងៃ ទើប​រំកិល​សព​យក​ទៅ​បូជា​រើស​ធាតុ​ធ្វើ​បុណ្យ​យ៉ាង​មហាឧឡារិក ចំណាយ​ទ្រព្យ​ឲ្យ​ទាន​អស់​ចំនួន​ជាង​ពាក់​កណ្តាល​ពួក​អ្នក​កំសត់​ទូរគត​នៅ​ស្រុក​អង្គរ​ទាំង​ប៉ុន្មាន​សឹង​បាន​សប្បាយ ខ្លះ​រួច​ខ្លួន​ពី​សេចក្តី​ក្រ​ដោយ​បាន​ទទួល​ទាន​អំពី​លោក​សេនាវិជ័យ​បរិច្ចាគ​ឲ្យ ។

              ចៅ​សីណា​នឹង​បុប្ផា​ផាន់​អង្គុយ​ឲប​ក្បាល​ជង្គង់​យំ​ទឹក​ភ្នែក​ហូរ​ហៀរ​ដោយ​និច្ច​ស្តាយ​កូន ស្តាយ​កេរ្តិ៍​ឈ្មោះ ប្រពន្ធ​បន្ទោស​ប្តី​ ថា​មក​ពី​ប្តី បាន​ជា​កូន​សម្លាប់​ខ្លួន​ ចៅ​សីណា​កែ​ដោះ​ខ្លួន​ថា មក​ពី​នាង​បុប្ផា​ផាន់​ទៅ​ចំរាប​លោក​សេនា​វិជ័យ​ឲ្យ​រៀបការ​ឲ្យ​ឆប់​ទៅ ទើប​បាន​នាង​ម៉ាល៉ា​ឈឺ​ចិត្ត​បែប​នេះ ជន​ទាំង​ពរ​នាក់​ប្រកែក​ប្រកាន់​លើក​ទោស​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​កើត​ទុក្ខ​សោក​សៅ​ក្តៅ​ចិន្តា​ខ្លួន​ប្រាណ​ក៏​កាន់​ទេ​រីង​រៃ​ស្គម​ស្គាំង នេះ​ដោយ​អមណាច​តណ្ណា​ប្រាថ្នា​ខ្ពស់​ពេក ទើប​តោក​យ៉ាក​ធ្លាក់​ខ្លួន​ដល់​ទី​ហ្នឹង ។

ឈុត​ទី​៦

នាង​ម៉ាលា​នឹង​ចៅ​ហេម​ស័យ​បាន​ជួប​គ្នា​វិញ

              សេចក្តី​ទុក្ខ​ដែល​កើត​ឡើង​ក្នុង​សន្តាន​ចិត្ត​សត្វ មិន​បាន​ស្ថិត​ស្ថេរ​ចិរកាល​យូរ​ប៉ុន្មាន​ទេ ចួន​កាល​កើត​ឡើង​មួយ​ភ្លែត​ខ្វាត់​អស់​តៅ​វិញ​ក៏​មាន​ចួល​កាល​នៅ​កាន់​ខែ​កាន់​ឆ្នាំ តែ​គង់​រលាយ​អស់​ទៅ​វិញ​ដែរ, ក្នុង​ឳកាស​ដែល​ទុក្ខ​ចេញ​ទៅ សេចក្តី​សុខ​កើត​ឡើង​នាំ​ឲ្យ​កើត​សេចក្តី​រីក​រាយ​ត្រេក​អរៗ​អ្វី​មិន​ស្មើ​នឹង​ត្រេក​អរ​របស់​សត្វ​ដែល​បាន​ចួប​ឃើញ​មុខ​សង្សារ​បែក​ឃ្លាត​ពី​គ្នា​យូរ ចួន​កាល​បណ្តាល​ឲ្យ​យំ​យែក​ដោយ​ត្រេក​អរ​ពេក សត្វ​ខ្លះ​ស្ទុះ​ទៅ​ឳប​ថើប​គ្នា​នៅ​មុខ​បណ្តា​ជន​ភ្លេច​គិត​សេចក្តី​អៀន​ខ្មាស ។

              ហេតុ​តែ​ផល​ពី​អតីត​របស់​នាង​ម៉ាល៉ា​នឹង​ចៅ​ហេម​ស័យ​ពី​ព្រេង​នាយ​នាំ​ឲ្យ​បាន​ជួប​គ្នា​វិញ ក្នុង​វេលា​ដែល​នាង​ម៉ាល៉ា​លោត​ទឹក​ប៉ង​នឹង​សម្លាប់​ខ្លួន​នោះ​ បណ្តាល​ឲ្យ​នាង​ម្លិះ​អផ្សុក​វិត​ក្កត​ប្បម៉ល់​អំពល់​ទុក្ខ បបួល​ចៅ​ហេម​ស័យ​ឲ្យ​ទៅ​អុំ​ទូក​លេង​ក្នុង​ទន្លេ នាង​ម្លិះ​និយាយ​ងង្វរ​ចៅ​ហេម​ស័យ​ថា បង​អើយ​តាំង​ពី​យើង​បាន​ជួប​គ្នា​មិន​ដេល​មាន​សេចក្តី​ព្រួយ​បារម្ភ​អ្វី​សោះ ចិត្ត​យើង​ទាំង​ពីរ​នាក់​ហាក់​ដូច​ជា​គេ​វេញ​ត្របាញ់​ចូល​គ្នា​មិន​ដែល​រឳស​ឋាន​អ្វី​ឡើយ ប្អូន​ស្រឡាញ់​បង​ជាង​ខ្លួន​ប្អូន​ទៅ​ទៀត បើ​ប្រសិន​ណា​ជា​ប្តី​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​រក​ឧបាយ​កល​និយាយ​ឲ្យ​ខាង​តែ​បាន​បង​នៅ​ជា​មួយ​នឹង​ខ្ញុំ​បាន​យូរ​ទៅ​ទៀត ។

              ហេម​ស័យ​ យី កុំ​ធ្វើ​បែប​នេះ​ប្អូន​អើយ បង​សង​គុណ​ប្អូន​ក៏​យូរ​មក​ណាស់​ហើយ ល្មម​កាន់​តែ​ជិត​អស់​ណាស់​ដែរ ។

              ម្លិះ- នៅ​ច្រើន​ណាស់ ថ្ងៃ​នេះ​ពិត​តែ​មាន​ខ្យល់​ជំនោរ​មក​ពី​ទិស​ខាង​ត្បូង ខ្លួន​ខ្ញុំ​ក្តៅ​ក្រហាយ​ពេក​ណាស់ មិន​ដឹង​ដូច​ម្តេច​ទេ សូម​បង​មេត្តា​ជូន​ប្អូន​អុំ​ទូក​លេង​តាម​ទន្លេ នាំ​គ្នា​ច្រៀង​លេង​កំសាន្ត ដល់​កណ្តាល​អធ្រាត្រ​សឹម​យើង​ត្រឡប់​មក​ផ្ទះ​វិញ មិន​អី​ទេ​នៅ​ទី​នេះ​ស្ងាត់​នាស់​មាន​តែ​យើង​ពីរ​នាក់​ទេ ធ្វើ​អ្វី​បាន​តាម​ចិត្ត ។

              ហេម​ស័យ- កុំ​ព្រួយ ចូរ​ប្អូន​រៀប​ខ្លួន​ឲ្យ​យ៉ាង​ឆាប់ បង​ជូន​ទៅ​លេង​មិន​ខាន ។

              នាង​ម្លិះ​ស្តាប់​ហើយ​ក៏​ត្រេក​អរ​ពេក​ណាស់ តែង​ខ្លួន​ស្លៀក​សម្ពត់​ហូល ពាក់​អាវ​ព្រែ បង់​ក​ក្រមា​ស៊ី​យ៉ាង​ញ៉ាំ​ញ៉ើ ដឹក​ដៃ​ចៅ​ហេម​ស័យ ចុះ​ទៅ​កាន់​ទូក ចៅ​ហេម​ស័យ​អ្នក​អុំ នាង​ម្លិះ​អ្នក​ច្រៀង​ផ្តោះ​ផ្តង​ឲ្យ​ចៅ​ហេមស័យ​ៗ ច្រៀង​ឆ្លើយ​តប​គ្នា​ទៅ​វិញ​ទៅ​មក ។

              ម្លិះ-​ប្អូន​ជិះ​ទូក​ទៅ​តាម​ទន្លេ ចិត្ត​គ្នេរ​គ្នាន់​គិត​ដល់​រៀម​រ៉ា ឆោម​បង​រាង​ឆើត​គួរ​ស្នេហា ស្រី​ណា​ឃើញ​ហើយ​សែន​ប៉ែតី ។

              ហេមស័យ- បង​ប្រឹង​អុំ​ទូក​ឲ្យ​ប្អូន​ជិះ ចិត្ត​បង​រេ​រិះ​ដល់​សេចក្តី​ញ្រត់​ប្រាស​ពី​នាង​ម៉ាល៉ា​ស្រី រៀម​ស្តី​គួរ​ស្តាប់​ណា​មាស​បង ។

              ម្លិះ- ទឹក​អើយ​ទឹក​ហូរ​ម្តេច​គ្មាន​ហត់ ពាក្យ​ប្រុស​សម្មត​ពុំ​ដែល​ត្រង់​ពី​ដើម​កៀក​កើយ​បី​ត្រកង ឥឡូវ​អ្នក​បង​ចង់​ដោះ​ដៃ ។

              ហេមស័យ- ​ទឹក​អើយ​ទឹក​ហូរ​ទៅ​ខាង​លិច ខ្លួន​រៀម​ពុំ​ភ្លេច​ឆោម​ស្រស់​ស្រី ចិត្ត​ប្អូន​ល្អ​ណាស់​គួរ​ប្រណី មេត្រី​រក្សា​គ្នា​ត​ទៅ ។

              ម្លិះ- បង​អើយ​ស្តាប់​រលក​បោក​លើ​ច្រាំង ឮសូរ​ក្តាំងៗ ក្នុង​យប់​ជ្រៅ​ណ្ហើយ​ចុះ​ល្មម​យើង​ត្រឡប់​ទៅ ឯទី​លំនៅ​យើង​វិញ​រ៉ា ។

              ហេមស័យ- ព្រះ​ពាយ​បោក​ផាត់​ព្រះ​គង្គា បង​រែង​រងា​ញ័រ​កាយា​កម្ម​អី​កម្ម​កាច​គួរ​អនិច្ចា មក​ព្រាត់​សង្សារ​ស្រី​សម្លាញ់ ។

