Name of CHENLA

ឈ្មោះអាណាចក្រចេនឡាតាមរយៈកំណត់ត្រា

ឯកសារចិននិងសិលាចារឹក

១- សេចក្តីផ្តើម

ការសិក្សាអំពីប្រវត្តិរបស់ចេនឡា មានអ្នកស្រាវជ្រាវជាច្រើនអ្នក រួមទាំងជនជាតិបរទេសនិងខ្មែរផង បានខិតខំពន្យល់និងបកស្រាយរឿងរាវទាំងនេះ ដោយដកស្រង់ចេញពីឯកសារផ្សេងៗ មានឯកសារកំណត់ត្រារបាយការណ៍ចិននិងឯកសារសិលាចារឹកជាភាសាខ្មែរនិងសំស្រឹ្តត។ ឯកសារទាំងពីរនេះជាមូលដ្ឋានសំខាន់ណាស់សម្រាប់បង្ហាញពីប្រវត្តិសាស្រ្តខ្មែរសម័យមុនអង្គរជា

ពិសេសសម័យនគរភ្នំបានពឹងផ្អែកស្ទើរតែទាំងស្រុងលើឯកសារកំណត់ត្រារបាយការណ៍ចិននិងសិលាចារឹកមួយ

ចំនួន ចំណែកសម័យចេនឡាវិញគេបានពឹងផ្អែកលើឯកសារសិលាចារឹកច្រើនជាង ហើយឯកសារកំណត់ត្រារបាយការណ៍ចិនមានចំនួនបន្តិចបន្តួចប៉ុណ្ណោះ។

ប្រធានបទដែលបានរួមចំណែកវិភាគអំពីចេនឡានៅពេលនេះគឺ “ឈ្មោះអាណាចក្រចេនឡាតាមរយៈកំណត់ត្រាឯកសារចិន និងសិលាចរឹក”។ ការសិក្សានេះមានគោលបំណងសង្កត់ធ្ងន់ចំពោះមូលហេតុនៃការដាក់ឈ្មោះប្រទេសកម្ពុជាថា“ចេនឡា”នៅក្នុង

ឯកសារកំណត់ត្រារបាយការណ៍ចិនពីបុរាណ។

២- ឈ្មោះចេនឡាក្នុងឯកសារចិន

កំណត់ត្រារបាយការណ៍ចិនបានឲ្យដឹងថា ពាក្យ “ចេនឡា” ជាឈ្មោះមួយដែលចិនបានហៅប្រទេសកម្ពុជាចាប់តាំងពីក្រោយសម័យហ្វូណន រវាងដើមសតវត្សទី៧ រហូតដល់សម័យអង្គរ និងបន្តដល់សម័យក្រោយអង្គរ។

លោកលី ធាមតេង ដែលបានប្រែកំណត់ត្រារបាយការណ៍ចិនរបស់ជីតាក្វាន់ បានពន្យល់ន័យរបស់ពាក្យ    ចេនឡាថា “ពួកចិនតែងធ្វើដំណើរតាមសំពៅមកទិញដូរយកក្រមួនសុទ្ធ គឺក្រមួនយកពីឃ្មុំ ដើម្បីនាំទៅលក់ឯស្រុកគេសម្រាប់ធ្វើទៀន ហើយគេនាំគ្នាសន្មត់ហៅស្រុកនេះថា ក្រមួនសុទ្ធ គឺថា ចេនឬចេង ប្រែថាសុទ្ធ ឯឡាឬឡាក់ ប្រែថាក្រមួនឬឃ្មុំ ឬទៀន”  (ភាសាចិនគេដាក់គុណនាមមុខនាម) បូករួមមានន័យថា “ស្រុកក្រមួនសុទ្ធ”

