khmer wedding

 

 

 

ការ​វិវឌ្ឍនៃ​អាពាហ៍ពិពាហ៍​ខ្មែរ

The evolution of Khmer wedding

ដោយៈ ឆយ យីហ៊ាងរាជបណ្ឌិត្យសភាកម្ពុជា
(2001,04,05)

        សេចក្ដី​ផ្ដើមៈ

          ប្រវត្តិសាស្ត្រ​ពិភព​លោក​បាន​គូស​បញ្ជាក់​ថា កាល​ដើម​ឡើយ​មនុស្ស​បាន​រស់​នៅ​តាម​ហ្លួង (Troupeaux) ។ កាល​នោះ ការ​រស់​នៅ​មាន​លក្ខណៈ​ជា​មនុស្ស​ពាក់​កណ្ដាល​សត្វ ។ ក្រោយ​មក ជីវិត​មនុស្ស​កាន់​តែ​រីក​ចំរើន ដោយ​សារ​មនុស្ស​ចេះ​រក​ឃើញ​ភ្លើង និង​ចេះ​ប្រើ​ភ្លើង ។ មនុស្ស​បាន​រស់​នៅ​តាម​កុលសម្ព័ន្ធ (Tribus) ។ មនុស្ស​ចេះ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត ដូច​មុខ​របរ​នេសាទ មុខ​របរ​បរបាញ់ និង​មុខ​របរ​កសិកម្ម​ជា​ដើម ។ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ មនុស្ស​បាន​ធ្វើ​ឲ្យ​ឧបករណ៍​ផលិតកម្ម (instruments de prodution) កាន់​តែ​កើន​ឡើង ។ គឺ​ឧបករណ៍​ផលិតកម្ម​នេះ​ហើយ ដែល​ជា​ម៉ែត្រ​វាស់​កំរិត​នៅ​អន់​ថយ ឬ​ជឿន​លឿន​របស់​មនុស្ស ។

          លុះ​ក្រោយ​មក​ទៀត ការ​រស់​នៅ​តាម​កុលសម្ព័ន្ធ​ត្រូវ​រលំ​រលាយ ដោយ​សារ​តំរូវ​ការ​ចាំ​បាច់​ក្នុង​ការ​អភិវឌ្ឍ​សង្គម ។ ការ​រស់​នៅ​ថ្មី​នេះ​មាន​ឈ្មោះ​ថា ការ​រស់​នៅ​តាម​វិប្រជា (peuplades) ។ អរិយធម៌​របស់​វិប្រជា​មាន​កំរិត​ខ្ពស់​ជាង បើ​ប្រៀប​ធៀប​នឹង​អរិយធម៌​របស់​កុលសម្ព័ន្ធ ។ ប៉ុន្តែ ដោយ​សារ​តំរូវ​ការ​ចាំ​បាច់​នៃ​សង្គម អរិយធម៌​វិប្រជា​ត្រូវ​ប្ដូរ​​ជំនួស​ដោយ​អរិយធម៌​ជាតិ (civilisation nationale) ។ ការ​រស់​នៅ​តាម​ជាតិ  (nations) ធ្វើ​ឲ្យ​មនុស្ស​បង្កើត​រចនា​សម្ព័ន្ធ​ក្រោម (infra-stru                                              cture) និង​រចនា​សម្ព័ន្ធ​លើ (super-structure) ដើម្បី​ការ​ពារ ​និង​អភិវឌ្ឍ​ដែន​ដី​របស់​ខ្លួន ។ បែប​ផែន​ផលិតកម្ម (modes de production) កាន់​តែ​រីក​ចម្រើន​ឡើង ។ បែប​ផែន​ផលិតកម្ម​នីមួយៗ ចែក​ចេញ​ជា​ពី​រផ្នែក គឺ​កំលាំង​ផលិតកម្ម និង​ទំនាក់​ទំនង​ផលិតកម្ម ។ នៅ​ក្នុង​កំលាំង​ផលិតកម្ម (forces de production) ឧបករណ៍​ផលិតកម្ម​មាន​កំរិត​កាន់​តែ​ខ្ពស់ ។ ឯ​នៅ​ក្នុង​ទំនាក់​ទំនង​ផលិតកម្ម​វិញ  (relations de production) កម្មសិទ្ធិ​ឯកជន​កាន់​តែ​លេច​ធ្លោ​ឡើង​ដែល​នាំ​ឲ្យ​មាន​ការ​ឃ្លាត​គ្នា​កាន់​តែ​ឆ្ងាយ​រវាង​ពិភព​អ្នក​មាន​ និង​ពិភព​អ្នក​ក្រ ។

          សព្វ​ថ្ងៃ គំនិត​រស់​នៅ​ត្រឹម​តែ​ជាតិ​របស់​ខ្លួន​មាន​លក្ខណៈ​អន់​ថយ​ហើយ ។ ទោះ​ចង់ក្ដី ឬ​មិន​ចង់​ក្ដី គេ​មិន​អាច​រស់​នៅ​ត្រឹម​កំរិត​ជាតិ​បាន​ទៀត​ទេ ។ ការ​រស់​នៅ​ដែល​មាន​លក្ខណៈ​អន្តរជាតិ (la vie internationle) កំពុង​តែ​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​ពិភព​លោកមាន​ទំនាក់​ទំនង​គ្នា​ពី​ទី​កន្លែង​មួយ​ទៅ​ទី​កន្លែង​​មួយ​ទៀត​ទោះ​បី​ទំនាក់​ទំនង​ផ្ទាល់​ក្ដី ឬ​ប្រយោល​ក្ដី ។ នោះ​ជា​ទំនាក់​ទំនង​ចាំ​បាច់​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ ។ ការណ៍​មួយ​ទៀត​ដែល​គួរ​កត់​សំគាល់ គឺ​នៅ​ក្នុង​ពិភព​លោក​បច្ចុប្បន្ន មនុស្ស​កំពុង​តែ​ជជែក​វែក​ញែក​អំពី​បញ្ញត្តិ “សាកល​ភាវូបនីយកម្ម” (mondialisation) ដែល​ជា​ទំនោរ​មួយ​ដែល​ធ្វើ​ឲ្យ​អ្វីៗទាំង​អស់ ដែល​ទាក់​ទង​នឹង​ជីវិត​មនុស្ស​មាន​លក្ខណៈ​សាកល ។ គ្មាន​ប្រទេស​ណា​មួយ​ដែល​អាច​ចៀស​ផុត​ពី​ឥទ្ធិពល​នៃ​សាកលភាវូបនីយកម្ម​នេះ​ឡើយ ។

          កម្ពុជា​កំពុង​ទទួល​រង​នូវ​ឥទ្ធិពលនៃ​សាកល​ភាវូបនីយកម្ម​នៅ​លើ​គ្រប់​វិស័យ ។ វិស័យ​សេដ្ឋកិច្ច នយោបាយ អប់រំ សុខាភិបាល​សង្គម​កិច្ច… ល… សុទ្ធ​សឹង​ទទួល​ឥទ្ធិពល​សកល​ភាវូបនីយកម្ម​នេះ ។ ឥទ្ធិពល​នេះ​កំពុង​ជ្រៀត​ចូល​ទៅ​ក្នុង​របៀប​រស់​នៅ​ប្រចាំថ្ងៃ​របស់​យើង តាំង​ពី​ឥរិយាបថ​សំលៀក​បំពាក់ ពិធី​បុណ្យ ​និង​ពិធី​រៀប​មង្គល​ការ​ជា​ដើម ។ វា​កំពុង​ធ្វើ​ឲ្យ​យើង​ដើរ​ចោល​ធាតុ​ដើម​របស់​យើង​ កំពុង​ធ្វើ​ឲ្យ​សង្គម​របស់​យើង​ងាក​ចេញ​ពី​ឫស​គល់​របស់​វា កំពុង​ធ្វើ​ឲ្យ​ប្រពៃណី​យើង​រង្គោះ​រង្គើ​ដល់​ឫស​កែវ… ។ និយាយ​បែប​នេះ មិន​មែន​មាន​ន័យ​ថា យើង​បណ្ដោយ​ឲ្យ​វប្បធម៌​របស់​យើង​លិច​តាម​យថាកម្ម​នោះ​ទេ ។ យើង​គួរ​ប្រឹង​ប្រែង​ថែរក្សា និង​ពង្រីក​វប្បធម៌​របស់​យើង​ឲ្យ​មាន​អត្ថិភាព​ក្នុង​ពហុ​វប្បធម៌ ។

          នៅ​ទី​នេះ យើង​និយាយ​ពី​ការ​វិវត្ត​នៃ​អាពាហ៍ពិពាហ៍​ខ្មែរ ដោយ​បញ្ជាក់​ពី​ទំរង់​ផ្សេង​ៗរបស់​វា ។ យើង​ចោទ​សួរ​ថា

          តើ​អាពាហ៍ពិពាហ៍​ខ្មែរ​មាន​ទំរង់​យ៉ាង​ណា​ខ្លះ ?

          តើ​ហេតុ​អ្វី​ខ្លះ ដែល​នាំ​ឲ្យ​ការ​ប្រែ​ប្រួល​ក្នុង​អាពាហ៍ពិពាហ៍​ខ្មែរ ?

          តើ​នឹង​មាន​ផល​វិបាក​អ្វី​ខ្លះ ប្រសិន​បើ​យើង​មិន​រក្សា​ទុក​ប្រពៃណី​នៃ​អាពាហ៍ពិពាហ៍​របស់​យើង ?

          គប្បី​បញ្ញវ័ន្ត និង​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​សង្គម​រួម​ចំណែក​ឆ្លើយ​សំនួរ​ទាំង​នេះ ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​របស់​យើង ។

I- អត្ថន័យ​នៃ​អាពាហ៍ពិពាហ៍

          យើង​មិន​ទាន់​បាន​ដឹង​ច្បាស់​ថា សង្គម​យើង​ចាប់​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​សម័យ​ណា​ឡើយ ។ តើ​អាពាហ៍ពិពាហ៍​ខ្មែរ​មាន​ត្រឹម​​សម័យ​ព្រះថោង​នាង​នាគ ឬ​មាន​មុន​សម័យ​នេះ ? នេះ​ជា​ចំងល់​របស់​យើង ។ យើង​មិន​ទាន់​យល់​អំពី​ព្រឹត្តិការណ៍​ផ្សេង​ៗ នៅ​ក្នុង​សង្គម​យើងនៅ​ពេល​មុន​មាន​អាពាហ៍ពិពាហ៍ ។ ប៉ុន្តែ ក្នុង​ជីវិត​របស់​យើង យើង​យល់​ថា អាពាហ៍ពិពាហ៍​មាន​អត្ថន័យ​ដូច​ខាង​ក្រោម

          អាពាហ៍ពិពាហ៍​បង្ហាញ​ឲ្យ​ឃើញ​ថា សេចក្ដី​ស្នេហា​រវាង​បុរស​ និង​ស្ត្រី​ដែល​តាក់​តែង​ឡើង​ដោយ​ធម្មជាតិ ត្រូវ​បាន​លាត​ត្រដាង​នៅ​ចំពោះ​មុខ​មហាជន ធ្វើ​ឲ្យ​មហាជន​ទទួល​ស្គាល់ និងគាំ​ទ្រ​តាម​ផ្លូវ​ចិត្ត​ផ្លូវ​កាយ និង​រួម​ចំណែក​ឧបត្ថម្ភ​ខាង​ផ្នែក​សំភារៈ ។

          អាពាហ៍ពិពាហ៍ ជា​ការ​ផ្សារភ្ជាប់​សេចក្ដី​ស្នេហា​រវាង​បុគ្គលនឹង​បុគ្គល ។ ហេតុ​នេះ វា​​មាន​លក្ខណៈ​ឯកជន ។ ប៉ុន្តែ ដើម្បី​ការ​ពារ​សុវត្ថិភាព​របស់​គូ​ស្វាមី​ភរិយា អាជ្ញាធរ​នៅ​តាម​ភូមិ ឃុំ សង្កាត់​បាន​ទទួល​ស្គាល់ផ្លូវ​ច្បាប់ ដែល​មិន​អាច​ឲ្យ​អ្នក​ដទៃ​ប៉ះ​ពាល់​បាន​ឡើយ ។

          អាពាហ៍ពិពាហ៍​ស្មោះ​ស្ម័គ្រ ដែល​គ្មាន​ការ​បង្ខិត​បង្ខំ ត្រូវ​បាន​ចាត់​ទុក​ជា​កាតព្វកិច្ច​ចំបង​មួយ​នៅ​ក្នុង​គ្រួសារ និង​សហគមន៍ ។ សាមី​ខ្លួន​មាតា​បិតា បង​ប្អូន និង​ញាតិ​សន្ដាន​មាន​អារម្មណ៍​រីក​រាយ​ចំពោះ​កាតព្វកិច្ច​នេះ ។

          អាពាហ៍ពិពាហ៍​បង្ហាញ​ឲ្យ​ឃើញអំពី​ការ​សង​គុណ​របស់​បុត្រ​ធីតា​ចំពោះ​មាតា​បិតា ។

          អាពាហ៍ពិពាហ៍​បង្ហាញ​ឲ្យ​ឃើញ​អំពី​តំលៃ​របស់​មនុស្ស ។ ចំណែក​សត្វ​ឥត​បាន​រៀប​អាពាហ៍ពិពាហ៍​ឡើយ ទោះ​បី​វា​មាន​សភាវគតិ​ស្នេហា​ដូច​មនុស្ស​ក៏​ដោយ ។