              ចៅ​ហេម​ស័យ -​វាត​ទឹក​បំបែក​ក្បាល​ទូក​ត្រឡប់​មក​ផ្ទះ​វិញ ដល់​ទូក​ងាក​ក្បាល​បន្តិច ខ្លួន​នាង​ម៉ាល៉ា​អណ្តែត​មក​ប៉ះ​ត្រូវ​ទូក​ស្ទើរ​តែ​ភ្លូក​ចូល​ទឹក​នាង​ម្លិះ​ភ័យ​ស្រែក​ថា​ក្រពើៗ​កល់​ទូក ចៅ​ហេម​ស័យ ពិនិត្យ​មើល​ទៅ​ឃើញ​រូប​ស្រី ក៏​ប្រឹង​រួស​រាន់​ស្រង់​ទាញ​ពី​ទឹក​មក​ដាក់​លើ​ទូក អុំ​ស្រូត​យ៉ាង​រហ័យ​សំដៅ​ទៅ​ផ្ទះ​អាត្មា នាំ​គ្នា​សែង​ទៅ​ដាក់​លើ​គ្រែ អុជ​ចង្កៀង​ហើយ​ឃើញ​ស្គាល់​ជាក់​ជា​នាង​ម៉ាល៉ា​ប្រពន្ធ​ខ្លួន ក្នុង​វេលា​នោះ​ចៅ​ហេម​ស័យ ហាក់​ដូច​ជា​គ្មាន​បេះ​ដូង​ស្រែក​ថា នៃ​ប្អូន​សំឡាញ់ ម្តេច​មក​អណ្តែត​តាម​ទឹក​ដូច្នេះ ស្ទាប​ដង្ហើម​មើល​ឃើញ​នៅ​ខ្យល់​ចេញ​ចូល​តិចៗ​ខ្លួន​នៅ​ក្តៅ ចៅ​ហេមស័យ ប្រឹង​រួត​រឹត​គក់​ច្របាច់​ដុត​ភ្លើង​កំដៅ​នាង ម៉ាល៉ា​ៗ​ដឹង​ខ្លួន​មើល​ឃើញ​ប្តី​ក៏​ចេញ​ទឹក​ភ្នែក​ច្រោកៗ​តេ​រក​និយាយ​ពុំ​រួច​លុះ​ចំនួន​ប្រហែល​ជាង​១​ម៉ោង នាង​ម៉ាល៉ា​និយាយ​ផង​យំ​ផង​ឧបកប្តី​ស្រដី​សាក​សួរ​ហេតុ​តាំង​ពី​ដើម​រៀង​មក ។

              ចៅ​ហេម​ស័យ​ប្រាប់​ថា កាល​ដែល​ទឹក​ហូរ​ខ្លាង បង​ប្រឹង​ហែល​ដំរង់​ច្រាំង​ពុំ​រួច​ឡើយ អស់​កម្លាំង​ពេក​ណាស់ បង​បណ្តែត​ខ្លួន​តាម​ខ្សែ​ទឹក​ហូរ​រហូត​មក​ដល់​ទី​នេះ​ស្ទើរ​តែ​នឹង​ដាច់​ខ្យល់ បាន​នាង​ម្លិះ​ដែល​អង្គុយ​នៅ​ខាង​នោះ គាត់​ជួយ​ស្រោច​ស្រង់​យក​ជីវិត​បង បង​សង្ស័យ​ណាស់​ហេតុ​ម្តេច​បាន​ជា​ប្អូន​លង់​ទឹក​ដូច​បង​ដែរ ។

              នាង​ម៉ាល៉ា- ឳបង​អើយ​លាក់​បាំង​ថ្វី កាល​ដែល​បង​លិច​បាត់​ទៅ​ក្នុង​ទឹក ប្អូន​ស្រែក​ទ្រហោយំ​ទួញ​រក​គេ​ជួយ តែ​គ្មាន​អ្នក​ណា​មួយ​ឮ​សោះ ខ្ញុំ​ទៅ​ប្រាប់​បង​ប្អូន​ទាំង​អស់​គ្នា​ គេ​ប្រឹង​ផ្អើល​ឆោឡោ​រក​មួយ​រំពេច​តែ​ពុំ​បាន​ឃើញ​បង​សោះ ចំនួន​បី​បួន​ថ្ងៃ​ក៏​គ្មាន​ដំណឹង​អ្វី ខ្ញុំ​អត់​បាយ​ក្រហាយ​ទឹក ដេក​ពុំ​លក់​បក់​ពុំ​ល្ហើយ​ដោយ​សេចក្តី​ស្រឡាញ់​បង ខ្ញុំ​ទៅ​រក​លោក​អាចារ្យ​គាំ​សមណៈ​ធម៌​ឲ្យ លោក​អាចារ្យ​នោះ​ប្រាប់​ខ្ញុំ​ថា ឃើញ​សត្វ​ក្រពើ​មួយ​លេប​រូប​បង​ទាំង​មូល​ទៅ​ក្នុង​ពោះ​វា ខ្ញុំ​រឹង​រឹត​តែ​សង្រេង​សង្រៃ​ទាំង​ថ្ងៃ​ទាំង​យប់ រឿង​នេះ​មិន​ស្ងាត់​បាត់​ក៏​ឮ​ទៅ​ដល់​នាយ​សត្ថា ជា​កូន​លោក​សេនាវិជ័យ វា​អរ​ពេក​ណាស់ គិត​ថា​មួយ​ជាន់​នេះ​ច្បាស់​ជា​បាន​ខ្ញុំ​ធ្វើ​ភរិយា​មិន​ខាន ចា​រៀប​បណ្ណាការ​មក​ដណ្តឹង​ខ្ញុំៗ​ប្រកែកៗ​ក៏​មិន​ឈ្នះ​លោក​ឳពុក​ម្តាយ​ខ្ញុំ គាត់​កំហែង​បង្ខំ​ខ្ញុំ បើ​ចេះ​តែ​ប្រកែក​សម​គាត់​វាយ​ច្រំ​ធាក់ ដល់​យប់​ម្សិល​មិញ​នេះ គេ​រៀបការ​ខ្ញុំ​នឹង​ចៅ​សត្ថា ចិត្ត​ខ្ញុំ​គ្មាន​ចង់​ឲ្យ​ប្រុស​ណា​មក​កន្លង​ខ្លួន​ក្រៅ​អំពី​បង ខ្ញុំ​លប​លួច​រត់​មក​មាត់​ទន្លេ​កន្លែង​ដែល​បង​បែក​ពី​ប្អូនៗ​ក៏​លោក​ទឹក​ប្រាថ្នា​ឲ្យ​សាប​សូន្យ​ជីវិត ឲ្យ​បាន​ជួប​នឹង​បង​ទៅ​អនាគត​ជាតិ​ទៀត ដោយ​អំណាច​យើង​បាន​កសាង​ជា​មួយ​គ្នា​ច្រើន​ណាស់ មិន​ចាំ​បាច់​ដល់​ជាតិ​ក្រោយ​ឡើយ យើង​បាន​ជួប​គ្នា​តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ​ទៀត ។

              ចៅ​ហេមស័យ​គន់​មើល​មុខ​ប្រពន្ធ អាណិត​ពេក​ណាស់​ហើយ​និយាយ​ថា នេះ​ចំ​ជា​បុណ្យ​យើង​មាន​អំពី​មុន​មក យើ​លោក​តា​អាចារ្យ​គាំ ចំ​ជា​មហា​ព្រើល​មិន​គួរ​យក​ធម៌​មក​មើល​ទាយ​ស្លាប់​រស់​ដូច្នេះ​សោះ មិន​អី​ទេ​ចាំ​បង​ត្រឡប់​ទៅ​វិញ​ទៅ​ធ្វើ​បាប​អាចារ្យ​នេះ​ឲ្យ​ពេញ​ទី នេះ​គ្រោះ​ថា បើ​គ្រោះ​កាច​សម​ជា​ប្អូន​ឯង​ស្លាប​ទទេ ដោយ​សារ​តែ​ជឿង​តាគាំ ។

              ចៅ​ហេម​ស័យ ថ្លែង​ទុក្ខ​សោក​ប្រាប់​ប្រពន្ធ​សព្វ​គ្រប់ ទើប​ងាក​ទៅ​និយាយ​សើច​នឹង​នាង​ម្លិះ​ថា ម្លាល​ប្អូន នេះ​គឺ​ប្រពន្ធ​កំសត់​កម្រ​របស់​បង​ជួប​គ្នា​បាន​មួយ​វស្សា​បែក​បាក់​គ្នា​មក ។

              ម្លិះ- “ចង​ចិញ្ចើម​មុខ​ក្រញូវ” ចាស​ខ្ញុំ​ដឹង​ហើយ នេះ​ចំ​ជា​ធ្វើ​គុណ​បាន​ទុក្ខ​វិញ ។

              ហេមស័យ – បង​ឲ្យ​សុខ​ប្អូន​ឯង​យូរ​មក​ហើយ ។

              ម៉ាល៉ា- អ្នក​បង​ឲ្យ​សុខ​អី​ដល់​នាង​នេះ ។

              ហេមស័យ- បង​តប​គុណ​គាត់ ។

              ម៉ាល៉ា-​តប​គុណ​បែប​ណា​ខ្លះ ។

              ហេមស័យ- គ្រប់​បែប​គ្រប់​ធុន ។

              ម៉ាល៉ា​ដោយ​ចិត្ត​ប្រចណ្ឌប្តី ក្រែង​ប្តី​មិន​ស្រឡាញ់​ខ្លួន​ប្រឹង​និយាយ​ផង​យំ​ផង​ថា បែប​អី​ខ្លះ​សូម​បង​ប្រាប់​ប្អូន​ផង ។

              ហេមស័យ- នៃ​ប្អូន នាង​នេះ​នៅ​តែ​ឯង ប្តី​ទៅ​រក​ស៊ី​ធ្វើ​ការ​ឯស្រុក​ឆ្ងាយ​ណាស់ ខ្លួន​ជា​ស្រី​នៅ​ទី​ស្ងាត់​គ្មាន​មនុស្ស​ម្នាក់​សោះ គាត់​ឃើញ​បង​គាត់​អរ​អើយ​អរ ពឹង​បង​ឲ្យ​នៅ​កំដរ​បន្តិច ទំរាំ​ប្តី​មក​ដល់ៗ​កាល នា​ បង​នឹង​លា​គាត់​ត្រឡប់​ទៅ​វិញ ។

              ម៉ាល៉ា- អ្នក​បង​កំដរ​គាត់​ចុះ​ខ្ញុំ​ក៏​គ្មាន​ថា​អ្វី​ទេ ។ ពី​ព្រោះ​គាត់​មាន​គុណ​លើ​យើង​ណាស់ តែ​ថា​ប្រុស​នឹង​ស្រី​ដែល​នៅ​ស្ងាត់​តែ​ពីរ​នាក់​ហើយ​ច្បាស់​ជា​អ្វីៗ​ពុំ​ខាន (ខ) ។