ប្រភពទិន្នន័យកំណត់ត្រារបាយការណ៍ចិនបុរាណ ទោះបីថាមានប្រយោជន៍ច្រើនយ៉ាងណាក៏ដោយ តែវាក៏នៅមានបញ្ហាច្រើនដូចគ្នា ប្រសិនបើផ្អែកលើទ្រឹស្តីភាសាវិទ្យា។ ភាសាចិនទោះបីទាំងភាសានិយាយនិងសរសេរបើយកមកកត់ត្រាសំឡេងរបស់ពាក្យនៅក្នុងភាសាដទៃ នោះពិតជាមិនបានច្បាស់ល្អ។ ចំណែកអក្សរចិនវិញ មួយពាក្យៗក៏បញ្ចេញសំឡេងខុសៗគ្នាទៅតាមតំបន់និងសម័យកាលនីមួយៗដែរ។ នៅអាស៊ីអាគ្នេយ៍មានភាសាប្រចាំតំបន់របស់ខ្លួនជាច្រើន ទៅតាមប្រទេសនីមួយៗ   រួមទាំងភាសាសំស្រ្កឹត និងបាលីផងដែរ    ដែលមានគោលការណ៍បញ្ចេញសំឡេង

ផ្សេងៗគ្នា ខុសប្លែកគ្នា។ ករណីនេះបានធ្វើឲ្យអ្នកកត់ត្រារបាយការណ៍ចិនបុរាណ អាចស្តាប់មិនបានឬមិនច្បាស់នូវឈ្មោះភូមិ ស្រុក ទីក្រុង មន្ត្រីរាជាការ ប្រាសាទ និងស្តេចជាដើម តាមរយៈអ្នកប្រែភាសាដែលមិនមែនជាម្ចាស់ភាសា។

ឧទាហរណ៍ ប្រសិនបើអ្នកប្រែភាសាជាមនុស្សដែលមកពីតំបន់ផ្សេង នោះការប្រាប់ឈ្មោះ ភូមិ ស្រុក ទីក្រុង និងស្តេចពិតជាមិនបានច្បាស់លាស់ឬខុសតែម្តង។

ឯកសារកំណត់ត្រារបាយការណ៍ចិន មានចំណុចខ្សោយមួយទៀតស្ថិតនៅត្រង់ថា ឯកសារដែលបានតម្កល់ទុករហូតមកដល់សព្វថ្ងៃនេះ មិនមែនជាឯកសារពីដើមដែលកត់ត្រានៅក្នុងសម័យកាលនោះទេ ជាឯកសារដែលបានកត់ត្រាចម្លងឡើងវិញម្តងហើយម្តងទៀត ទើបធ្វើឲ្យមានការភ្លាត់ខុសនិងមានការកែពីត្រូវទៅជាខុសទៅតាមគំនិតរបស់អ្នកកត់ត្រាដែលគេយល់ថាត្រឹមត្រូវ។ ម្យ៉ាងទៀត រាល់សន្តតិវង្សរបស់ចិនគ្រប់ជំនាន់ តែងចាត់តាំងមន្រ្តីរបស់ខ្លួនឲ្យរៀបរៀងនិងចម្លងឯកសារនានាដែលមានសារៈសំខាន់បន្តពីរាជវង្សមុន ហើយការចម្លងនេះត្រូវប្រើរយៈពេលច្រើនឆ្នាំ។

៣- ឈ្មោះប្រទេសកម្ពុជាក្នុងសិលាចារឹក នៅតំណាក់កាលចេនឡា

យោងតាមហេតុផលខាងលើនេះ គេមិនអាចជឿទុកចិត្តបានថា ឈ្មោះចេនឡាមានន័យបែបនេះ បែបនោះ ឬបែបណាមួយនោះទេ។ អ្នកស្រាយបំភ្លឺពីន័យរបស់ពាក្យចេនឡា ចាំបាច់ត្រូវស្គាល់ឲ្យច្បាស់ពីមូលដ្ឋាននៃកត្តានិរុត្តិរបស់វាឲ្យបានច្បាស់លាស់ ទើបអាចពន្យល់ន័យបាន។