          បើ​តាម​ប្រពៃណី​ខ្មែរ កូន​ប្រុស និង​កូន​ស្រី​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ពេញ​ច្បាស់ តែង​មាន​អារម្មណ៍​ស្ងប់​ស្ងាត់​ រីក​រាយ មាន​ជំនឿ​លើ​ជីវិត​រស់​នៅ​របស់​ខ្លួន​ដែល​ពាក្យ​ខ្មែរ​ហៅ​ថា “ការ​រស់​នៅ​ពេញ​មុខ” ។ ផ្ទុយ​ទៅ​វិញ ចំពោះ​គូស្វាមី​ភរិយា​ណាដែល​មិន​បាន​រៀប​អាពាហ៍ពិពាហ៍​ទោះ​បី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ក៏​ដោយ​ក៏​តែង​មាន​ការ​ពេប​ជ្រាយ​ខ្លះៗពី​សង្គម​ដែរ ។ នៅ​ពេល​ដែល​គេ​មាន​កូន កូន​នោះ​ត្រូវ​បាន​គេ​ហៅ​ថា “កូន​ឥត​ខាន់​ស្លា” ។ កត្តា​នេះ​បណ្ដាល​ឲ្យ​បុរស​ស្ត្រីដែល​ស្រឡាញ់​គ្នា​តាម​បែប “មិន​ពេញ​មុខ” ចាក​ចោល​លំ​នៅ​ស្ថាន ភូមិ​ស្រុក​ទៅ​រស់​នៅ​ទី​កន្លែង​ឆ្ងាយ ។ អ្នក​ស្រុក​និយាយ​ថា បុរស និង​ស្ត្រី​នោះ “ពង្រត់​គ្នា” ទៅ​នៅ​ស្រុក​ឆ្ងាយ ។ នេះ​ជា​ការ​ផ្ដន្ទាទោស​របស់​សង្គម​ចំពោះ​គូ​ស្វាមី​ភរិយាដែល​មិន​បាន​រៀប​អាពាហ៍ពិពាហ៍ ។ ហេតុ​នេះ នៅ​ក្នុង​ចិត្ត​គំនិត​ខ្មែរ មាតា​បិតា​មាន​កាតព្វកិច្ច​រៀប​ចំអាពាហ៍ពិពាហ៍​ឲ្យ​បុត្រ​ធីតា ដើម្បី​បន្ត​ការ​កសាង​គ្រួសារ​របស់​គេ ។

II- ទំរង់​ផ្សេង ៗ នៃ​អាពាហ៍ពិពាហ៍

          ១- អាពាហ៍ពិពាហ៍ ៧ ថ្ងៃ ៧ យប់

          បើ​តាម​រឿង​ព្រេង​ស្ដី​ពី​ព្រះថោង និង​នាង​នាគ (ព្រះនាង​ធាវតី ឬ​ព្រះនាង​ទាវដ្ដី) អាពាហ៍ពិពាហ៍​គ្រា​នោះ​មាន​រយៈ​ពេល ៧ ថ្ងៃ ៧ យប់ ។ នៅ​ក្នុង​សាស្ត្រា​ស្លឹក​រឹត​មួយ​ដែល​រហែក​ដាច់​ខ្លះ អ្នក​និពន្ធ​សរសេរ​ថា “ប្រការ ៦ មាន​​និយាយ​ស្ដេច​ភុជង្គនាគ និង​នាង​ធារាវតី ជា​អគ្គមហេសី​ស្ដេច​ភុជង្គនាគ ឡើង​មក​រៀប​ការ​នាង​ធាវតី​ជា​បុត្រី​ឲ្យ​ជា​មហេសី​ស្ដេច​ព្រះថោង ពី​កាល​ទើប​កើត​នគរ​ដើម​ធ្លក​ហើយ​ស្ដេច​ឲ្យ​សង់​ដំណាក់​តាក់​តែង​វាំង​បន្ទាយ​សីម៉ា​រៀប​មង្គល​ការ ៧ ថ្ងែ​ស្រេច​ហោង…[1] ទោះ​បី​រឿង​ព្រះថោង នាង​នាគ​នេះ​មាន លក្ខណៈ​អច្ឆរិយៈ​ផុត​វិស័យ​មនុស្ស​ក៏​ដោយ ក៏​រឿង​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​សង្គម​ខ្មែរនៅ​ពេល​ដែល​ខ្មែរ​ចាប់​ផ្ដើម​កសាង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដែរ ។ ក្នុង​បញ្ហា​នេះ​ដែរ បើ​តាម​លោក​តា ឈុន ប៊ិប អាចារ្យ​ពេលា​មង្គល​ការនៅ​ភូមិ​ពង្រ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល លោក​តា​មាន​ប្រសាសន៍​ថា ខ្មែរ​ជំនាន់​ដើម​រៀប​អាពាហ៍ពិពាហ៍​កូន​ចៅ​ចំនួន ៧ ថ្ងៃ ៧ យប់ ។ លោក​តា​គូស​បញ្ជាក់​ថា នៅ​ក្នុង​ឃុំត្រពាំងជង ស្រុក​បាកាន ខេត្តពោធិសាត់ អ្នក​ស្រុក​បាន​អនុវត្ត​បែប​នេះ[2]

          ក្នុង​ករណី​ដែល​មាន​អាពាហ៍ពិពាហ៍ ៧ ថ្ងៃ ៧ យប់​មែន យើង​ពុំ​ដឹង​ថា ការ​រៀប​ចំ​ពិធី​នេះ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច​ឡើយ ។ យើង​ពុំ​អាច​ដឹង​ថា តើ​ពិធី​នេះ​ត្រូវ​ប្រារឰ​តាម​បែប​ព្រហ្មញ្ញ​សាសនា​ជា​ធំ ឬ​តាម​បែប​ពុទ្ធសាសនា​ជា​ធំ​ទេ ។ យើង​ក៏​​ពុំអាច​ដឹង​ថា តើ​ពិធី​នេះ​បាត់​បង់​ទៅ​វិញ​នៅ​ពេល​ណា​ដែរ ។ អ្នក​ខ្លះ​មាន​យោបល់​ថា​អាពាហ៍ពិពាហ៍ ៧ ថ្ងៃ ៧ យប់​នេះ​កើត​ឡើង​នៅ​ក្នុង​ត្រកូល​ក្ស័ត្រ និង​អ្នក​មាន​ប៉ុណ្ណោះ ។ អ្នក​ខ្លះ​ទៀត​មាន​យោបល់​ថា អាពាហ៍ពិពាហ៍​បែប​នេះ​កើត​មាន​នៅ​ក្នុង​គ្រប់​គ្រួសារ​ទាំង​អស់ ។

        ២- អាពាហ៍ពិពាហ៍ ៣ ថ្ងៃ ៣ យប់

          អាពាហ៍ពិពាហ៍​បែប​នេះ បាន​អូស​បន្លាយ​មក​ដល់​ចុង​សម័យ​សង្គមរាស្ត្រ​និយម ។ អាពាហ៍ពិពាហ៍​បែប​នេះ​ត្រូវ​បាន​បក​ស្រាយ​ដោយ​អ្នក​ស្រី ត្រឹង ងា ដែល​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​ចំណេះ​ទូទៅ តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ម្ល៉េះ ។ ដំណើរ​រៀប​ចំ​កូន​ប្រុស​ឲ្យ​មាន​ភរិយា កូន​ស្រី​ឲ្យ​មាន​ស្វាមី ត្រូវ​អូស​បន្លាយ​យ៉ាង​វែង ។ ដំណើរ​នេះ​ត្រូវ​បាន​បក​ស្រាយ​ដោយ​សង្ខេប​តាម​ឯកសារ​អ្នក​ស្រី ត្រឹង ងា និង​ឯកសារ​លោក ចាប ពិន ដូច​ខាង​ក្រោម៖

                ក- ពិធី​ចែចូវ

          ពាក្យ​ចែចូវ​មាន​ន័យ​ថា ការ​សាក​សួរ​ពត៌មាន​ខាង​កូន​ស្រី​ដោយ​ពាក្យ​បញ្ឆិត​បញ្ឆៀង​ដូច​ជា​ថា “ចង់​បាន​ផ្កា​មួយ​ទង​នៅ​ក្នុង​ភូមិ​នេះ ” ជា​ដើម ។ ពិធី​ចែចូវ​ជា​ពិធី​ដែល​គ្រួសារ​ខាង​កូន​ប្រុស ចាត់​អ្នក​តំណាង​ឲ្យ​ទៅ​ស៊ើប​ការ​ខាង​កូន​ស្រី​មុន​នឹង​ចូល​ស្ដី​ដណ្ដឹង ។ អ្នក​តំណាង​នោះ​មាន​ឈ្មោះ​ថា អ្នក​ចែចូវ ឬ​អ្នក​ឃ្មាយ ឬ​មេអណ្ដើក ។ ពិធី​ចែចូវ​អាច​ប្រព្រឹត្ត​ទៅ​ចំនួន ៣ លើក ។ លើក​ទី ១ ជា​ការ​សាក​ល្បង ។ លើក​ទី ២ ជា​ការ​បញ្ជាក់ ។ លើក​ទី ៣ ជា​ការ​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​អំពី​ពត៌មាន​ទាំង​សង្ខាង-ទាំង​ខាង​កូន​ប្រុស ទាំង​ខាង​កូន​ស្រី ។

                ខ- ពិធី​ស្ដី​ដណ្ដឹង

          បើ​គ្រួសារ​ខាង​ស្រី​ព្រម​អនុញ្ញាត​ហើយ ទើប​គ្រួសារ​ខាង​ប្រុស​អាច​ចូល​ដណ្ដឹង​បាន ។ ពិធី​ដណ្ដឹង​ចែក​ចេញ​ជា ៣ លើក​ដែរ ។

          លើក​ទី ១ អ្នក​ផ្លូវ ៣ នាក់ (ស្ត្រី​ភេទ) រៀប​ចំ​រណ្ដាប់​ផ្សេង​ៗទៅ​ស្ដី​ដណ្ដឹង ។ លើក​ទី ២ អ្នក​ផ្លូវ ៣ នាក់​ដដែល​នោះ រៀប​រណ្ដាប់​ច្រើន​ជាង​មុន ទៅ​ស្ដីដណ្ដឹង​ម្ដង​ទៀត ។ កត្តា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ភាព​ទន់​ភ្លន់​នៃ​គ្រួសារ​ខាង​ប្រុស និង​បង្ហាញ​ឲ្យ​ឃើញ​ការ​លើក​តំកើងកូន​ស្រី​នៅ​ក្នុង​គ្រួសារ​ខ្មែរ ។ នៅ​លើក​ទី ២ មេបា​ខាង​ស្រី​មិន​ទាន់​កក់​ក្ដៅ មិន​ទាន់​ជឿ​ជាក់​លើ​អ្នក​ផ្លូវ​ទាំង ៣ នាក់ ទើប​មេបា​ចង់​បាន​អ្នក​មហា​ឬ​ចៅ​មហា (បុរស​ភេទ) មក​ធានា​រ៉ាប់​រង​បន្ថែម​ទៀត ។ លើក​ទី ៣ អ្នក​ផ្លូវ ៣ នាក់​និង​អ្នក​មហា ៣ នាក់ រៀប​រណ្ដាប់​ច្រើន​ជាង​លើក​ទី ២ ទៅ​ជូន​មេបា​ខាង​ស្រី ។

          គ្រា​នោះ​ឪពុក​ម្ដាយ​បង​ប្អូន ញាតិ​មិត្ត​ទាំង​សង្ខាង​អាច​មាន​មុខ​នៅ​ទី​នោះ ។ នៅ​ពេល​ចាប់​ផ្ដើម​ពិភាក្សា​ការ​ងារ កូន​ប្រុស និង​កូន​ស្រី​អាច​លាក់​ខ្លួន​សិន មិន​ទាន់​បញ្ចេញ​​មុខ​ភា្លម​ឡើយ ។ បន្ទាប់​ពី​បាន​ស្រុះ​ស្រួល​គ្នា​ហើយ មេបា និង​គ្រួសារ​ខាង​ស្រី​សុំ​ពិនិត្យ​រូប​សម្បត្តិ​កូន​ប្រុស ។ ចំណែក​អ្នក​ផ្លូវ ចៅមហា និង​គ្រួសារ​ខាង​ប្រុស​ក៏​សុំ​ពិនិត្យ​រូប​សម្បត្តិ​កូន​ស្រី​វិញ​ដែរ ។ ជា​ធម្មតា​កូន​ប្រុស និង​កូន​ស្រី បំពាក់គ្រឿង​អលង្ការ​ដូច​ជា ខ្សែក ចិញ្ចៀន ខ្សែ​ដៃ ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បញ្ជាក់​ថា​ទាំង​ពី​នេះ​ជា​គូ​ស្វាមី​ភរិយា​ក្នុង​អនាគត ។ ប៉ុន្តែ ជំនាន់​មុន​គេ​ពុំ​ទាន់​រៀប​ការ​ភ្លាម​ៗ​ទេ ។ កូន​ប្រុស​ត្រូវ​ជួយ​បំពេញ​ការងារ​ជូន​គ្រួសារ​ខាង​ស្រី​មួយ​រយៈ​ពេល​សិន ។