              ហេមស័យ- បើ​ប្រុស​ឯ​ទៀត​ថា ប្រុស​បង​ខាន​បាន​ទាំង​អស់ ។

              មិ្លះ- ក្រែង​តែ​ស្រី​គេ ឯស្រី​ខ្ញុំ​កុំ​ថា​ប្រុស​តែ​មួយ​ប្រុស​ដប់​មួយ​រយ​នៅ​ជិត​ខ្លួន​ខ្ញុំ​មិន​ក៏​ត្រូវ​ការ ។

              ម៉ាល៉ា -ឯស្រី​ខ្ញុំ​ត្រូវ​ការ​តែ​ប្តី​របស់​ខ្ញុំ ក្រៅ​ពី​នោះ​ខ្ពើម​ណាស់ មិន​ដែល​មាន​ប្រុស​នឹង​ស្រី​នៅ​តែ​ពីរ​នាក់​ចំនួន​បី​ខែ អួត​ថា​គ្មាន​អ្វើ​អី​គ្នា ស្ងាត់​យ៉ាង​ហ្នឹង​ស្រួល​ណាស់​ឯកច្ឆន្ទ ចង់​ថ្មើរ​ម៉ាន​បាន​ថ្មើរ​ណឹង។

              ម្លិះ- យី ម្តេច​អ្នក​ឯង​ពោល​ពាក្យ​យ៉ាង​ហ្នឹង អ្នក​ឯង​ស្មាន​ថា​យើង​ជា​ស្រី​ផ្កា​មាស​ឬ​អី នែ​ប្តី​អ្នក​ឯង​មក​នៅ​បំរើ​ខ្ញុំ​ចំនួន​បី​ខែ​មក​ហើយ គឺ​គាត់​ដឹង​គុណ​ខ្ញុំៗ ទុក​គាត់​ដូច​ជា​បាវ​បាត​ជើង​ខ្ញុំ អ្នក​ឯង​ដឹង​ទេ ។

              ម៉ាល៉ា- ពិត​ហើយ​ បារ​តែ​ថ្ងៃៗ​ទេ តែ​យប់​ប្តី​ខ្ញុំ​ធ្វើ​ជា​ម្ចាស់​ត្រួត​ពី​លើ​អ្នក​ឯង​វិញ​ហើយ​មិន​ខាន។

              ម្លិះ- នែ​អ្នក យប់​ៗ ឲ្យ​ប្តី​អ្នក​ឯង​ដេក​ក្រោម​ផ្ទះ ខ្ញុំ​ដេក​លើ​ផ្ទះ​រាំង​ទ្វារ​យ៉ាង​ជិត ។

              ម៉ាល៉ា – អើ មែន​ហើយ​តែ​ដល់​កណ្តាល​អធ្រាត្រ​អ្នក​ឯង​ចុះ​ទៅ​ដេក​ក្រោម ប្តី​ខ្ញុំ​មក​ដេក​ពី​លើ​វិញ ។

              ថា​ហើយ​ក៏​ស្ទុះ​ចូល​ទៅ​ច្រាន​ទ្វារ​បន្ទប់​មើល​ទៅ​គ្រែ​សព្វ​គ្រប់​ហើយ​ស្រែក​ថា ន៏​មើល​ចុះ លោក​អើយ​លោក ខ្នើយ​ពីរ​ទន្ទឹម​គ្នា ខោ​អាវ​សារុង​ប្តី​ខ្ញុំ​នៅ​ពាក់​ចុង​គ្រែ​ទាំង​អស់ នៅ​តែ​គរ​អួត​ថា​មិន​ត្រូវ​ការ​នឹង​គ្នា​ទៀត ។

              ម្លិះ​- យី ខ្នើយ​មួយ​នោះ​សម្រាប់​ប្តី​ខ្ញុំ​ទេ​តើ ខោ​អាវ​សារុង​ប្តី​អ្នក​ឯង​ខ្ញុំ​យក​មក​ទុក​ខាង​ក្នុង​ឲ្យ ក្រែង​គេ​លួច យើ នេះ​ចំ​ចា​ក្រពើ​វង្វេង​បឹង ។

              ម៉ាល៉ា-​ ប្រាកដ​ហើយ ទាំង​រូប​ប្តី​ខ្ញុំ​ក៏​អ្នក​ឯង​យក​ទៅ​ទុក​ខាង​ក្នុង​ដែរ ក្រែង​ស្រីៗ​លួច ។

              ម្លិះ- ធ្លាប់​អ្នក​ឯង​យក​ប្តី​គេ​ទៅ​ទុក​ក្នុង​បន្ទប់​ខ្លួន មាន់​ណា​ខ្តត​មាន់​ហ្នឹង​ពង ពិបាក​ណាស់ ម្នៅៗ​ទៅ​យក​ជ័រ​ភ្នៅ​មក​ក្បៀត​ក្លៀក ។

              ម៉ាល៉ា -យី អ្នក​ឯង​មិន​ទាន់​ដឹង ជ័រ​ភ្នៅ​នេះ​ស្អិត​ផ្អែម​ខះ​ក​ញ័រ​ខ្លួន ។

              ចៅ​ហេម​ស័យ ឃើញ​ស្រី​ទាំង​ពីរ​នាក់​ឈ្លោះ​ប្រកែក​គ្នា​ខ្លាំងៗ​ដូច្នោះ​ហើយ ស្ទុះ​ទៅ​ដឹក​ដៃ​នាង​ម៉ាល៉ា​ចុះ​ទៅ​ដី នាំ​ដើរ​ទៅ​ក្រៅ​ភូមិ​និយាយ​អង្វរ​ចិត្ត​ប្រពន្ធ​ពុំ​ឲ្យ​ប្រកាន់​ប្រកួត ធ្វើ​ដូច​ម្តេច​ជា​ធម្មតា​របស់​មនុស្ស​លោក ៕

              ម៉ាល៉ា​ -នេះ​ចំ​ជា​ស្រឡាញ់​បង់​ចិត្ត​មិន​គួរ​មក​ក្បត់​ខ្ញុំ​ដូច្នឹង​សោះ ឯង​ប្រឹង​ស្រឡាញ់​គេ​ស៊ូ​ប្តូរ​ជីវិត ឯគេ​វិញ​គេ​ធ្វើ ព្រងើយ​កន្តើយ​មក​ដេក​ច្រៀង​ជ្រង​លាក់​ខ្លួន​ពួន​មុខ​ក្នុង​ព្រៃ​ស្ងាត់​ជា​មួយ​នឹង​ស្រី​សាមាណ្យ​នេះ ។

              ហេមស័យ- បង​ដឹង​អស់​ហើយ​តែ​បង​មាន​ចិត្ត​អាណិត​នាង​នេះ​ណាស់ ពី​ព្រោះ​គេ​មាន​គុណ​លើ​យើង​ទាំង​ពីរ ។

              ម៉ាល៉ា- ឯគុណ​នោះ​ត្រូវ​ទុក​ទៅ​វេលា​ក្រោយ គួរ​ណាស់​ត្រឡប់​ទៅ​ស្រុក​វិញ​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា បង​មាន​ជីវិត​នៅ​ឡើយ មិន​គួរ​ឲ្យ​គេ​មួយ​ស្រុក​កើត​ទុក​ហើយ​មក​ស្រណុក​តែ​ម្នាក់​ឯង នេះ​ចំ​ជា​មនុស្ស​ឥត​បើ​គិត​ កុំ​អី​ចៅ​សត្ថា​មិន​ហ៊ាន​មើល​ងាយ​ខ្ញុំៗ ក៏​មិន​បាន​លោត​ទឹក​សម្លាប់​ខ្លួន​បែប​នេះ​ទេ ឳសម​លោក​ឳពុក​ម៉ែ​បង​ប្អូន​ទាំង​អស់​គាត់​សោក​សង្រេង​យ៉ាង​ណា​ទៅ​ហ្ន៏ ។

              ហេម​ស័យ- បង​បាន​ជា​ខុស​ទៅ​ហើយ មួយ​ទៀត នែ​នាង​ម្លិះ​នេះ​វា​ចេះ​មន្ត​វិជ្ជា​ការ​ធ្វើ​ស្នេហ៍​ដាក់​បង ប្រុស​ណា​បាន​ប្រទះ​វា​ម្តង​ហើយ​ម្តង​ទៀត ។

              ម៉ាល៉ា – នេះ​ចំ​ជា​ស្នេហ៍​ពូកែ​មែន ឯស្នេហ៍​មក​តែ​ពី​ស្និទ្ធ បើ​ចិត្ត​វា​មិន​ដិត ស្នេហ៍​ណា​ក៏​ដាក់​មិន​ត្រូវ ។

              ហេមស័យ – អើ​ប្អូន​ឯង​តែង​មាន​មាត់​ចេះ​តែ​ថាៗ​ទៅ បង​ចេះ​តែ​ទទួល​ចាញ់​ជា​និច្ច ប្តី​នាង​ម្លិះ​វា​ធ្វើ​មេ​ចោរ​ធំ​ណាស់​សព្វ​ថ្ងៃ​នេះ​វា​កំពុង​តែ​លុក​លុយ​ប្លន់​ឯ​ព្រំ​ប្រទល់​ដែន​សៀម វា​បាន​របស់​មក​កប់​ក្នុង​ដី​ភូមិ​នេះ​ច្រើន​ណាស់ ប្រពន្ធ​វា​ប្រាប់​កន្លែង​បង​អស់​ហើយ ។

              ម៉ាល៉ា- ឱពុទ្ធោ​កម្ម​អើយ នាង​នេះ​ប្តី​វា​ធ្វើ​មេ​ចោរ ថែម​ទាំង​វា​ធ្វើ​ចោរ​លួច​ប្តី​គេ​ទៀត ខ្ញុំ​អត់​មិន​បាន​ទេ ខ្ញុំ​ស្រែក​ជេរ​កណ្តាល​​យប់​ឥឡូវ​ហ្នឹង ។

              ហេមស័យ​លើក​ប្រពន្ធ​បី​ថើប​ដាក់​ដៃ​បិទ​មាត់​ប្អូន​ថា​កុំ​និយាយ​ឮ​ពេក ​កុំ​ឲ្យ​នាង​ម្លិះ​ឮ ក្រែង​បែក​ការ ចាំ​ដល់​ពីរ​បី​ថ្ងៃ​ទៀត បង​នឹង​នាំ​ប្អូន​ត្រឡប់​ទៅ​ស្រុក​វិញ​មិន​ខាន​ឡើយ ។