បើសម្អាងលើប្រភពឯសារសិលាចារឹក ប្រទេសកម្ពុជាក្នុងតំណាក់កាលហ្វូណន មិនមែនមានឈ្មោះថា    “ចេនឡា” ដូចដែលចិនបានឲ្យនោះទេ។ គេសង្កេតឃើញមានពាក្យ “ក្មេរ ខ្មេរ កម្វុជទេស” ចារឹកទុកក្នុងសិលាចារឹកមួយចំនួន ទាំងសម័យមុនអង្គរនិងអង្គរ ដែលអាចចាត់ទុកបានថាជាឈ្មោះរបស់ប្រទេសកម្ពុជានៅសម័យនោះ។    ពាក់ព័ន្ធនឹងឈ្មោះទាំងនេះ មានសិលាចារឹកចំនួន១១ផ្ទាំងសំខាន់ៗធ្វើជាមូលដ្ឋានសម្រាប់បង្ហាញពីបញ្ហាទាំងអស់នេះ។

៣-១- ឈ្មោះ “ក្មេរ” និង “ខ្មេរ”

សិលាចារឹកចំនួន៩ផ្ទាំងមានចារឹកទុកនូវឈ្មោះទាំងនេះ ក្នុងនោះសិលាចារឹកសម័យមុនអង្គរចំនួន៥ផ្ទាំងបានបង្ហាញពាក្យ “ខ្មែរ” តាមរូបភាពសំណេរ “ក្មេរ” សម្រាប់សម្គាល់ឈ្មោះក្រុមជាតិពន្ធុឬជាតិនិពន្ធនាមជាជនជាតិខ្មែរ ដែលមានមុខងារជាអ្នកបម្រើព្រះនៅតាមប្រាសាទឬទេវស្ថាននានា និងឈ្មោះស្រុកឬប្រទេស។ សិលាចារឹកទាំងនោះមាន សិលាចារឹកពោធិវង្សលើ K.11 នៅខេត្តតាកែវ ចារឹកក្នុងសតវត្សទី៧ ត្រង់បន្ទាត់ទី៣ “វ ក្មេរ” និងសិលាចារឹកភូមិដួង នៅស្រុកបាណន់ ខេត្តបាត់ដំបង ចារឹកនៅសតវត្សទី៧ ត្រង់បន្ទាត់ទី១១ “វាក្មេរ” មានន័យថា “បុរសឈ្មោះក្មេរ” ពាក្យ “ក្មេរ” ក្នុងសិលាចារឹកទាំងពីរជានរនាម។ សិលាចារឹកព្រៃមៀន k.18 នៅស្រុកទ្រាំង ខេត្តតាកែវ ចារឹកនៅគ្រឹស្តសករាជ៧២៦ ត្រង់បន្ទាត់ទី៦ “កុ ក្មេរ” និងសិលាចារឹកទួលវត្តចាស់ k.786 នៅលង្វែក ខេត្តកំពង់ឆ្នាំង ចារឹកនៅសតវត្សទី៧ ត្រង់បន្ទាត់ទី១០ “កុ ក្មេរ” មានន័យថា “នារីឈ្មោះក្មេរ” ពាក្យ “ក្មេរ” ក្នុងសិលាចារឹកទាំងពីរជា      នរនាម។ សិលាចារឹកបេលប់ k.1247 ចារឹកនៅសតវត្សទី៧ ត្រង់បន្ទាត់ទី១៣ “ក្ញុំក្មេរ” មានន័យថា “អ្នកបម្រើជា ជនជាតិខ្មែរ” ក្នុងសិលាចារឹកនេះពាក្យ “ក្មេរ” បានបង្ហាញន័យកាន់តែច្បាស់ជាងមុន សម្គាល់ឈ្មោះជាតិពន្ធុឬជាតិពន្ធុនាម ដែលជាក្រុមមួយស្ថិតក្នុងអម្បូរមនខ្មែរ។