                   គ- ភាព​ម៉ឺង​ម៉ាត់​ក្នុង​ការ​សាក​ល្បង

          ពិត​មែន​តែ​ញាតិ​មិត្ត​ទាំង​សង្ខាង​បាន​យល់​ដឹង​បែប​នេះ​ក៏​ដោយ ក៏​អ្នក​ទាំង​ពីរ ជា​ពិសេស​កូន​ប្រុស​ត្រូវ​បំពេញ​ការ​ងារ​សាក​ល្បងយ៉ាង​ម៉ឺង​ម៉ាត់​បំផុត ។ កូន​ប្រុស និង​កូន​ស្រី​សុទ្ធ​សឹង​ថែរក្សា​កិរិយា​មាយាទ​តាម​សីលធម៌​ប្រពៃណីមិន​ឲ្យ​ខុស​ពី​ទស្សនៈ​សង្គម​ឡើយ ។

          កូន​ស្រី​ត្រូវ​ថែរក្សា​ឥរិយាបថ​ក្នុង​ភាព​ជា​ក្រមុំ​សុភាព​រាប​សា មិន​និយាយ​ឡូឡា​ក្អាក​ក្អាយ លែប​ខាយ​ចំពោះ​ប្រុស​ដទៃ​ទៀត ។ កូន​ប្រុស​ត្រូវ​ថែរក្សា​ឥរិយាបថ​ក្នុង​ភាព​ជា​បុរស​ក្លាហាន អង់អាច ឧស្សាហ៍​ព្យាយាម សក្ដិ​សម​ជា​អនាគត​ស្វាមី​ដែល​អាច​ឲ្យ​ភរិយា​ជឿ​ជាក់​បាន ។ ក្នុង​ករណី​ដែល​មិន​ប្រកាន់​ឥរិយាបថ​បែប​នេះ​គ្រួសារ​ខាង​ស្រី​អាច​ផ្ដាច់​កូន​ប្រុស ឯ​គ្រួសារ​ខាង​ប្រុស​អាច​ជូន​​ពាក្យ​ទៅ​កូន​ស្រី​វិញ ។

          ជា​ធម្មតា កូន​ប្រុស​ត្រូវ​ទៅ​បំពេញ​ការ​ងារ​ក្រៅ​ផ្ទះ​ឲ្យ​គ្រួសារ​កូន​ស្រី​ក្នុង​រយៈពេល ៣ ខែ ឬ ១ ឆ្នាំ ដើម្បី​បង្ហាញ​ពី​ការ​ងារ និង​គំនិត​មារយាទ​របស់​ខ្លួន ។ ឪពុក​ម្ដាយ​ក្មេក និង​ញាតិ​មិត្ត​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​ចំពោះ​កូន​ប្រុស ដោយ​សារ​ការ​បំពេញ​ការ​ងារ​នេះ ។ ប៉ុន្តែ កូន​ប្រុស និង​កូន​ស្រី​មិន​ទាន់​ស្និទ្ធ​ស្នាល​ជា​មួយ​គ្នា​ទេ ។

                   ឃ- ពិធី​ជូន​កំណត់

          ពិធី​ជូន​កំណត់ ជា​ពិធី​ជ្រើស​រើស​កាល​បរិច្ឆេទ​ដើម្បី​រៀប​អាពាហ៍ពិពាហ៍ ។ កាល​បរិច្ឆេទ​នោះ​ត្រូវ​ទស្សន៍ទាយ​ដោយ​លោក​អាចារ្យ​ម្នាក់ ដែល​ហៅ​ថា អាចារ្យ​ពេលា ។ លោក​អាចារ្យ​ចុះ​កាល​បរិច្ឆេទ​នោះ​នៅ​ក្នុង​ក្រដាស​មួយ​សន្លឹក​ដែល​ហៅ​ថា​ក្រដាស​កំណត់ពេលា ។ អ្នក​ផ្លូវ ​និង​ចៅមហា បាន​យក​ក្រដាស​នោះ​ទៅ​ជូន​មេបា ។ មេបា​បើក​ក្រដាស​កំណត់​ពេលា​នោះ អាន​ជូន​ញាតិ​មិត្ត​ស្ដាប់ ដើម្បី​ជា​សេចក្ដី​ជូន​ដំណឹង ។ បន្ទាប់​មក​អ្នក​ផ្លូវ និង​ចៅ​មហា​សុំ​ឲ្យ​មេបា​បង្គាប់​គ្រឿង​បណ្ណាការ​សព្វ​សារ​ពើ​សំរាប់​រៀប​មង្គល​ការ ។

          ពេល​នោះ កូន​ប្រុស និង​កូនស្រី​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​គ្នា​ក្នុង​ការ​បំពេញ​ការ​ងារ ។ កូន​ប្រុស​ជួយ​ធ្វើ​ការងារ​នៅ​ក្នុង​ផ្ទះ ។ កូន​ស្រី​រៀប​ចំ​បាយ​ទឹក និង​រៀប​ចំ​ដំណេក​ឲ្យ​កូន​ប្រុស ។

                   ង- ពិធី​រៀប​អាពាហ៍ពិពាហ៍

          ជា​ធម្មតា ពិធី​រៀប​អាពាហ៍ពិពាហ៍​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ផ្ទះ​កូនស្រី ។ ក្នុង​ករណី​ដែល​កូន​ស្រី​ជា​កូន​កំព្រា​លំបាក​ពេក គេ​អាច​យក​កូនស្រី​ទៅ​រៀប​អាពាហ៍ពិពាហ៍​នៅ​ផ្ទះ​កូន​ប្រុស​វិញ ។ អាពាហ៍ពិពាហ៍ ៣ ថ្ងៃ ៣ យប់ ចែក​ចេញ​ជា​ថ្ងៃ​ចូល​រោង ថ្ងៃ​ស៊ី​កំណត់ ​និង​ថ្ងៃ​សំពះ ។

          នៅ​ថ្ងៃ​ចូល​រោង គ្រួសារ​ទាំង​ពីរ​រួម​គ្នា​សង់​រោង​ដែល​មាន ៣ ល្វែងៈ ល្វែង​ផ្កាស្លា ល្វែង​លៀង​ភោជនាហារ និង​ល្វែង​ចុង​ភៅ ។ ក្នុង​ថ្ងៃ​នេះ អ្នក​ដើម​ការ​ខាង​ប្រុស​សុំ​អនុញ្ញាត​កិច្ច​ការ​ផ្សេង​ៗ ពី​មេបា ដូច​ជា​ប្រើ​ពាក្យ​ថា សុំ​ជណ្ដើរ​ឡើង​សុំ​ព្រៃរកឧស សុំ​កំពង់​ដងទឹក សុំ​ដី​ជីក​ជើងក្រាន សង់​រោង​ផ្កាស្លា សង់​រាន​ទេវតា សុំ​នាំ​សាមី​ខ្លួន និង​ភស្ដុភារ​បណ្ណា​ការ​មក​ចូល​រោង​ការ…[3]

          នៅ​ថ្ងៃ​ស៊ីកំណត់ ពេល​ព្រឹក គេ​ហែ​កូន​កំលោះ​ចូល​រោង​ផ្កាស្លា ដោយ​មាន​ភ្លេង​ខ្មែរ​កំដរ​ផង ។ នៅ​លើ​ផ្ទះ​ការ មាន​ធ្វើ​ពិធី​សែន​ព្រេន ជំរាប​ដូនតា​អំពី​ការ​រៀប​ចំ​ទុក​ដាក់​កូន​ចៅ​ឲ្យ​មាន​គូស្រករ និង​ពិធី​ស៊ី​ស្លា​កំណត់ (គឺ​ស៊ី​ស្លាដក់ ស្លា​កន្សែង ស្លាថង់រង កំណត់​រួមគ្នា)[4] ។ ពេល​រសៀល មាន​ពិធី​កាត់​សក់ ពិធី​ហែកូន​ប្រុស​ទៅ​ជំរាប​អ្នក​តា​ចាស់​ស្រុក ពិធី​សែន​ក្រុង​ពាលី និង​ពិធី​សូត្រមន្ត ។ លុះ​ពេលល្ងាច​មាន​រៀប​លៀង​ភោជនាហារ​ដល់​ភ្ញៀវ​ទាំងឡាយ ។ លុះ​ម៉ោង ១២ អធ្រាត្រ មាន​ពិធី​បុក​ល័ខដើម្បី​បំពេញ​លក្ខណ៍​ឲ្យ​កូន​ស្រី ។ នៅ​កន្លែង​ខ្លះ​មាន​ការ​បំពេញ​លក្ខណ៍​ទាំង​កូន​ប្រុស ទាំង​កូន​ស្រី ។

          នៅ​ថ្ងៃ​សំពះ ដែល​ជា​ថ្ងៃ​បង្ហាញ​ទៀប​ភ្លឺ លោក​អាចារ្យ​តម្រូវ​ឲ្យ​ស្រី ៣ នាក់​ដែល​មាន​ខាន់​ស្លា ដែល​មាន​ប្ដី​នៅ​រស់ យក​ខ្ពស្លា​មក​ចែក​ជា ៣ ផ្នែក គឺ​ផ្កាស្លា​ទី ១ ដោត​ស្លា ២១ ផ្លែ ម្លូ ២១ សន្លឹក តាម​ចំនួន​គុណ​ឪពុក ទី ២ ដោត​ស្លា ១២ ផ្លែ ម្លូ ១២ សន្លឹក តាម​ចំនួន​គុណ​ម្ដាយ ទី ៣ ដោត​ស្លា ៦ ផ្លែ ម្លូ ៦ សន្លឹក តាម​ចំនួន​គុណ​បង[5]

          គេ​ដង្ហែ​កូន​កំលោះ​ទៅ​សំពះ​ផ្កាស្លា​នៅ​លើ​ផ្ទះ​ការ ។ កូន​កំលោះ​អង្គុយ​លើ​កន្ទេល បែរ​មុខ​ទៅ​កើត ចាំ​ស្ដាប់​មេបា និង​លោក​អាចារ្យ ។ នៅ​ពី​មុខ​មាន​រៀប​រណ្ដាប់​ផ្សេងៗជា​ច្រើន​មុខ​ដូច​ជា ពាន​ផ្កាស្លា ពាន​ទៀន​ពេលា ទៀប​ពីរ​ដាក់​បាយ​ខុន​ក្បាល​ជ្រូក មាន់​ស្ងោរ នំ​អន្សម ​នំគម ផ្លែ​ឈើ…។ល។ បន្ទាប់​មក​គេ​ឲ្យ​កូន​កំលោះ​សំពះ​ស្លា​ព្រះពរ (ម្លូ​៣​ត្រួយ) ដែល​ដាក់​លើ​ខ្នើយ ។ ត​មក​ទៀត​អ្នក​ផ្លូវ​ម្នាក់​កាន់​រង​ដែល​មាន​បិទ​ទៀន​ដែល​កំពុងឆេះ ទៅ​អញ្ជើញ​កូន​ស្រី​ពី​ក្នុង​បន្ទប់​ឲ្យ​ចេញ​មក​ផ្ដើម​ជា​មួយ​កូន​កំលោះ ។ កូន​កំលោះ​អង្គុយ​ខាងស្ដាំ កូន​ក្រមុំអង្គុយ​ខាង​ឆ្វេង ។ ពេល​នោះ​មាន​ពិធី​បង្វិល​ពពិល និង​ពិធី​ចង​ដៃ​ជូន​ពរ​ជ័យ ។ ក្នុង​ពេល​នោះ​ដែរ​ញាតិ​មិត្ត​បាន​បាច​ផ្កាស្លា​ទៅលើ​កូន​កំលោះ ​និង​កូន​ក្រមុំ ។

          លុះ​ចប់​ហើយ កូន​កំលោះ​តោង​ជាយ​ស្បៃ​របស់​កូន​ក្រមុំ​ចូល​ទៅ​ក្នុង​បន្ទប់ ។ នៅ​ក្នុង​បន្ទប់​កូន​ក្រមុំអុជ​បារី​ជូនកូន​កំលោះ ។ បន្ទាប់​មក អ្នក​ទាំង​ពីរ​ផ្លាស់​គ្រឿង​សំអាង​ចេញ ហើយ​ទៅ​អង្គុយ​កន្លែង​ដើមកណ្ដាល​ទី​ប្រជុំ ។ ពេល​នោះ អ្នក​ភ្លេង​កាន់​ដាវ​ច្រៀង​ផង រាំ​ផង ដើម្បី​សា​កន្ទេល ។ បន្ទាប់​ពី​ច្រៀង​រាំ​សា​កន្ទេល​ហើយ​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​បំរើ​មេបា និង​មាតា​បិតា ក្នុង​ការ​លៀង​ភោជនាហារ​ម្ដង​ទៀត ។

          លុះ​យប់​ប្រហែល​ម៉ោង ៨ គេ​ប្រារឰ​ពិធី​ផ្សំ​ដំណេក ។ គេ​ឲ្យ​ស្រី​ដែល​មាន​អាយុ​ចំណាស់ ២ នាក់[6] ជា​អ្នក​រៀប​ចំពិធី​នេះ ។ មុន​នឹង​ចូល​ដំណេក កូន​កំលោះ​និង​កូន​ក្រមុំ​បញ្ចុក​ចេក​គ្នា​ទៅ​វិញ​ទៅ​មក ជា​និមិត្តរូប​នៃ​សេចក្ដី​សេ្នហា​លុះ​អវសាន​នៃ​ជីវិត ។