              ចៅ​ហេមស័យ​ក៏​នាំ​នាង​ម៉ាល៉ា ឡើង​មក​ដេក​លើ​ផ្ទះ​វិញ ។

              នាង​ម្លិះ​អង្គុយ​កើត​ទុក្ខ ដក​ដង្ហើម​ធំយូរៗ ជូត​ទឹក​ភ្នែក​នៅ​កៀន​សសរ ធ្វើ​ម្លឹះៗ​មក​គិត​ក្នាន់​ក្នាញ់​ថា មេ​នេះ​រូប​ល្អ​បែប​ហ្នឹង បាន​ជា​ប្តី​វា​នឹក​គ្មាន​ឈប់​មួយ​វេលា តែង​សរសើរ​ប្រពន្ធ​វា​ប្រាប់​អញ​រាល់ៗ​យប់ មិន​អី​ទេ​យ៉ាង​យូរ​ណាស់​ត្រឹម​បី​ថ្ងៃ​ទៀត អញ​រក​ឧបាយ​កល​សម្លាប់​មេ​ចោ​មុខ​ក្រាស់​នេះ​ឲ្យ​ទាល់​តែ​បាន ។

              ដល់​ម៉ោង​មួយ​យប់​សន្សើម​ធ្លាក់​ត្រជាក់​ចុះ​អទ្ធា នាង​ម្លិះ​ទៅ​ជា​ក្តៅ​អន្ទះ​អន្ទែង​ដេក​ពុំ​លក់ លប​មើល​ឃើញ​ចៅ​ហេមស័យ ដេក​ជា​មួយ​នឹង​ប្រពន្ធ ទ្រូង​នាង​ម្លិះ​ស្ទើរ​តែ​បែក​ជា ១០ ភាគ​ស្ទើរ​នឹង​ស្ទុះ​ទៅ​ប្រហារ​ជីវិត​នាង​ម៉ាល៉ា​ឲ្យ​ស្លាប់​ទៅ​ភ្លាប​យប់​នេះ ប្រឹង​ខំ​ធ្មេច​ភ្នែក​សង្កត់​ចិត្ត លុះ​ដល់​ព្រឹក​ឡើង​នាង​ម្លិះ​ធ្វើ​ឫក​ញ៉ិក​ញ៉ក់​ញ៉ាំ​ញ៉ើ មុខ​រីក​ប៉ប្រិយ​និយាយ​ឲ្យ​ចៅ​ហេម​ស័យ​ទៅ​រក​ចាប់​ត្រី​ឯទន្លេ យក​មក​ធ្វើ​អាហារ​អាស្រ័យ ចៅ​ហេម​ស័យ​ទៅ​រក​ចាប់​ត្រី​ទន្លេ យក​មក​ធ្វើ​អាហារ​អាស្រ័យ ចៅ​ហេម​ស័យ​ក៏​ទៅ​តាម​ពាក្យ​នាង​ម្លិះៗ​អរ​ណាស់​គិត​ថា មេ​ម៉ាល៉ា​ឯង​មួយ​ជាន់​ហ្នឹង​ហើយ​ធ្វើ​ជា​សើច​ក្អាក​ក្អាយ មុខ​ញញឹម​ប៉ប្រិម​និយាយ​ទៅ​នាង​ម៉ាល៉ា​ថា ណ្ហើយ ការ​ដែល​យើង​ប្រកែក​គ្នា​ពី​ថ្ងៃ​ម្សិល តោង​លែង​ប្រកាន់​ទៅ​កុំ​ខឹង​នាំ​ខុស​ហើយ​ខាត​ផង នៅ​ទី​នេះ​មាន​ស្រី​តែ​ពីរ​នាក់​គួរ​តែ​យើង​ស្រឡាញ់​គ្នា​អញ្ជើញ​អ្នក​ពី​សាស្លា ទំរាំ​ខ្ញុំ​ទៅ​យក​នំចំណី​មក​ជូន​អ្នក​ទៀត នាង​ម្លិះ​ចូល​ទៅ​យក​នំ​ប្រកប់​ដោយ​ថ្នាំ​ពិល​បំពុល​ឲ្យ​នាង​ម៉ាល៉ា​បរិភោគ ។

              នាង​ម៉ាល៉ា​ជា​ស្រ្តី​អ្នក​មាន​ប្រាជ្ញា​ឆ្លាត​វៃ ពិចារណា​ដឹង​ដល់​ដើម​ទង​ទំនង​ទឹក​ចិត្ត​នាង​ម្លិះ ទើប​និយាយ​ទៅ​ជា ហេតុ​ខ្វាម​ពី​ថ្ងៃ​ម្សិល​ខ្ញុំ​ក៏​ឈប់​នឹក​នា ធ្វើ​ម្តេច​អ្នក​អើយ បុរស​នឹង​ស្រ្តី​តែ​ស្រឡាញ់​គ្នា​ខ្ជាប់​ខ្ជួន​ហើយ​រមែង​មាន​សេចក្តី​ប្រចណ្ឌ​ស្ទើរ​តែ​គ្រប់​គ្នា ឯចំណី​អស់​នេះ​ខ្ញុំ​ពុំ​ហ៊ាន​អាស្រ័យ​ឡើយ ចាំ​ប្តី​ខ្ញុំ​មក​ដល់​វិញ​ពី​ព្រោះ​ខ្ញុំ​ពុំ​ចេះ​បរិភោគ​របស់​អ្វី​មុន​ប្តី​ខ្ញុំ​ឡើយ ។

              ម្លិះ- អ្នក​កុំ​ព្រួយ ប្តី​អ្នក​គាត់​ពី​សា​រួច​ស្រេច​ពីម្សិល​មិញ​ហើយ ចាំ​គាត់​ឯណា​បាន ដល់​ជិត​ថ្ងៃ​ត្រង់​បាន​គាត់​ត្រឡប់​មក​មុខ​ជា​នំ​ចំណី​អស់​នេះ​ផ្អូម​ខូច​អស់​ទទេ ។

              នាង​ម៉ាល៉ា​សង្កេត​ឃើញ​សត្វ​រុយ​ដែល​មក​ទំលើ​ចំណី​អស់​នោះ​ដល់​ហើរ​ចេញ​ទៅ​ធ្លាក់​ស្លាប់​រណែល​លើ​ក្តារ​មាន​ចិត្ត​មួម៉ៅ​ឃោរឃៅ តែ​ខំ​អត់​ចាំ​ប្តី​មក​ទើប​ប្រាប់ ធ្វើ​ពើ​ជា​សួរ​នាង​ម្លិះ​ថា នំ​អ្នក​ច្បាស់​ជា​ឆ្ងាញ់​ណាស់​ហើយ​មើល​ទៅ បាន​ជា​សត្វ​រុយ​គ្រាន់​តែ​មក​រោម​បន្តិច គេច​ទៅ​ជា​បែក​ពោះ​ស្លាប់​អស់​នំ​នេះ​គេ​ហៅ​នំ​អី​អ្នក ។

              ម្លិះ​- យី អ្នក​ឯង​ពុំ​ស្គាល់​ទេ នំ​នេះ​ឆ្ងាញ់​ពីសា​ណាស់ គេ​ហៅ​ថា នំ​អង្គរ​អ្នក​ពីសា​ទៅ​កុំ​បង្អង់​យូរ​ក្រែង​ខូច ។

              ស្រី​ទាំង​ពីរ​នាក់​កំពុង​តែ​ជជែក​គ្នា ចៅ​ហេមស័យ​មក​ដល់​ក៏​សួរ​ថា​ មាន​រឿង​អី​ទៀត​ហើយ ។

              ម៉ាល៉ា- បង​អើយ​មើល​ចុះ ខ្ញុំ​ក្នុង​ខណៈ​នេះ​អត់​លែង​បាន​ទៀត​ហើយ អ្នក​ម្លិះ​ចិត្ត​ខ្មៅ​អាក្រក់​ណាស់ គាត់​ហ៊ាន​យក​ចំណី​ដាក់​សុទ្ធ​តែ​ថ្នាំ​ពុល​មក​ឲ្យ​ខ្ញុំ​អាស្រ័យ ។

              ចៅ​ហេមស័យ ប្រឹង​កកាយ​នំ​មើល ឃើញ​សុទ្ធ​តែ​ថ្នាំ​ពុល​បង្កប់​នៅ​ក្នុង ហើយ​និយាយ​ពោល​ពាក្យ​ត្មះ​តិះ​ដៀល​នាង​ម្លិះ ជា​អនេក​បរិយាយ​នាង​ម្លិះ​មាន​សេចក្តី​ទោសៈ​កើត​ឡើង​ក្នុង​វេលា​នោះ អៀន​ខ្មាស​មុខ​ឡើង​ជាំ​ខ្មៅ​ដោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​លាមក ក៏​ចេះ​តែ​យំ​ហើយ​ស្រែក​ជេរ​នាង​ម៉ាល៉ាៗ នឹង​ចៅ​ហេមស័យ​ខឹង​ណាស់ នាំ​ប្តី​ប្រពន្ធ ចាប់​នាង​ម្លិះ​ចង​ជាប់​នៅ​សសរ​ផ្ទះ​មិន​ឲ្យ​បង្រះ​រួច ហើយ​នាំ​គ្នា​យក​ចប​ទៅ​ជីក​យក​ទ្រព្យ​របស់​គ្រឿង​មាស-​ប្រាក់​កប់​ក្នុង​ដី ដែល​ចោរ​ប្តី​នាង​ម្លិះ​ប្លន់​បាន​ទាំង​ប៉ុន្មាន​វេច​ធ្វើ​ជា​សំពាយ​ស្ពាយ​រត់​ត្រឡប់​ទៅ​ស្រុក​អាត្មាវិញ ។

              នាង​ម្លិះ​នៅ​ក្នុង​ផ្ទះ​តែ​ម្នាក់​ឯង ស្រែក​យំ​ស្រែក​ជែរ នឹក​ស្តាយ​ចៅ​ហេមស័យ​ណាស់ មិន​ដឹង​ធ្វើ​ដូច​ម្តេច បង្រះ​ក៏​មិន​រួច​ផង ប្រឹង​ខាំ​កកេរ​ចំណង​ក៏​ពុំ​ដាច់​ឡើយ ម្ល៉ោះ​ហើយ​ពឹត​តែ​ពី​ស្រែក​រក​គេ​ជួយ ស្រាយ​ ដល់​ជិត​ពាក់​កណ្តាល​យប់​មេ​ចោរ​ជា​ប្តី​នាង​ម្លិះ ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​ប្រពន្ធ​គេ​ចង​ជាប់​នៅ​សសរ​ហើយ​សង្ស័យ​ណាស់ ក៏​សួរ​ថា ហេតុ​ដូច​ម្តេច​បាន​ជា​ប្អូន​ឯង​មក​ជាប់​នៅ​សសរ​ផ្ទះ​ដូច្នេះ ។