សិលាចារឹកនៅសម័យអង្គរចំនួន៣ផ្ទាំង បានបង្ហាញឲ្យឃើញថាពាក្យ “ខ្មែរ” ស្ថិតក្រោមរូបភាពសំណេរ “ខ្មេរ” នៅតែបន្តប្រើប្រាស់រហូតមកដល់សម័យអង្គរថែមទៀត ដូចជាសិលាចារឹកសប្បាក នៅក្នុងស្រុកប៉ាកទង់ឆៃ ខេត្តនគររាជសីមាប្រទេសថៃ ដែលជាសិលាចារឹករបស់ខ្មែរសរសេរជាភាសាសំស្រ្កឹតនិងខ្មែរ ចារឹកនៅឆ្នាំគ្រឹស្តសករាជ១០៦៦ ត្រង់បន្ទាត់ទី១៣ “កំបិជវាអាក្រាន្តស្រុកខ្មេរ” មានន័យថា “កុំបីជ្វាឈ្លានពានស្រុកខ្មែរ” ឬ“កុំឲ្យជ្វាឈ្លានពានស្រុកខ្មែរ”។ ពាក្យ “ស្រុកខ្មេរ” នៅក្នុងសិលាចារឹកសំដៅដល់ឈ្មោះប្រទេសខ្មែរ និងបង្ហាញន័យកាន់តែច្បាស់លាស់ថែមទៀតជាងសិលាចារឹកនៅសម័យមុនអង្គរ k.11 k.18 k.786 និងសិលាចារឹកបាណន់ ដែលពាក្យ “ក្មេរ” និង “ខ្មេរ” មានន័យត្រឹមតែជានរនាមឬឈ្មោះមនុស្ស និងសិលាចារឹក k.1247 មានន័យត្រឹមតែជាឈ្មោះជាតិ ពន្ធុប៉ុណ្ណោះ។ អាចនិយាយបានថាពាក្យ “ខ្មេរ” ក្នុងសិលាចារឹកសប្បាកមានន័យដល់ឈ្មោះស្រុកខ្មែរ គឺប្រទេសខ្មែរ។ ចំណែកសិលាចារឹកវត្តភូ K.366 នៅខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ចារឹកនៅឆ្នាំ១១៣៩ ត្រង់បន្ទាត់ទី២៧ “តៃស្មៅក្មេរ” មានន័យថា “នារីឈ្មោះស្មៅក្មេរ” ពាក្យ “ក្មេរ” ក្នុងសិលាចារឹកនេះជាឈ្មោះរបស់នារី។ សិលាចារឹកប្រាសាទបន្ទាយឆ្មារ k.227 នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចារឹកនៅសតវត្សទី១២ ក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ត្រង់បន្ទាត់ទី២៧ “ស្តចនាំអ្នកខ្មេរ” មានន័យថា “ស្តេចនាំមនុស្សខ្មែរ” ឬ “ស្តេចនាំជនជាតិខ្មែរ” ពាក្យ “ខ្មេរ” នៅទីនេះមានន័យដល់ឈ្មោះរបស់ជនជាតិខ្មែរ។

៣-២- ឈ្មោះ “កម្វុជ”

តាមការស្រាវជ្រាវគេបានរកឃើញថា នៅសម័យអង្គរមានសិលាចារឹកជាភាសាខ្មែរសំខាន់ៗ៣ ដែលបានចារឹកទុកនូវឈ្មោះ “កម្វុជ”។ សិលាចារឹកទាំងនោះមាន សិលាចារឹកស្តុកកក់ធំ k.235 នៅស្រុកអារញ្ញ ខេត្តប្រាចិនបុរី         (បស្ចឹមបុរី) ប្រទេសថៃ ចារឹកនៅឆ្នាំគ្រឹស្តសករាជ១០៥២ នៅលើជ្រុងទី៣ជាភាសាខ្មែរ ត្រង់បន្ទាត់ទី៧២             “កម្វុជទេស” សិលាចារឹកវត្តសំរោង k.958 នៅស្រុកបាភ្នំខេត្តព្រៃវែង ចារឹកនៅសតវត្យទី១០ ត្រង់បន្ទាត់ទី១៦     “វ្រះកម្វុជទេស” និងសិលាចារឹកប្រាសាទបន្ទាយឆ្មារ k.277 ត្រង់បន្ទាត់ទី២៨ “កម្វុជទេស”។ ពាក្យ “កម្វុជទេស” នៅក្នុងសិលាចារឹកទាំង៣ មានន័យថា “ប្រទេសកម្ពុជា” ឬ “ទឹកដីឬព្រះរាជាណាចក្រកម្ពុជា” ពាក្យនេះជាមូលដ្ឋានអាចអះអាងបានថា ពីសម័យបុរាណប្រទេសកម្ពុជា ពិតជាមានឈ្មោះសម្រាប់ហៅប្រទេសរបស់ខ្លួនពិតប្រាកដថា        “កម្វុជទេស” ឬ “វ្រះកម្វុជទេស” មិនមែនឈ្មោះ “ចេនឡា” ដូចដែលចិនបានដាក់ឈ្មោះឲ្យនោះទេ។