          ការ​រៀប​រាប់​អំពី​អាពាហ៍ពិពាហ៍ ៣ ថ្ងៃ ៣ យប់ ខាង​លើ​នេះ មិន​អាច​ចាត់​ទុក​ជា​គំរូ​រឹង​ស្ដូក​ទេ ។ អាពាហ៍ពិពាហ៍​តែង​ប្រែ​ប្រួល​ទៅ​តាម​តំបន់​នីមួយៗ លោក​តា ឈុន ប៊ិប អាចារ្យ​នៅ​ភូមិ​ពង្រ ឃុំម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល មាន​ប្រសាសន៍​ថា “របៀប​ប្រារឰអាពាហ៍ពិពាហ៍​មាន​លក្ខណៈ​ខុស​ៗ គ្នា​យោល​ទៅ​តាម​ភូមិ​ស្រុក​​នីមួយៗ ។ នៅ​ស្រុក​ឆ្ងាយ​ពី​គ្នា អ្នក​ផ្លូវ និង​ចៅមហា​ត្រូវ​អនុវត្ត​តាម​ទំលាប់​របស់​មេបា​ខាង​ស្រី” ។ ឧទាហរណ៍ៈ កូន​កំលោះ​រស់​នៅ​ក្នុង​ខេត្តកំពង់ចាម ឯកូន​ក្រមុំ​រស់​នៅ​ខេត្តបាត់ដំបង ។ ការ​ប្រារឰ​អាពាហ៍ពិពាហ៍​មិន​ដូច​គ្នា​ទេ ។ ដើម្បី​សម្រួល​ការ​ងារ អ្នក​ផ្លូវ និង​ចៅមហា​ដែល​ទៅ​ពី​ខេត្តកំពង់ចាម ត្រូវ​អនុវត្ត​តាម​មេបា​នៅ​ខេត្តបាត់ដំបង ។ នេះជា​ការ​យោគយល់​គ្នា​ឲ្យ​ស្រប​តាម​សភាពការណ៍ ។

          ៣- អាពាហ៍ពិពាហ៍ ១ ថ្ងៃ ១ យប់

          ប្រទេស​កម្ពុជា មាន​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់​ធ្ងរ​​នៅ​ចុង​សម័យ​សង្គម​រាស្ត្រនិយម ចាប់​ពី​ឆ្នាំ ១៩៦៨ ។ វិបត្តិ​សេដ្ឋកិច្ច​ជា​ដើម​ចមនៃ​វិបត្តិ​គ្រប់​វិស័យ​ដទៃ​ទៀត ។ នៅ​ថ្ងៃ​​ទី ១៧ មេសា ឆ្នាំ ១៩៧០ រដ្ឋប្រហារ​ដ៏​ធំ​មួយ​បាន​កើត​ឡើង ។ រដ្ឋអំណាច​យោធា​និយម​បាន​កើត​ឡើង ។ រដ្ឋអំណាច​នេះ​បាន​កាប់​សំលាប់​ប្រជារាស្ត្រ​រាប់​ម៉ឺន​នាក់ ដែល​មាន​សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​របប​រាជានិយម ។ ជំលោះ​រវាង​រដ្ឋអំណាច​យោធានិយម និង​កំលាំង​កុំមុយនីសនិយម រវាង​រដ្ឋអំណាច​យោធានិយម និង​ប្រជារាស្ត្រ​បាន​ជំរុញ​ឲ្យ​ស្ថានការណ៍​កម្ពុជា​កាន់​តែ​ដុន​ដាប​ខ្លាំង ដែល​មិន​អាច​ស្ដារ​បាន​ឡើយ ។ ស្ថានការណ៍​នេះ​ជំ​រុញ​ឲ្យ​ការ​រៀប​អាពាហ៍ពិពាហ៍​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​ខ្លី តែ ១ ថ្ងៃ ១ យប់​ប៉ុណ្ណោះ ។

          លោក​អាចារ្យ​កាន់​ពេលា​បាន​ឯកភាព​ជា​មួយ​ឪពុក​ម្ដាយ​ខាង​កូន​ប្រុស និង​ខាង​កូនស្រី​ក្នុង​ការ​កាត់​បន្ថយ​ជា​ច្រើន​នូវ​ខ្លឹម​សារ​អាពាហ៍ពិពាហ៍ ។ លោក​អាចារ្យ​ជ្រើស​រើស​យក​តែ​ចំនុច​សំខាន់ ៗ មក​បក​ស្រាយ​ប៉ុណ្ណោះ ។ ឧទាហរណ៍ៈ នៅ​ក្នុង​អាពាហ៍ពិពាហ៍ ៣ ថ្ងៃ ៣ យប់ អ្នក​ភ្លេង​បាន​លេង​ភ្លេង និង​ច្រៀង​សុំ​កាត់​ផ្កាស្លា​ពី​ដើម​ស្លា ។ ប៉ុន្តែ មក​ដល់​អាពាហ៍ពិពាហ៍ ១ ថ្ងៃ ១ យប់ គេ​កាត់​ផ្កាស្លា​យក​មក​តែ​ម្ដង​ដោយ​មិន​ចាំ​បាច់​មាន​ភ្លេង និង​ចំរៀង​ឡើយ ។ នៅ​ក្នុង​ករណី​ដែល​គេ​មិន​អាច​រក​ផ្កាស្លា​បាន គេ​យក​ផ្កាដូង​មក​ជំនួស​វិញ ។

          ម្យ៉ាង​ទៀត ជួន​កាល​គេ​ឥត​​បាន​សង់​រោង​កូន​កំលោះ​ទេ ។ គេ​ឲ្យ​កូន​កំលោះ​ស្នាក់​នៅ​បណ្ដោះ​អាសន្នលើ​ផ្ទះ​អ្នក​ជិត​ខាង ឬ​ឲ្យ​កូន​កំលោះ​​នៅ​លើ​ផ្ទះ​កូន​ក្រមុំ​តែ​ម្ដង ។

 

 

 

ការ​វិវឌ្ឍ​នៃ​អាពាហ៍ពាហ៍​ខ្មែរ

The evolution of Khmer wedding

(ត)

                                                                                      ដោយ​បណ្ឌិត ឆយ យី​ហ៊ាង

                                                                                      រាជ​បណ្ឌិត្យ​សភា​កម្ពុជា(2002,01,05)

 

          ៤-អាពាហ៍ពិពាហ៍​១​ថ្ងៃ

          នៅ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ (សម័យ​លន់​ណុល) សង្គ្រាម​ស៊ីវិល​កាន់​តែ​មាន​លក្ខណៈ​ព្រៃ​ផ្សៃ​ឡើង ។ ការ​ស្ដី​ដណ្ដឹង​មាន​លក្ខណៈ​ឆក់​កណ្ដៀត ។ ហេតុ​នេះ​អាពាហ៍ពិពាហ៍​ ត្រូវ​បាន​បង្ហាញ​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ។ អាពាហ៍ពិពាហ៍​ត្រូវ​បញ្ចប់​នៅ​ពេល​រសៀល ព្រោះ​អ្នក​ស្រុក​ប្រញាប់​ប្រញាល់​រក​កន្លែង​ជ្រក​ពួន ដូច​ជា​ពួន​ក្នុង​លេណ​ដ្ឋាន​ជា​ដើម ដើម្បី​ជៀស​វាង​គ្រាប់​រំសេវ​ពីខាង​រដ្ឋ​អំណាច និង​ពី​ខាង​កំលាំង​ក្នុង​ព្រៃ ។ ជួន​កាល ឪពុក​ម្ដាយ​បង្កើតដែល​នៅ​ឆ្ងាយ​ពី​កូន​ពុំ​បាន​ដឹង​ថា កូន​រៀប​មង្គល​ការ​ឡើយ ។

          ៥-អាពាហ៍ពិពាហ៍​១​ព្រឹក

          នៅ​ចុង​សម័យ​សាធារណរដ្ឋ​ខ្មែរ កំលាំង​ទ័ព​ព្រៃ​បាន​ហ៊ុម​ព័ទ្ធ​ទី​ក្រុង និង​ទី​រួម​ខេត្ត​នានា ។ ដំណឹង​ផ្សេង​ៗ​ត្រូវ​កាត់​ផ្ដាច់ ។ ហេតុ​នេះ ការ​រៀប​អាពាហ៍ពិពាហ៍​​មាន​លក្ខណៈ​ប្រញាប់​ប្រញាល់​ពេក ។ ឯ​ការ​ស្ដី​ដណ្ដឹង​ក៏​មាន​លក្ខណ​បែប​នោះ​ដែរ ។ ការ​ប្រកាន់​ប្រពៃណី​ក្នុង​ការ​ស្ដី​ដណ្ដឹង​ត្រូវ​បាន​បន្ធូរ​បន្ថយ​ជា​ច្រើន គឺ​សំរួល​យ៉ាង​ណា​ដើម្បី​ឲ្យ​កូន​ប្រុស និង​កូន​ស្រី​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ​ជា​មួយ​គ្នា ។ អាពាហ៍ពិពាហ៍​មាន​លក្ខណៈ​ជា​របៀប​សែន​ព្រេន ។

          តាម​រៀបរាប់​ខាង​លើ​នេះ យើង​ឃើញ​ថា អាពាហ៍ពិពាហ៍​​ខ្មែរ​កាន់​តែ​មាន​លក្ខណៈ​សាមញ្ញ​ឡើង​ៗ ។ យើង​អាច​ធ្វើ​ការ​ពិចារណា​ដូច​ខាង​ក្រោម

          -ការ​បង្រួញ​ពេល​វេលា​ពី​៧​ថ្ងៃ​៧​យប់ មាន​ត្រឹម​៣​ថ្ងៃ ៣​យប់​ក្នុង​ការ​រៀប​មង្គលការ​អាច​បណ្ដាល​មក​ពី​ហេតុ​សំខាន់​២​យ៉ាង​គឺ៖

          -ហេតុ​សេដ្ឋកិច្ច

          -ហេតុ​ពេល​វេលា ។

          ហេតុ​សំខាន់​ទាំង​២​យ៉ាង​នេះ ទាក់ទង​គ្នា​ទៅ​វិញ ទៅ​មក ។ ក្នុង​ករណី​ដែល​គេ​អនុវត្ត ៧​ថ្ងៃ​៧​យប់ គេ​បាន​ចំណាយ​ពេល​វេលា​និង​ប្រាក់​កាសជា​ច្រើន បើ​ប្រៀបធៀប​នឹង​ការដែល​គេ​អនុវត្ត​៣​ថ្ងៃ​៣​យប់ ។

          រី​ឯ​ការ​បង្រួញ ពេល​វេលា​ពី ៣​ថ្ងៃ​៣​យប់​មក​ត្រឹម​១​ថ្ងៃ​១​យប់​បន្ទាប់​មក​ត្រឹម​១​ថ្ងៃ ហើយ​បន្ទាប់​មក​ទៀត ត្រឹម​តែ​១ព្រឹក កើត​ឡើង​ដោយ​សារ​ធាតុ​សំខាន់​៣​យ៉ាង​គឺ៖

          -ហេតុ​សង្គ្រាម

          -ហេតុ​សេដ្ឋកិច្ច

          -ហេតុ​ពេល​វេលា ។

          ក្នុង​ចំណោម​ហេតុ​សំខាន់​ទាំង ៣​យ៉ាង​នេះ ហេតុ​ដែល​មាន​តួនាទី​កំណត់​បំផុត គឺ​ហេតុ​សង្គ្រាម។ ហេតុ​សេដ្ឋកិច្ច និង​ហេតុ​ពេល​វេលា​ក៏​ទាក់​ទង​នឹង​ហេតុ​ទី​១​ដែរ ។

          -នេះ​ជា​ស្ថាន​ការណ៍​បរានុម័ត ដែល​បង្ខំ​ឲ្យ​ប្រជាជន​ខ្មែរ​អនុវត្ត​បែប​នេះ ដោយ​មិន​អាច​រក​ផ្លូវ​ណា​ផ្សេង​ទៀត​ឡើយ ។ ការ​អនុវត្ត​ក្នុង​គ្រា​នោះ​មិន​មែន​បង្ហាញ​ថា ខ្មែរ​មាន​ចរិត​ខ្ជី​ខ្ជា​ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍​​ទេ ។ ផ្ទុយ​ទៅ​វិញ កត្តា​នេះ​បញ្ជាក់​ច្បាស់​ថា ទោះ​បី​ស្ថិត​នៅ​ក្នុង​ស្ថាន​ការណ៍​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្មែរ​ភាគ​ច្រើននៅ​តែ​រក្សា​ព្រលឹង ​និង​ស្នាដៃ​ដូន​តា​ដូច​បាន​រៀបរាប់​ក្នុង​ការ​រៀប​មង្គល​ការ​នេះ​ជា​ដើម ។ នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្មែរ​នៅ​តែ​រក្សា​ការ​រៀប​មង្គល​ការ​ឲ្យ​បុត្រធីតា បង្ហាញ​ឲ្យ​ឃើញ​ថា ខ្មែរ​ស្រឡាញ់​ទំនៀម​ទម្លាប់​ប្រពៃណី ចង់ជៀស​វាង​ការ​ពេប​ជ្រាយ​ពី​សង្គម ​និង​យល់​ថា អាពាហ៍ពិពាហ៍​មាន​តំលៃ​ខ្ពស់​ក្នុង​ការ​រួម​ចំណែក​កសាង​សុភមង្គល ។