              នាង​ម្លិះ- បង​អើយ​កាល​ព្រឹក​មិញ​នេះ​មាន​ពួក​ចោរ​ពីរ​នាក់​ឡើង​មក​លើ​ផ្ទះ​យើង វា​ច្របាច់​ក​ខ្ញុំ​ឲ្យ​ប្រាប់​កន្លែង​ទ្រព្យ​សម្បត្តិ​របស់​យើង ខ្ញុំ​ក៏​ពុំ​ហ៊ាន​នៅ​ស្ងៀម​បាន ខ្លាច​ក្រែង​វា​សម្លាប់​ខាន​ឃើញ​មុខ​បង​ត​ទៅ​ទៀត​វា​ប្រឹង​ទៅ​កកាយ​យក​របស់​ដែល​កប់​នៅ​ក្នុង​ដី​ទាំង​ប៉ុន្មាន រួច​វា​នាំ​គ្នា​ចង​ខ្ញុំ​ជាប់​នៅ​សសរ​នេះ ហើយ​រត់​បាត់​អស់​ទៅ ខ្ញុំ​ប្រឹង​ស្រែក​អើយ​ស្រែក​ហៅ​គេ​ជួយ តែ​គ្មាន​អ្នក​ណា​មួយ​មក​សោះ អត់​បាយ​តាំង​តែ​ពី​ព្រឹក​រហូត​មក​ដល់​វេលា​នេះ ។

              មេចោរ​ឮ​ដូច្នោះ​ហើយ ក៏​យក​កាំ​បិត​ទៅ​កាត់​ចំណង​ស្រាយ​ប្រពន្ធ​ចេញ​ហើយ​ក៏​ស្រែក​ថា អើ​មួយ​ជាន់​នេះ​អបរាជ័យ​អស់​ហើយ ទៅ​ឯនោះ​រក​គ្មាន​អ្វី​សោះ គេ​ដេញ​តាម​ទាន់​ដណ្តើម​យក​របស់​គេ​ទៅ​វិញ ថែម​ទាំង​សម្លាប់​អស់​ចោរ​បី​នាក់​ទៅ​ទៀត​ មក​ឯនេះ​ប្រពន្ធ​គេ​ចង​ជាប់​នៅ​សសរ​ទ្រពញយ​មាន​ប៉ុន្មាន គេ​ប្លន់​យក​ពី​ឯង​អស់​រលី​ទៅ​ទៀត នេះ​ចំជា​កាល​កណ្ណី​ធំ ប្រាក់​ក៏​បង់​ថង់​ក៏ដាច ឳអញ​អើយ តាំង​ពី​ថ្ងៃ​នេះ​ទៅ​ហើយ សម​ជា​រង​ទុក្ខ​វេទនា​លំបាក​ដោយ​ការ​រក​ចិញ្ចឹម​ជីវិត​បាន​ដោយ​ក្រណាស់ មេ​ចោរ​ចូល​ទៅ​ដេក​សន្ធឹក​សន្ធៃ ភ្នែក​រំពៃ​គន់​មើល​របស់​នៅ​ក្នុង​ផ្ទះ ឃើញ​ខោ​អាវ​សារុង​ប្លែក​ក្លិន ខ្នើយ​ដែល​ខ្លួន​ដេក​ក៏​ខុស​ពី​ដើម​ទៀត សង្ស័យ​ណាស់​ក៏​សួរ​ទៅ​ប្រពន្ធ​ថា ខោ​អាវ​សារុង​អស់​នេះ​ប្អូន​បាន​ពី​ណាមក​ទី​ដំណេក​ធុំ​ក្លិន​ប្លែក សម​ជា​មាន​អ្នក​ណា​មក​ដេក​មក​នៅ​ទី​នេះ​មិន​ខាន ។

              ម្លិះ​-គ្មាន​អ្នក​ណា​ទេ មាន​តែ​អាពីរ​នាក់​ព្រឹក​មិញ​វា​ស៊ី​ដេក​លើ​គ្រែ​នេះ នាំ​គ្នា​មើល​មុខ​ខ្ញុំ​សើម ឯង​យំ​វា​សើច ខោ​អាវ​នោះ​គឺ​របស់​វា​ទាំង​អស់​បង​កុំ​បារម្ភ​ឲ្យ​សោះ ខ្ញុំ​មិន​ស្រី​ផ្តេស​ផ្តាស​ឡើយ បើ​ខ្ញុះ​មាន​ពុត​មារយាទ​អាក្រក់ ខ្ញុំ​រត់​ចោល​បង​បាត់​ទៅ​ហើយ ។

              មេ​ចោរ​ជឿ​ប្រពន្ធ​ខ្លួន​ពេក​ណាស់ ថា​ណ្ហើយ​របស់​ទ្រព្យ​ប៉ណ្ណឹង​ខូច​ខាត​ចោល​ទៅ​ចុះ កុំ​ឲ្យ​តែ​ខូច​ខាត​ខ្លួន​បើ​អូន​ឯង ។

ឈុត​ទី​៧

ចៅ​ហេមស័យ​នឹង​នាង​ម៉ាល៉ា​បាន​សេចក្តី​សុខ

              ចៅ​ហេម​ស័យ​នាង​ម៉ាល៉ា​ដើរ​យ៉ាង​រហ័ស​ចូល​ទៅ​ក្នុង​ព្រៃ កាត់​ដំម្រង់​ទៅ​ស្រុក​ខ្លួន ដល់​ទី​មួយ​ស្ងាត់​ឮ​តែ​ម្រឹក​បក្សាបក្សី​យំ​ទ្រហឹង​អឺង​កង​រំពង​ខ្លះ​ចិក​ផ្លែ​ឈើ​ស៊ី​លេង​សប្បាយ ខ្លះ​ហើរ​លោត​លើ​មែក​ព្រឹក្សា ចៅ​ហេម​ស័យ​នឹង​ម៉ាល៉ា​ដាក់​សំពាយ​ប្រះ​ខ្លួន​ដេក​ក្រោម​ម្លប់​ឈើ វាយោ​ផាត់​វាយ​ត្រជាក់​ជ្រួត​ជ្រាប​ពេញ​សព៌ាង្គកាយ​រហូត​ដល់​ដួង​ហ្ឫទ័យ ជន​ទាំង​ពីរ​នាក់​ស្រើប​ស្រាល​ដោយ​កាម​តណ្ហា ដេក​ប្រកៀក​ប្រឳប​គ្នា​កណ្តាល​ព្រៃ ។

              ចៅ​ហេមស័យ និយាយ​ទៅ​ប្រពន្ធ​ថា យើង​បាន​ជួប​គ្នា​ម្តង​នេះ​ហាក់​ដូច​ជា​បាន​រស់​ឡើង​វិញ​ជា​ថ្មី​ទៀត ប្អូន​មើល​ចុះ​ដើម​ឈើ​ខ្លះ​ជ្រុះ​ស្លឹក​អស់​រលីង​ នេះ​ដូច​ខ្លួន​យើង​កាល​មាន​ទុក្ខ​វេទនា​ពិបាក​តោក​យ៉ាក​ស្ទើរ​នឹង​ក្ស័យ​ជីព​ជន្ម ន៏​មើល​ដើម​រុក្ខា​ខ្លះ​កំពុង​តែ​លូត​លាស់​សន្លឹក​ជា​ថ្មី​វិញ​ទៀត នេះ​ដូច​រូប​យើង​ទាំង​ពីរ​នាក់ បាន​ជួប​មុខ​ឃើញ​គ្នា​បាន​សេចក្តី​សុខ​ស្រួល​ឡើង​វិញ ឳប្អូន​អើយ យើង​នៅ​ដើរ​ចំនួន​មួយ​ថ្ងៃ​ទៀត​បាន​ដល់​គេហស្ថាន​យើង​សម​ជា​មាតា​បិតា​ញាតិ​សារ​លោហិត​យើង​អរ​ណាស់ សូម​ប្អូន​ខំ​ដើរ​បន្តិច​ទៅ ទើប​ដើរ​ពុំ​រួច​ឲ្យ​បង​ព​ក៏​ព​ដែរ ។

              នាង​ម៉ាល៉ា- បង​មើល​សត្វ​រមាំង​ឈ្មោល​ញី​ទាំង​គូ ស៊ី​ស្មៅ​រួច​បោល​ពេញ​ព្រឹក្សា នេះ​ដូច​ខ្លួន​យើង​នាំ​គ្នា​ដើរ​កាត់​វាល​ចូល​ព្រៃ​ទាំង​ថ្ងៃ​ទាំង​យប់​គួរ​ឲ្យ​កំសត់​កម្រ​នឹង​គ្នា​ណាស់ កម្លាំង​ប្អូន​កុំ​ថា​តែ​ដើរ​ត្រឹម​មួយ​ថ្ងៃ ដប់​ថ្ងៃ​ទៀត​ក៏​បាន​ដែរ តែ​បើ​ដើរ​ជា​មួយ​នឹង​បង បើ​ដើរ​ជា​មួយ​នឹង​អ្នក​ដទៃ​តែ​មួយ​ថ្ងៃ​ច្បាស់​ជា​ពុំ​រួច​ឡើយ ។

              ចៅ​ហេមស័យ ស្តាប់​ហើយ​លើក​បី​ត្រកង​ប្រពន្ធ​ថា យី​ប្អូន​ឯង​ខ្លាំង​ណាស់​តើ រួច​ក៏​នាំ​នាង​ម៉ាល៉ា​ត្រេច​គោចរ​តាម​ដង​ព្រៃ​រហូត​ដល់​ដើម​ភូមិ​មនុស្ស​អ្នក​ស្រុក​ទាំង​អស់​គ្នា​ផ្ងើល​ឆោឡោ ខ្លះ​ស្រែក​ថា​ចៅ​ហេមស័យ​ នឹង​នាង​ម៉ាល៉ា​បណ្តើរ​គ្នា​មក​ពី​ណា​វិញ យើង​ស្មាន​ថា​វា​ស្លាប់​បាត់​អស់​ទៅ​ហើយ ពី​ព្រោះ​គ្មាន​ដំណឹង​អ្វី​សោះ​ចំនួន​កន្លះ​ឆ្នាំ អើ​នេះ​ចំ​ជា​គូ​ព្រេង​របស់​គេ​ ។