៤. សេចក្តីសន្និដ្ឋាន

ការដែលចិនបានដាក់ឈ្មោះឲ្យប្រទេសកម្ពុជាថា “ចេនឡា” គឺជារឿងមួយដោយឡែកសម្រាប់ប្រទេសចិនក្នុងការ   កត់ត្រារបាយការណ៍របស់ខ្លួន។ ឈ្មោះ “ចេនឡា”មិនមែនជាឈ្មោះពិតរបស់ប្រទេសកម្ពុជានៅសម័យនោះទេ ព្រោះប្រទេសកម្ពុជាមានឈ្មោះហៅប្រទេសរបស់ខ្លួនពិតប្រាកដថា “ស្រុកខ្មេរ” ឬ “កម្វុជទេស” ឬ “វ្រះកម្វុជទេស” ទៅតាមពាក្យបុរាណតាំងពីសម័យមុនអង្គររហូតដល់សម័យអង្គរ និងបន្តប្រើរហូតដល់សម័យបច្ចុប្បន្ន។ គេពុំឃើញមានឈ្មោះ “ចេនឡា” នៅក្នុងសិលាចារឹកខ្មែរមួយណាឡើយ ឈ្មោះនេះមានតែនៅក្នុងឯកសារកំណត់ត្រារបាយការណ៍ចិនប៉ុណ្ណោះ។

BIBLIOGRAPHIE

–          A.Y. Chevenlenko, Encore au sujet de la famille linguistique austroasiatique (en russe), Sovietskoye Vostokoveenie, n. l, Moscou 1958, pp.101-106

–          G.Coedѐs, Les peuples de la Péninsule Indochinoise; chapitre : Langage, Paris, 1962.

–          G.Coedѐs, Les Etats Hindouisés d’Indochine et d’Indonésie, Nouvelle Édition, Paris 1964 ; chapitre : La civilization austroasiatique.

–          G. Coedѐs, Les inscriptions du Cambodhe, École Française d’Exrrême-Orient, vol.1, Hanoi 1937; vol.2 Hanoi, 1942; vol.3, Paris, 1951; vol.4.Paris. 1952; vol.5. Paris, 1953; vol.6. Paris. 1954; vol.7. Paris, 1964; vol.8.Paris. 1966; Hanoi-Paris.

–          G.Diffloth, the Dvaravati Old Mon Language and Nyah Kur, Chulalongkorn University Bangkok.

–          Georges Maspéro, “La géographie politique de l’Indochine aux environs de 960 A.D.,Études asiatiques, tome 2, Paris, 1925.

–          H.L. Shorto, Dictionary of the Mon Inscriptions from the sixth to the sixteenth Centuries London, 1971.

–          Henri Permentier, “Cartes de l’Empire Khmer d’aprѐrs la situation des inscription datés” BEFEO, t. XVI, 3; 1916.

–          Long Seam, “Contacts externs des langues Môn-Khmer”, BEFEO, t. LXX, 1998, pp. 195-203.

–          Long Seam, Dictionnare du Khmer Ancien (D’aprѐs les inscriptions du Cambodge du VIe.-VIIIe. sicles), Printed by Phnom Penh House 2000; 750 pages.


លី ធាមតេង, (១៩៧៣), កំណត់ហេតុរបស់ជីតាក្វាន់ អំពីប្រពៃណីនេះអ្នកស្រុកចេនឡា, ភ្នំពេញ, ទំព័រ៧៣។

អ៊ួន ភគិនី, (១៩៩៨), សិលាចារឹកភូមិដូង, ទស្សនាវដ្តីអក្សសាស្រ្ត មនុស្សសាស្រ្ត, ខែតុលា វិឆ្ឆិការ ធ្នូ, សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ, ទំព័រ៣៩។

By Yeang  Virakbot  ( Prof: Linguistics and Old khmer inscription )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s