          ៦-អាពាហ៍ពិពាហ៍​នៅ​ក្នុង​របប​ប៉ុល​ពត

          របប​នេះ ជា​របប​មួយ​ធ្វើ​បដិវត្ត​វប្បធម៌ ដើម្បី​កម្ទេច​ចោល​មូលដ្ឋាន​នៃ​អាពាហ៍ពិពាហ៍​ខ្មែរ និង​បង្កើត​មូលដ្ឋាន​នៃ​អាពាហ៍ពិពាហ៍​ថ្មី​មួយ ក្រោម​ការ​ចាត់​ចែង​របស់ “អង្គការ” មិន​មែន​ក្រោម​ការ​ចាត់​ចែង​របស់​ឪពុក​ម្ដាយ​ទេ ។ កូន​កំលោះ​ និង​កូន​ក្រមុំ​មិន​អាចរើស​គូ​ស្រករ​បាន​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន​បាន​ឡើយ ។ ឪពុក​ម្ដាយ​ក៏​មិន​អាច​រួម​ចំណែក​ក្នុង​ការ​រើស​គូ​ស្រករ​ឲ្យ​កូន​បាន​ដែរ ។ អាពាហ៍ ពិពាហ៍​ត្រូវ​កំណត់​ដោយ “អង្គការ” ។ ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​អាពាហ៍ពិពាហ៍​មាន​ដូច​ត​ទៅ៖

          -ការ​រៀប​អាពាហ៍ពិពាហ៍​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ល្ងាច និង​ពេល​យប់ ។ ការ​ជ្រើស​ពេល​បែប​នេះ​ប្រហែល​ជា​បណ្ដាល​មក​ពី​ការ​សន្សំ​សំចៃ​ពេល​វេលា​សម្រាប់​ធ្វើ​ការ​ផ្សេង​ៗ​នៅ​តាម​ស្រែ​ចំការ​ឬ​នៅ​ក្នុង​រោង​ជាង ។

          -ការ​រៀប​អាពាហ៍ពិពាហ៍​គ្មាន​លក្ខណៈ​ឱឡារិក​ទេ ។ គេ​ប្រារព្ធ​ពិធី​នេះ​ស្ងាត់​ៗ ដែល​ជួន​កាល​សាមី​ខ្លួន​ទើប​នឹង​ដឹង​ភ្លាម​ៗថា​ខ្លួន​ត្រូវ​រៀបការ ។

          -សាមី​ខ្លួន​ប្រុស និង​សាមី​ខ្លួន​ស្រី​ត្រូវ​ធ្វើ​តាម “អង្គការ” ដោយ​ឥត​ប្រកែក​បាន ។ គ្មាន​ការ​ជូន​ពរ​ស័ព្ទសាធុការ​ទេ ។ មាន​តែ​ការ​ប្រៀនប្រដៅ​ឲ្យ​គោរព​ស្រឡាញ់”អង្គការ”​ប៉ុណ្ណោះ ។

          -ក្នុង​ករណី​ដែល​ហ៊ាន​ជំទាស់​ចំពោះ “អង្គការ” សាមី​ខ្លួន​អាច​ត្រូវ​យក​ទៅ​សម្លាប់​ ឬ​យក​ទៅ​ធ្វើ​បាប​គ្រប់​បែប​យ៉ាង ។ ឧ, ស្ត្រី​ក្រមុំ​ម្នាក់​ឈ្មោះ​នាង​សាយ ត្រូវ​បាន​លើក​ងារ​ជា​ប្រធាន​មន្ទីរ​ពេទ្យ​នៅ​ភូមិ​ស្រះឈើ​នៀង ចំណុះ​សហករណ៍​ស្វាយ​ដូន​កែវ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​ចាប់​តាំង​ពី​ឆ្នាំ ១៩៧៥ ។ លុះ​ដល់​ឆ្នាំ ១៩៧៧ “អង្គការ” បាន​បង្ខំ​ឲ្យ​នាង​នេះ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​បុរស​ម្នាក់​ដែល​មាន​វ័យ​ចំណាស់ និង​កំបុត​ដៃ​ម្ខាង ។ លោក​ជា​អតីត​យោធា​នៅ​ក្នុង​កង​ទ័ព​ប៉ុល​ពត ។ នាង​ប្រកែក​មិន​ព្រម​ទទួល​យក​បុរស​នេះ​ជា​ប្ដី ។ “អង្គការ” បាន​ទម្លាក់​នាង​ពី​ប្រធាន​មន្ទីរ​ពេទ្យ​មក​ជា​រាស្ត្រ​សាមញ្ញ ។ នាង​ត្រូវ​ទៅ​ស្ទូង​ស្រូវ លើក​ភ្លឺ​ស្រែ… ដូច​ប្រជាជន​ដទៃ​ទៀត​ដែរ ។ ថ្ងៃ​មួយ​”អង្គការ” បាន​បញ្ជា​ឲ្យ​បុរស​នោះ ចាប់​នាង​រំលោភ… ។ នៅ​ពេល​នោះ​កង​ឈ្លប​៣​នាក់ បាន​យាម​យ៉ាង​ម៉ឺង​ម៉ាត់ ដើម្បី​កុំ​ឲ្យ​នាង​គេចផុត​ពី​បុរសដែល​មាន​បំណង​ធ្វើ​ជា​ប្ដី​នាង។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​នាង​សាយ​ក៏​សំរេច​ចិត្ត​ធ្វើ​អត្តឃាត ដោយ​ចង​ក​នៅ​ក្នុង​ផ្ទះ​ស្បូវ​មួយ​ខ្នងដែល​ទើប​នឹង​សង់​នៅ​ក្នុង​ភូមិ​ទួល​អ្នក​គ្រូ ចំណុះ​សហ​ការណ៍​ស្វាយ​ដូន​កែវ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ។ សូម​បញ្ជាក់​ថា ភូមិ​ទូល​អ្នក​គ្រូ និង​ភូមិ​ស្រះ​ឈើ​នៀង​ស្ថិត​នៅ​ជិត​គ្នា​ប្រហែល​៣០០ ម៉ែត្រ ។

          នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ អាពាហ៍ពិពាហ៍​ត្រូវ​រៀបចំ​ជា​ច្រើន​គូ អាច​ចាប់​ពី​២​គូ រហូត​ដល់​២០០​គូក៏​មាន​ដែរ ។ នៅ​ចុង​ឆ្នាំ ១៩៧៨ មុន​ពេល​រំដោះ​ពួក​ខ្មែរ​ក្រហម​បាន​បង្គាប់​ឲ្យ​យុវជន និង​យុវនារី​រៀបការ​ជា​មួយ​គ្នា​រាប់​រយ​គូក្នុង​ពេល​តែ​មួយ ។ ឧ. នៅ​លើ​ជួរ​ភ្នំ​ក្រវាញ ខេត្ត​ពោធិសាត់​នា​ខែ​វិច្ឆិកា​១៩៧៨ ក្នុង​យប់​មួយ យុវជន និង​យុវនារី​ត្រូវ​រៀបការ​ជា​មួយ​គ្នា​ចំនួន​ប្រហែល​២០០​គូ ក្រោម​ពន្លឺ​ភ្លើង​ចន្លុះ ។ ពេល​នោះ មាន​ភាព​ច្របូក​ច្របល់​យ៉ាង​ខ្លាំង ដោយ​យុវជន និង​យុវនារី​មិន​ស្គាល់​មុខ​គ្នា ដែល​អាច​ច្រឡំ​គូ​គ្នា ជា​ដើម ។

          ចំពោះ​បញ្ហា​នេះ យើង​ពិចារណា​ដូច​ខាង​ក្រោម ៖

          -”អង្គការ” ដែល​ជា​ស្ថាប័ន​កំពូល​នៃ​របប​ប្រល័យ​ពូជ​សាសន៍​មាន​ចេតនា​កំទេច​ចោល​ប្រពៃណី​ និង​ទំនៀម​ទម្លាប់​រស់​នៅរបស់​ប្រជាជន​កម្ពុជា ។ នេះ​ជា​ការ​ធ្វើ​បដិវត្ត​វប្បធម៌​មួយ ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​បដិវត្តន៍​វប្បធម៌​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន កាល​ពី​ឆ្នាំ​១៩៦៥ ។

          -ពិត​ណាស់ នាង​សាយ បាន​រីក​ចម្រើន​នៅ​ក្នុង​របប​នេះ ។ នាង​បាន​ទទួល​មុខ​ងារ​មួយ​ជា​ទី​ពេញ​ចិត្ត គឺ​ប្រធាន​មន្ទីរ​ពេទ្យកែវ​ស្អាត ។ ប៉ុន្តែ នៅ​ពេល​ដែល “អង្គការ” បង្ខំ​ឲ្យ​នាង​រៀបការ​ជា​មួយ​មនុស្ស​ដែល​នាង​មិន​ពេញ​ចិត្ត នាង​មាន​គំនិត​ប្រតិកម្ម​យ៉ាង​ធំ​ចំពោះ​”អង្គការ” វិញ ។ នៅ​ពេល​ដែល​នាង​មិន​អាច​យក​ឈ្នះ​លើ “អង្គការ” បាន​នាង​បែរ​ជា​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត ដើម្បី​បញ្ចប់​ជីវិត​របស់​ខ្លួន ។ ការណ៍​នេះ ប្រហែល​ជា​ធ្វើ​ឲ្យ​”អង្គការ” គិត​ពិចារណា​តិច​តួច​ដែរ ចំពោះ​អាពាហ៍ពិពាហ៍​​នៅ​ជំនាន់​នោះ ។ ហេតុ​នេះ​ហើយ បាន​ជា​ក្រោយ​ពេល​ដែល​នាង​សាយ​សម្លាប់​ខ្លួន អាពាហ៍ពិពាហ៍​​ត្រូវ​បាន​រៀបចំ​ជា​ច្រើន​គូ ដែល​ហាក់​ដូច​ជា​មាន​លក្ខណៈ​បន្ធូរ​បន្ថយ​ខ្លះ ។

          ៧-អាពាហ៍ពិពាហ៍​ជា​មួយ​សំលៀក​បំពាក់

          យើង​សង្កេត​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា​មាន​ទម្រង់​អាពាហ៍ពិពាហ៍​​មួយ​បែប​ដែល​ហៅ​ថា អាពាហ៍ពិពាហ៍​​ជា​មួយ​សំលៀក​បំពាក់ ។ នៅ​ក្នុង​អាពាហ៍ពិពាហ៍​​បែប​នេះ មាន​តែ​កូន​ក្រមុំ​ទេ ដែល​ត្រូវ​អនុវត្ត​ម្នាក់​ឯង ។ ចំណែក​កូន​កំលោះ​ពុំ​មាន​មុខ​នៅ​ក្នុង​ពិធី​នោះ​ទេ ។ កត្តា​នេះ បណ្ដាល​មក​ពី​ហេតុ​ច្រើន​យ៉ាង៖

          ក/​បុរស​ដែល​បាន​ស្ដី​ដណ្ដឹង​កូន​ក្រមុំ​ហើយ មាន​ឆន្ទៈ​រៀប​អាពាហ៍ពិពាហ៍​ពិត​ប្រាកដ ។ ការ​រៀប​អាពាហ៍ពិពាហ៍​ត្រូវ​បាន​គ្រោង​ទុក​មុន​ជា​ច្រើន​ថ្ងៃ ។ ស្រាប់​តែ​នៅ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​នោះ កូន​កម្លោះ​ត្រូវ​ទៅ​សមរភូមិ ដែល​មិន​អាច​ខាន​បាន ព្រោះ​នៅ​ជំនាន់​ដើម ការ​ចុះ​បំពេញ​កាតព្វកិច្ច​នៅ​សមរភូមិ​មាន​លក្ខណៈ​ដាច់​ខាត​មិន​អាច​ប្រកែក​បាន ។      

          ខ/បុរស​មួយ​ចំនួន​មាន​ប្រពន្ធ​កូន​រួច​ហើយ ។ ដើម្បី​បិទ​បាំង​កុំ​ឲ្យ​ឮ​ខ្ចរ​ខ្ចាយ​ក្នុង​ការ​រៀប​ការ​ជា​មួយ​ប្រពន្ធ​ថ្មី បុរស​នោះ​គ្រាន់​តែ​ផ្ញើ​សំលៀក​បំពាក់​ដែល​មាន​ខោ​អាវ និង​ស្បែក​ជើង​ដើម្បី​ឲ្យ​ផ្ទឹម​ជា​មួយ​កូន​ក្រមុំ ។ បុរស​ច្រើន ។ ស្ត្រី​ច្រើន​តែ​ជា​កូន​អ្នក​ក្រី​ក្រ ។ គេ​ឃើញ​មាន​អាពាហ៍ពិពាហ៍​បែប​នេះ នៅ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ ឬ​អាច​មាន​មុន​សម័យ​សាធារណរដ្ឋ​ខ្មែរ ។

          ក្នុង​ការ​ពិចារណា យើង​យល់​ដូច​ខាង​ក្រោម,

          -ក្នុង​ករណី​១,

          អាពាហ៍ពិពាហ៍​ត្រូវ​បាន​សម្រួល​ដោយ​សារ​កូន​កំលោះ ជាប់​បំពេញ​កាតព្វកិច្ច​យោធា ដែល​មិន​អាច​ជៀស​វាង​បាន ។ រី​ឯ​កូន​ក្រមុំ និង​មាតាបិតា​ញាតិ​មិត្ត​ខាង​ស្រី ក៏​ពុំ​មាន​សេចក្ដី​ខ្មាស​អៀន​អ្វី​ឡើយ ។ នេះ​ក៏​បញ្ជាក់​ឲ្យ​ឃើញ​សេចក្ដី​ស្មោះ​ស្ម័គ្រ​របស់​កូន​ស្រី​ចំពោះ​កូន​ប្រុស​ដែរ ។