              ចៅ​សីណា​នឹង​នាង​បូជា​ផាន់​អង្គុយ​នៅ​ក្បាល​ជណ្តើរ​ក្រឡេក​ទៅ​ខើញ​កូន​ទាំង​ពីរ ប្រឹង​លោត​ទាំង​តែ​ពី​លើ​ផ្ទះ​រត់​ទៅ​ឳប​ថើប​នាង​ម៉ាល៉ា​អង្អែល​ក្បាល​ចៅ​ហេមស័យ សួរ​សាក​អំពី​កាល​ដែល​លិច​លង់​ទឹក​បែប​ដូច​ម្តេច​ខ្លះ នាង​ម៉ាល៉ា​ជំរាប​ម្តាយ​​សព្វ​គ្រប់​ប្រការ​គ្មាន​ខ្វះ ចៅ​សីណា​និយាយ​ប្រាប់​ចៅ​ហេមស័យ​ជា​កូន​ប្រសា​ថា ឳបាន​ជា​គិត​ខុស​ទៅ​ហើយ បាន​ជា​ឳប្រឹង​បង្ខំ​នាង​ម៉ាល៉ា​ឲ្យ​យក​ប្តី​ទៀត​មក​ពី​ជឿ​ពាក្យ​អាចារ្យ​គាំ​ គាត់​ថា​កូន​ឯង​ស្លាប់​ទៅ​ហើយ ឥឡូវ​នេះ​ចៅ​សត្ថា​ក៏​លោត​ពី​លើ​ដើម​គគីរ​សម្លាប់​ខ្លួន​ទៅ​ដោយ​សេចក្តី​សោក​ស្តាយ​នាង​ម៉ាល៉ា​ណាស់ កូន​ឯង​ទាំង​ពីរ​នាក់​សំណាង​ខ្ពស់​ណាស់​គ្មាន​អ្នក​ណា​ស្មើ​ទេ​ក្នុង​ទី​នេះ ។

              ចៅ​ហេមស័យ​នឹង​នាង​ម៉ាល៉ា ឡើង​ទៅ​លើ​ផ្ទះ​ហើយ​ស្រាយ​សំពាយ​រើ​យក​ទ្រព្យ​មក​ចែក​ជូន​ឳពុក​ម្តាយ​ទាំង​ពីរ​ខាង​ស្មើ​ភាគ​គ្នា ឳពុក​ម្តាយ​ត្រេក​អរ​ណាស់ ចៅ​សីណា​លាន់​មាត់​ថា អញ​ស្មាន​ខុស​ថា​តែ​វា​មិន​កើត ឥឡូវ​នេះ​ទៅ​បាត់​តែ​កន្លះ​ឆ្នាំ​រក​បាន​របស់​សន្ធឹក​យក​មក​ចែក​ចាយ​ឲ្យ​ឯង នេះ​ចំ​ជា​កូន​ព្រេង​កូន​សំណាង​អំពី​អតីត​មក ។

              បូជា​ផាន់ – ម្តាយ​ខ្ញុំ​ថា​ខុស​ឬ​ត្រូវ​ ឥឡូវ​ដូច​ម្តេច​ទៅ​កូន​យើង​ទៅ​បាត់​តែ​កន្លះវស្សា រក​បាន​គ្រឿង​មាស​ប្រាក់​ពីរ​សំពាយ​ យក​ឲ្យ​យើង​ដេក​ស៊ី​ទាល់​តែ​ស្លាប់​មិន​អស់​ផង ។

              សីណា-​បុរាណ​គេ​ថា បើ​ដេញ​ទាន់​កុំ​ឲ្យ​ទាន់​កែង បង​បាន​ជា​គិត​ខុស​ទៅ​ហើយ​លែង​នឹក​នា​រឿង​នេះ​ទៀត ។

              ចៅ​ហេម​ស័យ​នៅ​ជា​សុខ​សាន្ត​នឹង​ប្រពន្ធ-ឳពុក​ម្តាយ​បង​ប្អូន មាន​រាត្រី​មួយ​បុរស​នេះ​មក​សញ្ជឹង​គិត​ក្នុង​ខ្លួន​ថា ប្រពន្ធ​អញ​ក្តី កេរ្តិ៍​ឈ្មោះ​អញ​ក្តី បាន​រង​ទុក្ខ​វេទនា​អាប់​អូន​មក​តែ​ពី​តា​អាចារ្យ​គាំ​គាត់​សម​ណធម៌​អញ​តោង​ប្តឹង​តុលាការ ឲ្យ​ប្រដៅ​តា​នេះ កុំឲ្យ​គាត់​ចេះ​តែ​ប្រព្រឹត្ត​អំពើ​នេះ​ត​ទៅ​ទៀត ដល់​ព្រឹក​ចៅ​ហេមស័យ កន្រ្តាក់​យក​ក្រដាស​ធ្វើ​ពាក្យ​ប្តឹង​ក្រសួង​តុលាកា ដូច​មាន​សេចក្តី​រាយការណ៍​ខាង​ក្រោម​នេះ​ថា ៖

              សូម​ទាន​ខ្ញុំ​ប្របាទ​ម្ចាស់​ឈ្មោះ​ហេមស័យ​ជាតិ​ជា​ខ្មែរ​អាយុ ២៥ ឆ្នាំ​នៅ​ភូមិ​អង្គរ ខែត្រ​អង្គរ សូម​ក្រាប​ប្រណិ​ប័តន៍​ចូល​មក​លោក​ចៅ​ក្រម​នឹង​ចាង​ហ្វាង​ក្រសួង​តុលាការ​ខែត្រ​អង្គរ​សូម​ទាន​ជ្រាប។

              ដ្បិត​កាល​ពី​ប្រាំ​មួយ​ខែ​មុន​នេះ ខ្ញុំ​ប្របាទ​ម្ចាស់​បាន​នាំ​ប្រពន្ធ​ឈ្មោះ​នាង​ម៉ាល៉ា ទៅ​ងូត​ទឹក​លេង​នៅ​មាត់​ទន្លេសាប ជា​បាប​គ្រោះ​របស់​ខ្ញុំ​ប្របាទ​ម្ចាស់ៗ ហែល​ពុំ​រួច​បណ្តែត​ខ្លួន​ទៅ​តាម​ខ្សែ​ទឹក​រហូត​ដល់​ចុង​ទន្លេ​នោះ ឯនាង​ម៉ាល៉ា​ប្រពន្ធ​ខ្ញុំ​ប្របាទ​ម្ចាស់ ស្មាន​ថា​ខ្ញុំ​ប្របាទ​ម្ចាស់​ស្លាប់​បាត់​ក្នុង​ទឹក​ទៅ​ហើយ ក៏​ទៅ​ពឹង​លោក​តា​អាចារ្យ​គាំ ផ្ទះ​នៅ​ភូមិ​ជា​មួយ​គ្នា ឲ្យ​អង្គុយ​ធម៌​តាម​មើល​ព្រលឹង​ខ្ញុំ​ប្របាទ​ម្ចាស់​តើ​នៅ​ទី​ណា កាល​លោក​តា​អាចារ្យ​គាំ​បង្គាប់​ឲ្យ​នាង​ម៉ាល៉ា​រក​សំពត់​ស​ដល់​ដប់​ហត្ថ ប្រាក់​ដល់​កន្លះ​ណែន​ទើប​អង្គុយ​ធម៌​ឲ្យ នាង​ម៉ាល៉ា​ក៏​ព្រម​ធ្វើ​តាម អាង​មាន​នាង​បូជា​ផាន់​ម្តាយ​ក្មេក​ខ្ញុំ​ប្របាទ​ម្ចាស់​ជា​សាក្សី​បាន​ដឹង​បាន​ឮ​ផង ដល់​បាន​គ្រឿង​សក្ការ​បូជា​នេះ​សព្វ​គ្រប់​ហើយ តា​អាចារ្យ​គាំ​សំដែង​រិទ្ធី​តាំង​ឈាន​ទៅ​ឃើញ​ថា​រូប​ខ្ញុំ​ប្របាទ​ម្ចាស់​នេះ​នៅ​ក្នុង​សត្វ​ក្រពើ​មួយ នាង​ម៉ាល៉ា​ប្រឹង​សោក​សង្រេង​អត់​បាយ​ក្រហាយ​ទឹក​ដោយ​សារ​ជឿ​ពាក្យ​តា​គាំ មិន​តែ​ប៉ុណ្ណោះ​សោត កលា​ពី​ខែ​មុន​នេះ លោក​សេនា​វិជ័យ​ស្មាន​ថា ប្រពន្ធ​ខ្ញុំ​ប្របាទ​ម្ចាស់​មេម៉ាយ​ពិត លោក​ចាត់​ចែង​បណ្ណាការ​មក​ដណ្តឹង​នាង​ម៉ាល៉ា ឲ្យ​ជា​គូ​នឹង​ចៅ​សត្ថា​ជា​កូន​លោក ប្រពន្ធ​ខ្ញុំ​ប្របាទ​ម្ចាស់​ដែល​មាន​ចិត្ត​ស្លូត​ត្រង់​នឹង​ប្តី មិន​ចង់​ឲ្យ​ប្រុស​មក​កន្លង​ខ្លួន​បាន​ច្រើន​នាក់ ក៏​លួច​រត់​ទៅ​លោត​ទឹក​ប្រាថ្នា​នឹង​សម្លាប់​ខ្លួន ក្នុង​វេលា​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​មង្គល​ការ ចៅ​សត្ថា​បាន​ដឹង​ថា នាង​ប្រព្រឹត្ត​បែប​នេះ​ហើយ ហេតុ​តែ​ស្រឡាញ់​នាង​នេះ​ខ្លាំង​ណាស់ ក៏​ឡើង​ទៅ​លើ​ចុង​គគីរ​មួយ​ដើម​លោត​ទំលាក់​ខ្លួន​មក​ស្លាប់​មួយ​រំពេច​ទៅ ។

              ឯចំណែក​នាង​ម៉ាល៉ា អណ្តែត​ខ្លួន​ទៅ​ជួប​នឹង​ខ្ញុំ​ប្របាទ​ម្ចាស់​កំពុង​តែ​ជិះ​ទូក​ក្នុង​ទន្លេ ។

              រឿង​រ៉ាវ​អស់​នេះ ប្រហែល​ព្រះ​តេជ​ព្រះគុណ​ម្ចាស់​បាន​ជ្រាប​ខ្លះ​ហើយ​មិន​ខាន ឯចៅ​សត្ថា​ក្តី នាង​ម៉ាល៉ា​ក្តី គិត​ប្រហារ​ជីវិត​ខ្លួន​នេះ​មក​តែ​ពី​ពាក្យ​ទំនាយ​លោក​តា​អាចារ្យ​គាំ កេរ្តិ៍​ឈ្មោះ​ខ្ញុំ​ប្របាទ​ម្ចាស់​សាយ​អសោច​ពេញ​ភូមិ​ក៏​មក​ពី​តា​នេះ​ដែរ ។