          -ក្នុង​ករណី​ទី​២ អាពាហ៍ពិពាហ៍​​មាន​លក្ខណៈ​រអាក់​រអួល​ច្រើន​ ព្រោះ​កូន​ក្រមុំ មាតា​បិតា និង​ញាតិ​មិត្ត​ខាង​ស្រី មិន​មាន​អារម្មណ៍​ស្ងប់​ស្ងាត់​ឡើយ ។ នៅ​ពេល​ដែល​គូ​ស្វាមី​ភរិយា​រស់​នៅ​ជា​មួយ​គ្នា ការ​រស់​នៅ​របស់​គេ​ក៏​មាន​លក្ខណៈ​លួច​លាក់​ដែរ ដែល​ខ្មែរ​ហៅ​ថា “រស់​នៅ​មិន​ពេញ​មុខ” ។

          ៨-អាពាហ៍ពិពាហ៍​ក្លែង​ក្លាយ

          អាពាហ៍ពិពាហ៍​នេះ ប្រហែល​ជា​ចាប់​កើត​ឡើង​នៅ​សម័យ​សព្វ​ថ្ងៃ ក្រោយ​រំដោះ​ពី​របប​ប្រល័យ​ពូជ​សាសន៍ និង​ក្រោយ​ពី​មាន​ទំនាក់ទំនង​ជា​មួយ​ប្រទេស​សេរី​វិញ ដូច​ជា​ប្រទេស​បារាំង អូស្ត្រាលី និង​សហរដ្ឋ​អាមេរិក ជា​ដើម ។ បង​ប្អូន​កម្ពុជា​មួយ​ចំនួន​បាន​ទៅ​រស់​នៅ​ឯ​បរទេស ហើយ​បាន​ចូល​សញ្ជាតិ​ជា​បរទេស ។ ពួក​គេ​មាន​បំណង​ទាក់ទាញ​សមាជិក​គ្រួសារ ឬ​បង​ប្អូន​របស់គេ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេសកម្ពុជា​ឲ្យ​ទៅ​រស់​នៅ​ឯ​បរទេស​វិញ ។ ប៉ុន្តែ ច្បាប់​នៅ​បរទេស​បាន​ហាម​ឃាត់ មិន​ឲ្យ​យក​អ្នក​ចំណូល​ថ្មីទៅ​រស់​នៅ​ជា​មួយ ។ ច្បាប់​នោះ អនុញ្ញាត​ឲ្យ​យក​តែ​ប្រពន្ធ​ ឬ​ប្ដី​ពេញ​ច្បាប់​ប៉ុណ្ណោះ ។

          ចំណុច​សំខាន់​ៗ​គឺ៖

          ក-ក្នុង​ករណី​នេះ អ្នក​នៅ​បរទេស និង​អ្នក​នៅ​កម្ពុជា បាន​ទាក់​ទង​គ្នា​ដោយ​យក​អាពាហ៍ពិពាហ៍​​ធ្វើ​ជា​លេស ដើម្បី​បំភាន់​ភ្នែក​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ផង និង​បំភាន់​ភ្នែក​អាជ្ញាធរ​បរទេស​ផង ។ អាពាហ៍ពិពាហ៍​​បែប​នេះ​កើត​ឡើង​ជា​ញឹក​ញាប់​នៅ​ក្នុង​ប្រទេស​យើង ទាំង​នៅ​ក្នុង​ក្រុង​និង​ជន​បទ ។ លុះ​កូន​កំឡោះ និង​កូន​ក្រមុំ​បាន​រៀប​អាពាហ៍ពិពាហ៍​​ហើយ​គេ​មាន​សិទ្ធិ​ចុះ​អេតាស៊ីវិល (état civil) នៅ​ចំពោះ​មុខ​សមត្ថកិច្ច ។ ប៉ុន្តែ គេ​ពុំ​បាន​រួម​ដំណេក​ជា​មួយ​គ្នា​ទេ ។ បន្ទាប់​មក​អ្នក​នៅ​បរទេស​វិល​ត្រឡប់​មក​វិញ ហើយ​រត់​លិខិត​ស្នាម​ឬ​ធ្វើ​បែប​បទ​ឲ្យ​ស្រប​ច្បាប់ ដើម្បី​យក​អ្នក​នៅ​ក្នុង​ប្រទេស​ទៅ​ដែរ ។​ អ្នក​ទី​២ ដែល​ទៅ​រក​នៅ​ឯ​បរទេស​អាច​ផ្សង​សំណាង​តាម​យថាកម្ម​ក្នុង​ការ​រស់​នៅ ។ ឯ​អ្នក​នៅ​បរទេស​ដែល​ស៊ី​ឈ្នួល​រៀប​ការ​នោះ​អាច​ជា​ប្រុស​ឬ​អាច​ជា​ស្រី ។

          ខ-ក្នុង​ករណី​ទី​២ មាន​ជន​បរទេស​ខិល​ខូច​មួយ​ចំនួន​បាន​ឆ្លៀត​ឱកាស​នេះ ទាក់​ទង​នឹង​ជន​ខិល​ខូច​នៅ​កម្ពុជា ដោយ​ឲ្យ​ប្រាក់​មក​ជន​ខិល​ខូច​នៅ​កម្ពុជា រៀប​អាពាហ៍ពិពាហ៍​​ជា​មួយ​កូន​ក្រមុំ​អ្នក​ស្រុក ដើម្បី​យក​កូន​ក្រមុំ​នោះ​ទៅ​លក់​ឯ​បរទេស​ក្នុង​នាម​ជា​ស្រី​ពេស្យា ។ ដោយ​សារ​អំណាច​ទឹក​ប្រាក់ អ្នក​ស្រុក​ជា​ច្រើន​រូប​បាន​ចាញ់​ឧបាយ​កល​ពួក​នេះ ។ រី​ឯ​ស្ត្រី​ដែល​បាន​រៀប​ការ​ហើយ​នោះ តែង​ទទួល​ផល​អាក្រក់​ជា​រឿយ​ៗ​ក្នុង​សភាព​ជា​អ្នក​ត្រូវ​គេ​បោក​បញ្ឆោត ។

          គ-នៅ​មាន​ករណី​មួយ​ទៀត ដែល​ត្រូវ​លើក​យក​ពិភាក្សា ។ មាន​ខ្មែរ​នៅ​បរទេស​មួយ​ចំនួន ដែល​យើង​ឲ្យ​ឈ្មោះ​ថា “អាណិកជន” បាន​ចូល​មក​ស្ដី​ដណ្ដឹង​កូន​អ្នក​ស្រុក ។ គេ​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​គ្នា ។

          គេ​បាន​រស់​នៅ​ជា​មួយ​គ្នា​ក្នុង​មួយ​រយៈ​ពេល ។ បន្ទាប់​មក គេ​បាន​វិល​ត្រឡប់​ទៅ​បរទេស​វិញ (កូន​ប្រុស) ។ គេ​បាន​ប្រាប់​ថា គេ​រត់​ការ​នាំ​កូន​ស្រី​ទៅ​តាម​ក្រោយ ។ តាម​ពិត គេ​មិន​បាន​រត់​ការ​អ្វី​ទាំង​អស់ ។ ចំណែក​កូន​ស្រី​ក្លាយ​ជា​ស្រី​មេ​ម៉ាយ​រហូត​ទៅ ។ ប៉ុន្តែ​ជួន​កាល​កូន​ស្រី​ក៏​បាន​កូន​ស្រី​ក្លាយ​ជា​ស្រី​មេម៉ាយ​រហូត​ទៅ ។ ប៉ុន្តែ​ជួន​កាល​កូន​ស្រី​ក៏​បាន​ទៅ​រស់​នៅ​ឯ​បរទេស​ដែរ ។ លុះ​ផុត​កំណត់​ទិដ្ឋាការ​ឆ្លង​ដែន មិន​អាច​ពន្យារបាន​ទៀត កូន​ស្រី​ត្រូវ​បង្ខំ​ចិត្ត​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ក៏​សឹង​មាន​។ និយាយ​បែប​នេះ មិន​មែន​មានន័យ​ថា ការ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​អាណិក​ជន​សុទ្ធ​សឹង​មាន​ផល​អាក្រក់​ទេ ។ មាន​អាណិក​ជន​ជា​ច្រើន​ណាស់ ដែល​បាន​ជួយ​ដល់​ស្ត្រី ឬ​បុរស​ខ្មែរ​ឲ្យ​មាន​សុភមង្គល ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍​​នេះ ។

          ក្នុង​ការ​ពិចារណា យើង​យល់​ដូច​ខាង​ក្រោម៖

          -បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​ខ្មែរ​មួយ​ចំនួន​មាន​បំណង​ទៅ​រស់​នៅ​ឯ​បរទេស និង​ដោយ​សារ​សេចក្ដី​លោភ​លន់​ហួស​ប្រមាណ​ក្នុង​ស្វែង​រក​ប្រាក់ រួម​ផ្សំ​ជា​មួយ​នឹង​សេចក្ដី​ឆោត​ល្ងង់​របស់​ខ្លួន ។

          -បុគ្គល​ខិល​ខូច បាន​យក​ច្បាប់​នៅ​កម្ពុជា និង​នៅ​បរទេស​មក​ទ្រាប់​អង្គុយ​បំភាន់​ភ្នែក​អាជ្ញាធរ​ទាំង​សង្ខាង ។ នេះ​ក៏​បញ្ជាក់​ឲ្យ​ឃើញ​ពី​កង្វះ​ចន្លោះ​នៃ​ច្បាប់ ដែល​មិន​ផ្ដន្ទា​ទោស​ចំពោះ​ជន​ណា​ដែល​រំលោភ​លើ​ច្បាប់​នោះ ។

          -ខ្មែរ​នៅ​បរទេស​ជា​ច្រើន​នាក់​បាន​ផ្ដាំ​ថា “ប្រយ័ត្ន​ចាញ់​បោក​ជន​ខិល​ខូច​នៅ​បរទេស ។ មុន​នឹង​ទុក​ដាក់​កូន​ចៅ សូម​មើល​ផៅ​សន្តាន​ឲ្យ​ច្បាស់លាស់ ។ ជា​ញឹក​ញាប់​ណាស់ ដែល​បង​ប្អូន​ខ្មែរ​នៅ​បរទេស​ដែល​មាន​សេចក្ដី​អាណិត​អាសូរ​ចំពោះ​បង​ប្អូន​នៅ​ក្នុង​ប្រទេស​ តែង​និយាយ​បែប​ខាង​លើ នេះ។

          ៩-ការ​ស្ម័គ្រ​ចិត្ត​នៅ​រស់​នៅ​ឯ​បរទេស​ក្នុង​នាម​ជា​ភរិយា

          មាន​ចលនា​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ជា​ពិសេស ដែល​មេ​អណ្ដើក​នៅ​កម្ពុជា​ហៅ​កូន​ក្រមុំ​អ្នក​ស្រុក​មក​តំរៀប​ជួរ​គ្នា ដើម្បី​ឲ្យ​គេ​ជ្រើស​រើស​ទៅ​ធ្វើ​ជា​ភរិយា​របស់​ជន​បរទេស ដូច​ជា​នៅ​ប្រទេស​តៃ​វ៉ាន់​ជា​ដើម ។ មេ​អណ្ដើក​តែង​បាន​ទទួល​ប្រាក់​(commission) ជា​ទី​ពេញ​ចិត្ត ។ ឧ, កូន​ក្រមុំ​ខ្មែរ​២០​នាក់ ឈរ​តំរៀប​ជួរ​គ្នា ។ គេ​តុប​តែង​លំអ​តាម​លទ្ធភាព​របស់គេ ។ ជន​បរទេស​បាន​សំលឹង​មើល​ម្ដង​មួយ​ៗ ។ បើ​គេ​មិន​ពេញ​ចិត្ត គេ​អាច​មិន​យក​ម្នាក់​ណា​ឡើយ ។ បើ​គេ​ពេញ​ចិត្ត គេ​ជ្រើស​រើស​យក​១​នាក់​ឬ​២ នាក់​ទៅ​បរទេស ។

          នៅ​ពេល​ដែល​ទៅ​រស់​នៅ​ឯ​បរទេស គេ​ច្រើន​តែ​ក្លាយ​ទៅ​ជា​ភរិយា​ដែល​រស់​នៅ​ក្នុង​កសិដ្ឋាន (ធ្វើ​ស្រែ​ចំការ) ។ មួយ​ចំនួន​តួច មាន​ភព្វ​សំណាង​ត្រូវ​បាន​គ្រួសារ​ខាង​ប្ដី​ថ្នាក់​ថ្នម ។ តែ​មួយ​ចំនួន​ធំ​ក្លាយ​ជា​ទាសី​ភរិយា ហើយ​បាន​សរសេរ​លិខិត​ផ្ដាំ​ផ្ញើ​កុំ​ឲ្យ​អ្នក​ស្រុក​ប្រព្រឹត្ត​បែប​នេះ​ទៀត ។

          ក្នុង​ការ​ពិចារណា យើង​យល់​ដូច​ខាង​ក្រោម​៖

          នៅ​ក្នុង​ករណី​នេះ សាមី​ខ្លួន​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​បាត់​បង់​កិត្តិយស​ផ្ទាល់​ខ្លួន​កិត្តិយស​គ្រួសារ ​និង​ប្រទេស​ជាតិ ។ គេ​ហាក់​លែង​គិតអំពី​ប្រពៃណី​របស់​ខ្លួន​ដោយ​សេចក្ដី​ក្រខ្សត់ និង​ដោយ​មាន​ចំណូល​ចិត្ត​ទៅ​រស់​នៅ​ឯ​បរទេស ។ នេះ​ជា​សេរីភាព​ក្នុង​ការ​ជ្រើស​រើស ដែល​មិន​មែន​ស្ថិត​នៅ​ក្នុង​ទំនៀម​ទម្លាប់​ខ្មែរដែល​យើង​អាច​ឲ្យ​ឈ្មោះ​ថា យើង​ងាយ​នឹង​បំភ្លេច​អ្វី​ដែល​ល្អ​របស់​យើង ។ ចំលើយ​ដោះ​ស្រាយ​តែ​ម្យ៉ាង​គត់​របស់​សាមី​ខ្លួន គឺ​ថា​បណ្ដាល​មក​ពី​សេចក្ដី​ក្រខ្សត់ ។

 

 

ការ​វិវឌ្ឍ​នៃ​អាពាហ៍​ពិពាហ៍​ខ្មែរ

(The evolution of Khmer wedding

(តចប់)

                                                                                      ដោយ បណ្ឌិត ឆយ យីហ៊ាន

                                                                                រាជ​បណ្ឌិត្យ​សភា​កម្ពុជា(2002,02,03)

 

          ១០-អាពាហ៍ពិពាហ៍​ដើម្បី​រួម​ចំណែក​កសាង​សង្គម

          នេះ​ជា​អាពាហ៍ពិពាហ៍​​មួយ​បែប ដែល​តែង​ត្រូវ​បាន​គេ​យក​មក​អនុវត្តនៅ​ក្នុង​វត្តនិគ្រោធ​រង្សី​ហៅ​វត្ត​រូង​ជ្រៃ ក្នុង​ភូមិ​រូង​ជ្រៃ ឃុំ​រូង​ជ្រៃ ស្រុក​ថ្ម​គោល​ខេត្ត​បាត់​ដំបង ។ អាពាហ៍ពិពាហ៍​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ។ គោល​បំណង​នៃ​ការ​រៀប​មង្គល​ការ​នេះ​គឺៈ

          -ទាក់ទាញ​អ្នក​ដើរ​កំសាន្ត​ឲ្យ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ក្នុង​វត្ត

          -ប្រមូល​ប្រាក់​ឲ្យ​បាន​ច្រើន ដើម្បី​កសាង​វត្ត ។

          លោក​តា ជ្រឹង ជ្រាង នៅ​ភូមិ​រូង​ជ្រៃ​[7] មាន​ប្រសាសន៍​ថា ដូន​តា​របស់​យើង​បាន​រៀប​អាពាហ៍ពិពាហ៍​​នេះ​យូរ​ណាស់​មក​ហើយ ។ គេ​ពុំ​អាច​ដឹង​ច្បាស់​អំពី​អ្នក​ផ្ដើម​គំនិត និង​កាល​បរិច្ឆេទ​នៃ​ការ​រៀប​មង្គល​ការ​នេះ​ឡើយ ។ ក្រោយ​មក​គេ​បញ្ឈប់​ការរៀប​មង្គល​ការ​នេះ​ក្នុង​រយៈ​ពេល​យ៉ាង​យូរ ។

          លុះ​ដល់​ឆ្នាំ ១៩៨៦ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ លោក​តា ជ្រឹង ជ្រាង និង​គណៈកម្មការ​វត្ត​បាន​ផ្ដើម​រៀប​អាពាហ៍ពិពាហ៍​នេះ​វិញ​ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​សំណាក់​មេ​ឃុំ មេ​ភូមិ និង​ប្រជាជន​ចំណុះ​ជើង​វត្ត និក្រោធ​រង្សី ។ របៀប​រៀប​មង្គល​ការមាន​ដូច​ខាង​ក្រោម៖

          ក-លក្ខណៈ​វិនិច្ឆ័យ​ក្នុង​ការ​ធ្វើ​ជា​កូន​កំលោះ និង​កូន​ក្រមុំ​គឺ៖

          -កូន​ក្រមុំ​ត្រូវ​បាន​យល់​ព្រម​ពី​ឪពុក​ម្ដាយឲ្យ​រៀប​អាពាហ៍ពិពាហ៍​​នេះ,

          -កូន​កំលោះ និង​កូន​ក្រមុំ​ត្រូវ​ចុះ​កិច្ចសន្យា ដោយ​មាន​ផ្ដិត​មេ​ដៃ​នៅ​ក្នុង​នោះ​ផង ក្រោម​ការ​ទទួល​ស្គាល់​របស់​គណៈ​កម្មាធិការ​ឃុំ​ដែល​អះ​អាង​ថា គ្មាន​ភាគី​ណា​មួយ​ទាម​ទារ​យក​កូន​កំលោះ​ជា​ប្ដី ​ឬ​យក​កូន​ក្រមុំ​ជា​ប្រពន្ធពិត​ប្រាកដ​ឡើយ ។

          ហេតុ​នេះ អាពាហ៍ពិពាហ៍​ប្រភេទ​នេះ ជា​អាពាហ៍ពិពាហ៍​​កំសាន្ត​មួយ​ប៉ុណ្ណោះ ។ ប៉ុន្តែ​យើង​គួរ​ចោទ​សួរ​ថា,

          តើ​មាន​កូន​កំលោះ​កូន​ក្រមុំ​ណា​ដែល​ធ្លាប់​បំពាន​លើ​កិច្ច​សន្យា​នេះ ?

          តាំង​ពី​ឆ្នាំ ១៩៨៦ មក​ទើប​នឹង​មាន​១​គូ ដែល​ទាម​ទារ​យក​ធ្វើ​ជា​ប្ដី​ប្រពន្ធ​មែន​ទែន គឺ​បំពាន​លើ​កិច្ច​សន្យា ។ បន្ទាប់​ពី មាន​ការ​ទាម​ទារ​បែប​នេះ​ហើយ​ខាង​កូន​ប្រុស និង​ខាង​កូន​ស្រី​បាន​ស្រុះ​ស្រួល​គ្នារៀបចំ​ស្ដី​ដណ្ដឹង​រៀប​មង្គល​ការ​តាម​ធម្មតា​ឡើង​វិញ ។ កូន​ប្រុស​ឈ្មោះ ចាន់ ឌី កូន​ក្រមុំ​ឈ្មោះ​ភឿន​ស្រី​មុំ រស់​នៅ​ក្បែរ​វត្ត​រូង​ជ្រៃ ។ មក​ដល់​ពេល​នេះ​គេ​មាន​កូន​បី​នាក់​ហើយ ។

          ខ-អំពី​របៀប​រៀបមង្គលការ

          -កូន​ប្រុស និង​កូន​ស្រី​បាន​ផ្ដិត​មេដៃ​រួច​ស្រេច ។ លុះ​ដល់​ពេល​គេ​ហែ​កូន​ស្រី​ឡើង​លើ​ឆាក ដើម្បី​ឲ្យ​យុវជន​មើល ។ បន្ទាប់​មក គេ​លក់​ឆ្នោត​ដើម្បី​ឲ្យ​យុវជន​ផ្សង​សំណាង​ថា តើ​នរណា​មាន​វាសនា​រៀបការ​ជា​មួយ​នាង ។ សន្លឹក​ឆ្នោត​ដែល​ត្រូវ​គឺ​មាន​តែ​មួយ​សន្លឹក​ទេ ។ យុវជន​ទាំង​ឡាយ ដែល​មាន​បំណង​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​នាង​ខិត​ខំ​ទិញ​ឆ្នោត ។ អ្នក​ខ្លះ​ទិញ​ជា​ច្រើន​សន្លឹក ។

          -ក្រោយ​ពី​បាន​បើក​សន្លឹក​ឆ្នោត​ហើយ យុវជន​ដែល​មាន​សំណាង​ត្រូវ​ឡើង​លើ​ឆាក ដើម្បី​ប្រារព្ធ​ពិធី ។ គេ​អនុវត្ត​ដូច​ត​ទៅៈ

          -កូន​កំលោះ និង​កូន​ក្រមុំ​សំពះគ្នា​ទៅ​វិញ​ទៅ​មក​និង​សំពះ​ភ្ញៀវ​ដែល​បាន​ចូល​រួម៖

          -កូន​ក្រមុំ​ពាក់​កម្រង​ផ្កា​ជូន​កូន​កំលោះ

          -ភ្លេង​លេង​កំដរ

          -ពិធី​សំខាន់​ដែល​ត្រូវ​អនុវត្ត​គឺ,

                   -កាត់​សក់

                   -ផ្ទឹម​សំពះ

                   -ចង​ដៃ

                   -បាច​ផ្កា​ស្លា ។

          លោក​តា ជ្រឹង ជ្រាង ធ្លាប់​អញ្ជើញ​ភ្ញៀវ​ឲ្យ​ពិសារ​ភោជនា​ហារ​ដែរ ។ តែ​ក្រោយ​មក ដោយ​ឃើញ​ថា ការ​ចំណាយ​ច្រើន​ពេកលើ​ម្ហូប​អាហារ​លោក​ក៏​បញ្ឈប់​បញ្ហា​នេះ​វិញ ។

          កំណត់​សម្គាល់៖

          កូន​កំលោះ​ត្រូវ​បាន​រៀបចំ​ទុក​មុន ។ ប៉ុន្តែ​បើ​មាន​យុវជន​ណា​ម្នាក់​ហ៊ាន​ចំណាយ​ប្រាក់​ច្រើន​ជាង គណៈកម្មការ​វត្ត​លើក​យុវជន​នោះ​ឲ្យ​ធ្វើ​ជា​កូន​កំលោះវិញ ។ ឯ​កិច្ច​សន្យា​ត្រូវ​ធ្វើ​ភ្លាមៗ​នៅ​ពេល​នោះ​ដែរ ។

          យើង​យល់​ថា នេះ​ជា​អាពាហ៍ពិពាហ៍​​មួយ​បែប ដែល​បង្ក​ឲ្យ​មាន​លក្ខណៈ​សប្បាយ​រីករាយ ដោយ​មាន​បំណង​ទាក់​ទាញ​អារម្មណ៍​របស់​ប្រជាជន ជា​ពិសេស​យុវជន និង​យុវនារី​ឲ្យ​ចូល​កំសាន្ត​នៅ​ក្នុង​វត្ត​នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​របស់​ប្រជាជន​កម្ពុជា ។ ម្យ៉ាង​ទៀត ប្រាក់​ចំណង​ដៃ​ទាំង​ប៉ុន្មាន​ត្រូវ​បាន​យក​ទៅ​កសាង​វត្ត​ដូច​ជា​ធ្វើ​ព្រះ​វិហារ “កុដិ សាលា​ឆាន់​និង​របង​វត្ត​ជា​ដើម ។ កត្តា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពិធី​អាពាហ៍ពិពាហ៍​នៅ​វត្ត​រូង​ជ្រៃ ជា​អាពាហ៍ពិពាហ៍​ដែល​បាន​រួម​ចំណែក​កសាង​សង្គម​​ឬ​ធ្វើ​ឲ្យ​ជីវិត​លោកីយ៍​នៃ​បព្វ​ជិត​នៅ​ក្នុង​វត្ត​នោះកាន់​តែ​រីក​ចម្រើន​ឡើង ។ អាពាហ៍ពិពាហ៍​នេះ បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ នូវ​សាមគ្គី​ភាព​យ៉ាង​ទូលំ​ទូលាយ​រវាង​បព្វ​ជិត​និង​គ្រហស្ថ​ចំណុះ​ជើង​វត្ត បង្ហាញ​ឲ្យ​ឃើញ​ដំណើរ​ទន្ទឹម​គ្នា​នៃ​ពុទ្ធចក្រ និង​អាណាចក្រ ។

          ១១-អាពាហ៍ពិពាហ៍​​ខ្មែរ-ចិន

          នៅ​ប្រទេស​កម្ពុជា មាន​ខ្មែរ​ជា​ច្រើន​នាក់​ដែល​មាន​សញ្ជាតិ​ដើម​ជា​ចិន​ ពោល​គឺ​ជីដូន​ជីតា ​ឬ​ឪពុក​ម្ដាយ​ជា​ជន​ជាតិ​ចិន​សុទ្ធ ។ សព្វ​ថ្ងៃ​ចិន​មាន​សាសន៍​៥ នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ៖

          -ទាជីវ (Teachiv)

          -កន្តាំង (កង់​តុងៈCanton)

          -ហុក​គៀន (Huckiean)

          -ហៃណាំ (Hainam)

          -ខិ (Khe)