              ហេតុ​នេះ​សូម​ព្រះ​តេជ​ព្រះ​គុណ​ម្ចាស់ មេត្តា​ហៅ​ឈ្មោះ​តា​គាំ​នេះ​មក​ជំនុំ​ជំរះ​តាម ទាសានុទោស​ប្រដៅ​កុំ​ឲ្យ​គាត់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នេះ​ទៀត​ ទើប​ខ្ញុំ​ប្របាទ​ម្ចាស់​បាន​សុខ​ចិត្ត​ត​រៀង​ទៅ។

សេចក្តី​គួរ​ពុំ​គួរ​សូម​មេត្តា​ខមថ​ទោស

ស៊ីញេ​ឈ្មោះ​ ហេម​ស័យ

             លោក​ចាង​ហ្វាង​សាលា​បាន​ទទួល​ពាក្យ​បណ្តឹង​នេះ​ហើយ​ក៏​យក​ឲ្យ​សុភាចារ​បុរស​ពិនិត្យ ចាត់​ឲ្យ​ក្រឡា​បញ្ជី​ធ្វើ​ដី​ការ​កោះ​ខ្លួន​តា​គាំ​មក​សួរ​ចម្លើយ ។

              តា​គាំ វេលា​ដែល​បាន​ទទួល​សំបុត្រ​ដី​កា​កោះ​មាន​ចិត្ត​ងឿង​ឆ្ងល់​ណាស់​ថា អញ​តាំង​ពី​ក្មេង​រហូត​មក​ដល់​ចាស់​ប៉ុណ្ណេះ​មិន​ដែល​កើត​ខ្វាម​អ្វី​ឡើង​សាលា​ម្តង ទើប​តែ​ថ្ងៃ​នេះ​អញ​មាន​ទាស់​ហេតុ​អី​នឹង​អ្នក​ណា​តា​គាំ​យក​វែនតា​មក​ពាក់​ប្រឹង​ពិនិត្យ​មើល​សេចក្តី​នៅ​ក្នុង​ដីការ​កោះ​ថា មាន​ចៅ​ហេមស័យ​ចោទ​ប្រកាន់​ជា​បទ​ឧក្រិដ្ឋ តា​គាំ​ស្រែក​ហៅ​នាង​ម៉ុក​ជា​ប្រពន្ធ​ថា ម៉ុក​អើយ​មក​អាយ អញ​មួយ​ជាន់​នេះ​មាន​រឿង​ធំ​នាស់​វ៉ឺយ ។

              នាង​ម៉ុក- ស្អីតាៗ​ថា​អី ។

              តា​គាំ-​មាន​រឿង​ធំណាស់

              នាង​ម៉ុក-រឿង​អី ។

              តាគាំ-​រឿង​ឧក្រិដ្ឋ ។

              នាង​ម៉ុក-ស្អី-រឿង​ឧក្រិដ្ឋ ។

              តា​គាំ-​អញ​ថា​ឧក្រិដ្ឋៗ​ហើយ កុំ​សួរ​ច្រើន មួយ​ជាន់​នេះ បើ​មិន​ស្លាប់​ក៏​រស់ បើ​មិន​ខ្នោះ​គត់​តែ​

ឃ្នាង បើ​មិន​ឃ្នាង គង់​តែ​ច្រវាក់ ។

              នាង​ម៉ុក- ស្អី ឧក្រិដ្ឋ​ស្លាប់​រស់ ខ្នោះ​ឃ្នាង​ច្រវាក់​ខ្ញុំ​មិន​យល់​ទេ ។

              តាគាំ- នាង​ឯង​នៅ​សប្បាយ​តែ​ម្នាក់​ឯង​ចុះ ធ្វើ​ខ្លួន​ឲ្យ​យ៉ាង​ហ៊ឺ​រក​កំឡោះ​ទៅ ។

              នាង​ម៉ុក-​តា​ឯង​ថា​អី តា​ឯង​ទៅ​ណា ។

              តាគាំ-​យី អញ​ថា អញ​ឧក្រិដ្ឋ​ហើយ ។

              នាង​ម៉ុក-​(មិន​យល់​ពាក្យ​ឧក្រិដ្ឋ ស្រែក​ថា) តា​ឯង​អុក​ក្តិត​ពី​កាល​ណា ។

              តា​គាំ-​យើ នាង​នេះ ឯង​ថា​ឧក្រិដ្ឋ វា​ថា​អុក​ក្តិត អញ​ជាប់​ចោទ​បទ​ឧក្រិដ្ឋ​គឺ​ថា​មាន​ទោស​ធំ​ណាស់ មាន​តែ​គុក​នឹង​ច្រវាក់​ដឹង​ឬ​ទេ នែ​ស្អែក​ដល់​ថ្ងៃ​ត្រង់​បើ​ពុំ​ឃើញ​អញ​ត្រឡប់​មក​ពី​សាលា​វិញ ឯង​ទៅ​លប​មើល​អញ​ផង​ អាណិត​យក​បាយ​ឲ្យ​អញ​ស៊ី​ពុំ​ខាន ។

              នាង​ម៉ុក- តា​ឯង​មាន​ខុស​អី​បាន​ជា​មានទោស​ដល់​ទី​នេះ ។

              តាគាំ – ឈ្មោះ​ហេម​ស័យ​វា​ប្តឹង​ពី​អញ ។

              នាង​ម៉ុក- ស្លាប់​ហើយ​តា​អើយ​តា ច្បាស់​ជា​រឿង​សមណធម៌​ហើយ​គ្មាន​អី​ទេ ។

              ដល់​ព្រឹក​ឡើង​តា​គាំ​ស្លៀក​សំពត់​ស​ពានាស ស្ពាយ​ចង់​យាម​ដៃ​ឆ្វេង​កាន់​តម្រា​មួយ ដៃ​ស្តាំ​កាន់​ឈើ​ច្រត់​ដើរ​ទៅ​សាលា នាង​ម៉ុក​ស្រែក​ថា ជយោតាគាំ តា​គាំ​ទៅ​ដល់​សាលា​យក​ដីកា​កោះ​ឲ្យ​ទៅ​សុភាចារបុរសៗ ក៏​សូត្រ​ពាក្យ​ចោទ្យ​ឲ្យ​ស្តាប់​ហើយ​សួរ​ថា៖

              សុភា- តា​គាំ​ឯង​បាន​សមណធម៌​តាម​មើល​ព្រលឹង​ចៅ​ហេមស័យ​មែន​ឬ​ទេ ។

              តាគាំ- ប្របាទ​ម្ចាស់ មែន​ពិត​ហើយ ។

              សុភា- អង្គុយ​សមណធម៌​ម្តងៗ ប្រហែល​ចំនួន​កន្លះ​ម៉ោង ហេតុ​ដូច​ម្តេច​បាន​ជា​ថ្ងៃ​ច្រើន​ដល់​ម្ល៉េះ ។

              តា​គាំ – ទាន​ប្រោស នេះ​គឺ​បណ្តាំ​របស់ គ្រូ​ខ្ញុំ​ប្របាទ​បង្គាប់​ឲ្យ​ទារ​បែប​ហ្នឹង ទើប​បាន​ឆាប់​រួច​សោហ៊ុយ​បង់​ខាត​កាល​ដែល​សិក្សា​រៀន​សមណធម៌​នេះ លាក់​បាំង​ថ្វី​កាល​ខ្ញុំ​ប្របាទ អស់​ប្រាក់​ចំនួន​ម្ភៃ​ណែន​ចំណាយ​ទិញ​ត្រៃ​ចីវរ​ទៀន​ធូប​តែ​ស្ករ​បូជា​គ្រូ​ទើប​បាន​ចេះ​ប៉ុណ្ណឹង ។ គឺ​ទោស​ទី​២ តាម​ច្បាប់​សម្រាប់​ព្រះ​នគរ​មាត្រា​១៥០ នេះ​ត្រូវ​ដាក់​គុក​តា​ឯង​ចំនួន​១០ ឆ្នាំ ហើយ​ត្រូវ​តា​ឯង​បង់​ជម្ងឺ​ចិត្ត ចំនួន​ប្រាក់​៥០ ណែន​ឲ្យ​ឈ្មោះ​ហេមស័យ ឯប្រាក់​នេះ​ត្រូវ​តា​គាំ​កម្ម​ក្រាស់​ឯង​យក​មក​ដាក់​សាលា​វេលា​ស្អែក​ព្រឹក​ម៉ោង ៨ កុំ​ខាន បើ​មិន​សុខ​ចិត្ត​តា​ឯង​ឧទ្ធរណ៍​ទៀត​ចុះ ។

              តាគាំ- លើក​ដៃ​សំព ចៅ​ក្រម​ញ័រ​ថា ទាន​ប្រោស​ខ្ញុំ​ប្របាទ​អាយុ​ជាង​ហុក​សិប​ឆ្នាំ​ទៅ​ហើយ ប​ជាប់​ទោស​១០​ឆ្នាំ​ទៀត​ច្បាស់​ជា​ស្លាប់​ក្នុងគុក​មិន​ខាន​ឡើយ ណ្ហើយ​ខ្ញុំ​ប្របាទ​ម្ចាស់​មិន​ចាំ​បាច់​ឧទ្ធរណ៍​ទៀត​ទេ ឲ្យ​តែ​លោក​អនុញ្ញាត​ឲ្យ​នាង​ម៉ុក​ជា​ប្រពន្ធ​ខ្ញុំ​ប្របាទ​មក​នៅ​ក្នុង​គុក​ជា​មួយ​ផង​បាន​ឬ​ទេ ។

              សុភា- មិន​ដែល​មាន នាង​ម៉ុក​មាន​ទោស​អី ។

              តាគាំ-​ទាន​ប្រោស​មាន មក​តែ​ពី​វា បាន​ជា​ខ្ញុំ​ប្របាទ​ប្រឹង​សមណធម៌​ចិញ្ចឹម ព្រះតេជព្រះគុណ​អើយ​នែ ប្រពន្ធ​ខ្ញុះ​ប្របាទ​អាយុ​ទើប​តែ​២០​ឆ្នាំ សាច់​នៅ​ខ្ចី​ល្អូក ថ្ពាល់​នៅ​ទ្រមមៗ វា​នៅ​តែ​ម្នាក់​ឯណា​បាន បើ​ព្រះ​តេជ​ព្រះគុណ​មិន​ព្រម​ខ្ញុំ​ប្របាទ​ម្ចាស់​ដាច់​ដង្ហើម​ឥឡូវ​ហ្នឹង ។

              សុភា- អើ​តា​ឯង​មាន​ប្រពន្ធ​ក្រមុំ​ផង នេះ​ចំ​ជា​ចាស់​អ្នក​លេង​រេច ។ ចាងហ្វាង-​ណ្ហើយ​ចុះ​តា ឯច្បាប់​តែង​មាន​ត្រាប្រណី ណ្ហើយ​ទោស​គុក​ដប់​ឆ្នាំ​ខ្ញុះ​លើក​ចោល​ចេញ តា​ឯង​ត្រូវ​តែ​បង់​ប្រាក់​ចំនួន​៥០ ណែន​ឲ្យ​ចៅ​ហេមស័យ​ប៉ុណ្ណឹង​បាន​ហើយ តា​ឯង​រក​បាន​ទេ​ប្រាក់​៥០ ណែន ។

              តាគាំ-ឳព្រះ​គុណ​ធ្ងន់​អើយ លោក​មាន​មេត្តា​ខ្ញុំ​ប្របាទ​ម្ចាស់​ណាស់​ប្រាក់​៥០ ណែន​ខ្ញុំ​ប្របាទ​ម្ចាស់​រក​បាន​ចាំ​ខ្ញុំ​ប្របាទ​ម្ចាស់​ទៅ​យក​ពី​ប្រពន្ធ​ខ្ញុំ​ប្របាទ មក​ជូន​លោក​វេលា​ថ្ងៃ​ស្អែក​នេះ​ពុំ​ហ៊ាន​ខាន។

              តា​គាំ​ក៏​លា​ចៅ​ក្រម​ត្រឡប់​មក​ផ្ទះ​វិញ ឃើញ​ប្រពន្ធ​កំពុង​តែ​ដេក​ឳប​ប្រុស​កំឡោះ​ម្នាក់ តា​គាំ​ខឹង​ណាស់​មក​ឈើ​ច្រត់​សំពង​នាង​ម៉ុក​ហើយ​ស្រែក​ជេរ​ថា មេចោរ​អប្រិយ ឯង​ចុះ​ក្រូស​វា​ក្រេស នេះ​ចំ​ជា​ស្រី​ពេស្យា​កា​កី ប្រទះ​អាណាយក​អានឹង ឳពុទ្ធោៗ​អើយ គ្រាន់​តែ​ឯង​មាន​រឿង​បន្តិច​មិន​ទាន់​ទៅ​ជា​អី​ផង វា​ក្បត់​ចិត្ត​ឯង​ទៅ​ហើយ ទំរាំ​តែ​ឯង​ជាប់​ទោស​ទៅ​ទៀត មួយ​យប់​វា​នាំ​ប្រុស​តិច​ណាស់​ត្រឹម​ដប់​មក​លើ​ផ្ទះ​នេះ មើល​មី​ខ្មុក​ឯង ខ្មុក​ទាំង​អស់ ខ្មុក​ទាំង​កេរ្តិ៍​ទាំង​ខ្មាស យក​ប្រាក់​ឲ្យ​អញ​៥០ ណែន​ឆាប់​អញ​ត្រូវ​ការ​យក​ទៅ​ដាក់​សាលា ។

              នាង​ម៉ុក ទញ់​គំនិត ខ្មាស​តា​គាំ​ក្រៃ​ក្រាស់​ក៏​ឆ្លើយ​ថា ប្រាក់​មាន​ពី​ណា​ ខ្ញុំ​ចាយ​ស៊ី​អស់​ទៅ​ហើយ​នៅ​សល់​តែ​ដប់​ណែន​នៅ​ក្នុង​ហឹប ។

              តា​គាំ- ច្បាស់​ជា​បណ្តោះ​ឲ្យ​ទៅ​សហាយ​វា​ចាយ​ស៊ី​ខ្លះ​ហើយ អញ​វេលា​នេះ​ធ្លាក់​ខ្លួន​វិនាស​ធំ មក​ពី​មាន​ប្រពន្ធ​ក្រមុំ បាន​ជា​មាន​ទុក្ខ​បែប​នេះ​ល្មម​ហើយ​ស្រឡាញ់​គេ​បង់​ចិត្ត អញ​មិន​គួរ​នៅ​ឲ្យ​ឃើញ​មុខ​មី​នេះ​សោះ ឯណា​គ្មាន​ប្រាក់​យក​ទៅ​ដាក់​សាលាៗ​គេ​នឹង​ធ្វើ​ទោស​មិន​ខាន ។

              តាគាំ- កន្រ្តាក់​យក​បាន​ប្រាក់​១០ណែន ដើរ​កាត់​ទៅ​ផ្សារ​ទិញ​ត្រៃ​ចីវរ​នឹង​គ្រឿង​បរិក្ខារ មាន​មុង​កន្ទេល​ខ្នើយ បាន​រួច​ស្រេច​ក៏​ប្រឹង​ដើរ​ត្រេច​ចូល​ក្នុង​ព្រៃ ទៅ​ដល់​ភ្នំ​ដង​រែក​យក​ស្បង់​ចីពរ​មក​គ្រង​បួស​ជា​តាបស​ឥសី ចំរើន​មេត្តា​ភាវនា កាត់​ចិត្ត​លែង​នឹក​នាង​ម៉ុក​ទៀត​ឡើយ ឃើញ​បក្សាបក្សី​ទាំង​ឡាយ លោក​តា​គាំ​ក្រហល់​ក្រហាយ​ក្នុង​ហ្ឫទ័យ​គិត​ថា ឳកាម​គុណ​មិន​យាយី​ថ្វើ​បាប​តែ​មនុស្ស​លោក​ទេ រហូត​ដល់​សត្វ​តិរច្ឆាន​ក៏​តាម​មក​ឱប​រុំ​ចង​ជាប់​មិន​ឲ្យ​បង្រះ​រួច​អំពី​ស្ថាន​លាមក​ពោល​គឺ​វដ្តសង្សារ​នេះ អញ​អើយ កាល​ពី​ដើម​បួស​នៅ​ស្រុក​ស្រួល​ល្អ​ពេក មក​ឃើញ​មី​ម៉ុក​ក្រមុំ​ចង្រៃ​សឹក​ចោល​ភ្នួស​ភ្លាម ស្មាន​ថា​វា​ស្រឡាញ់​ឯង ដូច​ឯង​ស្រឡាញ់​វា ឱគួរ​សង្វេគ​ដល់​ចាស់ៗ​ដែល​មាន​ប្រពន្ធ​ក្រមុំ ដោះ​ក្រពុំ​ដូច​ផ្លែ​ទម្លាប់​ស៊ូ​ធ្វើ​ការ​ឲ្យ​ទាល់​ងាប់​ផ្គាប់​ចិត្ត​គេ​ក៏​មិន​ត្រូវ​ថែម​ទៀត ហេតុ​នេះ​បាន​តែ​ថា​កម្លោះ​គូៗ​នឹង​ក្រមុំ យាយៗ​ចាស់ទុំ​គូនឹង​តាៗ​ឯង​មិន​គិត​ដូច្នោះ​ស្មាន​ថា ក្រមុំ​បើ​បាន​មក​តា​ឫកពា​សង្ហា​ស្រឡាញ់​ទាល់​ងាប់ មិន​គួរ​ឆោត​ល្ងង់​បណ្តោយ​ឲ្យ​កាម​គុណ​មក​រឹប​ជាន់​សោះ​ឡើយ ។

              ចៅ​ហេមស័យ​នឹង​នាង​ម៉ាល៉ា​បាន​ប្រកប​ដោយ​នូវ​សេចក្តី​សុខ​អ្នក​ស្រុក​ស្រឡាញ់​រាប់​អាន​ទុក​ជា​មនុស្ស​ត្រឹម​ត្រូវ​ កិច្ចការ​ក្រ ទាំង​ឡាយ​ចៅ​ហេម​ស័យ​អាច​ជួយ​ឈឺ​ឆ្អាល​យក​អាសារ​គេ​ទាំង​អស់ ។

              ថ្ងៃ​មួយ ចៅ​ហេមស័យ​និយាយ​ទៅ​កាន់​ប្រពន្ធ​ថា កាល​ប្អូន​នៅ​ក្មេង​រូប​ល្អ​ណាស់ ឥឡូវ​នេះ​ខុស​ឆ្ងាយ​ពី​មុន នែ​ប្អូន បុប្ផា​ទាំង​ឡាយ​កាល​ក្រពុំ​រីក​ឡើង​ល្អ​មើល ដល់​ត្រូវ​កំដៅ​ព្រះអាទិត្យ​ផ្កា​រួយ​រុះ​អស់​ទៅ​វិញ នេះ​ដូច​រូប​យើង​ទាំង​អស់​គ្នា កាល​នៅ​ពី​ក្មេង មាន​រូប​រាង​ល្អ​ស្អាត​ដល់​ចាស់​ទៅ​សាច់​ជ្រោក​ជ្រក​ព្យាធិ​នឹង​មរណៈ​មក​សង្កត់​សង្កិន​ដូច​ជា​ផ្កា​ដែល​ត្រូវ​កំដៅ​ព្រះសុរិឆាន ។

              ជន​ទាំង​ពីរ​នាក់​ស្រឡាញ់​ប្តី​ប្រពន្ធ​លើស​លប់​មិន​ដែល​ទាស់​ទែង​ខ្វែង​គំនិត​ ចំបែង​ចិត្ត​ម្តង​សោះ​រហូត​ដល់​រលត់​ខន្ធ​រៀង​ខ្លួន​ទៅ ។

              ឳជីវិត​សត្វ​លោក​យើង​អើយ វិនាស​ស្លាប់​ដោយ​សារ​កាម​គុណ​ច្រើន​ណាស់​តើ កាម​គុណ​បើ​មាន​ច្រើន​ដល់​បុគ្គល​ណា​បុគ្គល​នោះ​រមែង​តែង​សោយ​ទុក្ខ​ច្រើន​ជាង​សុខ អកុសល​កម្ម​នេះ​នឹង​លេង​មក​ញាំ​ញី​សត្វ​សាមញ្ញ​ក្រែង​តែ​មាន​ផ្កា​បទុម​ដុះ​ចេញ​ពី​ថ្ម​ភ្នំ​មក ភ្លើង​ដែល​ឆេះ​នៅ​ក្នុង​នរក​ប្រែ​ទៅ​ជា​ត្រជាក់ ឬ​ព្រះអាទិត្យ​រះ​ឡើង​ពី​ទិស​បស្ចឹម​វិញ​ហោង ។

សង្ខេប​តែ​ប៉ុណ្ណេះ ។


[1] ទឹក​ទន្លេសាបរបស់​ថី គិម ហាក់ លេខានុការ​ក្រសួង​ប្រៃ​សនីយ៍(ប៉ុស្ត​ខ្សែ​លួស) បាន​តែង​នឹង​រៀប​រៀង(ត​ពី​លេខ​១​ឆ្នាំ​ទី​១១)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s