          ពួក​ទាជីវ កន្តាំង និង​ហុក​គៀន សុទ្ធ​សឹង​គោរព​ព្រះ​គន់ កុង (Kon Kong) តំណាង​ឲ្យ​មេ​ទ័ព ។ ពួក​ហៃ​ណាំ និង​ខិ គោរព​ព្រះនាង ម៉ា ច (Ma chor) តំណាង​ឲ្យ​អ្នក​នេសាទ ។ ជន​ជាតិ​ចិន​ទាំង​៥​បែប​នេះ បាន​កសាង​សមាគម​រៀង​ៗ​ខ្លួន​ដើម្បី​ពង្រឹង និង​ពង្រីក​ពូជ​អម្បូរ​របស់​ខ្លួន ជា​ពិសេស​បង្កើន​វិស័យ​សេដ្ឋកិច្ច ។ ពួក​គេ​ពិភាក្សា​អំពី​បញ្ហា​ជំនួញ​ជាង​បញ្ហា​ដទៃ​ទៀត ។ ហេតុ​នេះ គេ​ឈាន​ចូល​ជ្រៅ​ទៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច [8]

          ពិត​មែន​តែ​ពួក​គេ​មាន​ជំនឿ​ដូច​បាន​ពោល​ខាង​លើ​មែន តែ​ពួក​គេ​បាន​រួម​ចំណែក​កសាង​ព្រះ​ពុទ្ធសាសនា​យ៉ាង​សកម្ម ។ គេ​កំពុង​រួម​ចំណែក​គោរព​ពិធី​បុណ្យ​ផ្សេង​ៗជា​មួយ​ប្រជាជន​ខ្មែរ​តាំង​ពី​រៀប​អាពាហ៍ពិពាហ៍​​ឡើង​ទៅ ។

          ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍​ប្រជាជន​ចិន​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចម្រុះ​រវាង​អាពាហ៍ពិពាហ៍​​ខ្មែរ និង​អាពាហ៍ពិពាហ៍​ចិន តាំង​ពី​ទម្រង់ និង​ខ្លឹម​សារ ។ ឧទាហរណ៍ នៅ​ក្នុង​អាពាហ៍ពិពាហ៍​នីមួយ​ៗ គេ​បិទ​ផ្លាក​អក្សរ​ចិន​ផ្សេង​ៗ គេ​ប៉ាយ​(សំពះ​បែប​ចិន) ឬ​សែន​ព្រេន​ចិន ។ តែ​នៅ​ពេល​នោះ​ដែរ គេ​ក៏​ផ្ទឹម​សំពះ​ចង​ដៃ​បង្វិល​ពពិល មាន​អាចារ្យ​ជូន​ពរ ឬ​មាន​ពិធីកាត់​សក់​ដូច​អាពាហ៍ពិពាហ៍​​ខ្មែរដែរ ។ កត្តា​នេះ​ក៏​ជះ​ឥទ្ធិពល​ដល់​ខ្មែរ​ដែរ ។ បង​ប្អូន​ខ្មែរ​ជា​ច្រើន​ដែល​ជា​ខ្មែរ​សុទ្ធ​បាន​ទទួល​យក​ចំណុចខ្លះ​របស់​ចិន​មក​អនុវត្ត​ដូច​ជា​ប៉ាយ និង​បិទ​ផ្លាក​អក្សរ​ចិន​ជា​ដើម ។

          យើង​យល់​ថា បើ​ប្រៀបធៀប​នឹង​ជន​ជាតិ​ភាគ​តិច​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ជន​ជាតិ​ចិន​ទាំង​៥សាសន៍​នេះ ងាយ​ទទួល​យក​អរិយធម៌​ខ្មែរ​ជាង​គេ ។ មិន​តែ​ប៉ុណ្ណោះ ខ្មែរ​ក៏​ទទួល​យក​អរិយធម៌​របស់​គេ​វិញ​ដែរ ។ ពួក​គេ​រួម​ចំណែក​ក្នុង​ការ​កសាង​ពុទ្ធសាសនា និង​រួម​ចំណែក​កសាង​អាណាចក្រ​យ៉ាង​សកម្ម ដូច​ជា​សាលារៀន ផ្លូវ​ថ្នល់ មន្ទីរ​ពេទ្យ​ជា​ដើម ។

III-ការ​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​អាពាហ៍ពិពាហ៍​

          សព្វ​ថ្ងៃ​នេះ ចលនា​រស់​នៅ​ជា​មួយ​គ្នា​មុន​រៀប​អាពាហ៍ពិពាហ៍​ មាន​កាន់​តែ​ច្រើន ដោយ​សារ​កង្វះ​ខាត​ប្រាក់ ដោយ​សារ​គ្មាន​ការ​ទំនុក​បម្រុង​ពី​មាតាបិតា ឬ​អាណា​ព្យាបាល ។ គេ​សង្កេត​ឃើញ​មាន​បញ្ហា​នេះ​នៅ​ក្នុង​ចំណោម​អតីត​កុមារ​កំព្រា​ទាំង​ឡាយ ។ នៅ​ពេល​ដែល​កុមារ​កំព្រា​ទាំង​នោះ​ពេញ​កំលោះ​ពេញ​ក្រមុំ គេ​បាន​បង្កើត​សង្គម​ដោយ​ឡែក​មួយ ដោយ​មាន​បំណង​រៀបការ​ជា​មួយ​គ្នា ដោយ​មិន​ចាំ​បាច់​មាន​ការ​ស្ដី​ដណ្ដឹង​ឡើយ ។ នេះ​ជា​ការ​ស្រឡាញ់​ឯក​ឯង ដែល​គ្មាន​ការ​ផ្ដូរ​ផ្គង​ពី​អាណា​ព្យាបាល ។ គេ​ស្វែង​រក​មុខ​របរ​ផ្សេង​ៗ និង​បង្កើត​កូន​ដើម្បី​ស្នង​គ្រួសារ ។ គេ​ធ្វើ​បែប​នេះ ព្រោះ​គេ​គ្មាន​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ជា​អ្នក​គ្រប់​គ្រង ។

          គូ​ស្វាមី​ភរិយា​មួយ​ចំនួន​អាច​មិន​រៀប​អាពាហ៍ពិពាហ៍​​រហូត​ ទោះ​បី​គេ​រក​ប្រាក់​បាន​ក៏​ដោយ ។ គេ​មិន​ខ្វល់​ចំពោះ​បញ្ហា​ប្រពៃ​ណី​ទេ ។ ប៉ុន្តែ គូស្វាមី​ភរិយា​មួយ​ចំនួន​ទៀត បន្ទាប់​ពី​មាន​កូន និង​រក​ប្រាក់​បាន​សម​ល្មម​ហើយ គេ​ចាត់​តាំង​រៀប​អាពាហ៍ពិពាហ៍​ដោយ​ខ្លួន​គេ ដើម្បី​ប្រារព្ធ​ប្រពៃ​ណី​ខ្មែរ ។ អ្នក​ខ្លះ​ទៀត​ដែល​គ្មាន​ប្រាក់​គ្រប់​គ្រាន់​បាន​រៀបចំ​សែន​ព្រេន​ជំនួស​អាពាហ៍ពិពាហ៍​។ គួរ​កត់​សំគាល់​ថា នៅ​ពេល​រៀប​អាពាហ៍ពិពាហ៍​ម្ដង​ៗ ពួក​យុវជន និង​យុវនារី ដែល​ជា​អតីត​កុមារ​កំព្រា​ទាំង​ឡាយ​សម្ដែង​ឲ្យ​ឃើញ​ពី​សាមគ្គី​ភាព​យ៉ាង​ទូលំ​ទូលាយ និង​ជួយ​គ្នា​យ៉ាង​សស្រាក់​សស្រាំ​គួរ​កោត​សរសើរ ។

          យើង​យល់​ថា អតីត​កុមារ​កំព្រា​ដែល​គេ​រៀប​ចំ​សែន​ព្រេន ឬ​រៀប​អាពាហ៍ពិពាហ៍​​ពេញ​ច្បាប់​បញ្ជាក់​ឲ្យ​ឃើញ​ថា គេ​មាន​បំណង​ប្រកាន់​ខ្ជាប់​នូវ​ទំនៀម​ទម្លាប់​ខ្មែរ និង​ចង់​ឲ្យ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ទទួល​ស្គាល់​ថា ពួក​គេ​ជា​គូ​ស្វាមី​ភរិយា​ដែល​មាន​ខាន់​ស្លាពេញ​ច្បាប់ ។ ការណ៍​នេះ ពិត​ជា​ធ្វើ​ឲ្យ​គេ​មាន​សតិ​អារម្មណ៍​ស្ងប់​ស្ងាត់​នៅ​ពេល​ដែល​គេ​នឹក​ឃើញ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​ ដែល​ជា​ថ្ងៃ​រីក​រាយ​មួយ ក្នុង​ជីវិត​របស់​គេ ។

          IV-ការ​សង្កេត​ទូទៅ​ចំពោះ​អាពាហ៍ពិពាហ៍​​ខ្មែរ​សព្វ​ថ្ងៃ

          សព្វ​ថ្ងៃ អាពាហ៍ពិពាហ៍​​ខ្មែរ​មាន​លក្ខណៈ​ប្លែក​គ្នា​ជា​ច្រើន​យោល​តាម​តំបន់​នីមួយ​ៗ នៅ​ជន​បទ​ដាច់​ស្រយាល​ អាពាហ៍ពិពាហ៍​ច្រើន​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​​២​ថ្ងៃ​២​យប់ ។ នៅ​ទី​ក្រុង និង​ទី​រួម​ខេត្ត​នានា អាពាហ៍ពិពាហ៍​​ច្រើន​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល ១​ថ្ងៃ​១​យប់ ។ អាពាហ៍ពិពាហ៍​​២​ថ្ងៃ​២យប់ បាន​បន្សល់​ទុក​ជា​ច្រើន​នូវ​ខ្លឹម​សារ​ដើម តាំង​ពី​ការ​លេង​ភ្លេង​កាត់​ផ្កា​ស្លា ការ​ហែ​កូន​កំលោះ​ទៅ​ជំរាប​អ្នក​តា​ចាស់​ស្រុក​ការ​រាំ​សា​កន្ទេល​ឡើង​ទៅ ។ អាពាហ៍ពិពាហ៍​​ក្នុង​រយៈ​ពេល១​ថ្ងៃ១​យប់ ​ជា​អាពាហ៍ ពិពាហ៍​​ដែល​មាន​លក្ខណៈ​ស្រូត​កាត់​ធ្វើ​ឲ្យ​ឆាប់​ហើយ ដើម្បី​ជៀស​វាង​ការ​ចំណាយ​ពេល​វេលា និង​ការ​ចំណាយ​ប្រាក់​ច្រើន ។

          នៅ​ក្នុង​ទីក្រុង និង​ទី​រួម​ខេត្ត​នានា អាពាហ៍ពិពាហ៍​​កាន់​តែ​ឃ្លាត​ចេញ​ពី​ប្រភព​ដើម​របស់​ខ្លួន ។ សំលៀកបំពាក់​បែប​អឺរ៉ុប និង​ពិធី​កាត់​នំ​បញ្ជាក់​ពី​ថ្ងៃ​កំណើត​នៃ​អាពាហ៍ពិពាហ៍​​កំពុង​រីក​រាល​ដាល ។ អ្នក​សំអាង​តែង​ឆក់​ឱកាស​ផ្សព្វ​ផ្សាយ​អំពី​ម៉ូត​សម្លៀក​បំពាក់​គ្រប់​បែប​យ៉ាង ទាំង​ខាង​កូន​កំលោះ ទាំង​ខាង​កូន​ក្រមុំ ។ ក្នុង​ពេល​ទទួល​ភ្ញៀវ ដើម្បី​លៀង​ភោជនា​ហារ​ក្នុង​រយៈ​ពេល​ពី​៤​ទៅ​៥ ម៉ោង កូន​ក្រមុំ​អាច​តម្រូវ​ឲ្យ​ប្ដូរ​សំលៀក​បំពាក់​ពី​៥​ទៅ​៦ ដង ។ កូន​ក្រមុំ​អវត្តមាន​ញឹក​ញាប់​នៅ​ចំពោះ​មុខ​ភ្ញៀវ ព្រោះ​អ្នក​សម្អាងតម្រូវ​ឲ្យ​ផ្លាស់​ប្ដូរ​សម្លៀក​បំពាក់ ។ ឯ​អ្នក​ជួស​មុខ​ឲ្យ​កូន​ក្រមុំ​នោះ​គឺ​អ្នក​កំដរ ពោល​គឺ អ្នក​កំដរ ជា​អ្នក​ជូន​ផ្កា​ដល់​ភ្ញៀវ ។

          នៅ​ក្នុង​ឱកាស​លៀង​ភាជនាហារ គេ​បង្កើត​ពិធី​កាត់​នំ ។ អ្នក​ចាត់ចែង​កម្មវិធី​ពុំ​មែន​ជា​លោក​តា​អាចារ្យ​ទេ ហើយ​ក៏​ពុំ​មែន​ជា​ចៅ​មហា ឬ​មេបា​ដែរ​តែ​ជា​ពិធី​ករ​ម្នាក់​នៅ​ក្នុង​វង់​តន្ត្រី​សម័យ ដែល​ប្រគុំ​កំដរ​ពេល​នោះ ។ ពិធី​ករ​ជា​អ្នក​បញ្ជា​អង្គ​ពិធី​ជប់លៀង​ទាំង​មូល ដូច​ជា​យក​នំ​ទៅ​បៀក​នៅ​ថ្ពាល់​ឪពុក​ម្ដាយទាំង​សង្ខាង ដើម្បី​ឲ្យ​កូនប្រុស​ស្រី​ទៅ​លិទ្ធ​ពី​ថ្ពាល់ ដែល​គេ​អះ​អាង​ថា ទង្វើ​បែប​នេះ​ជា​ការ​សម្ដែង​ពី​ការ​ដឹង​គុណ​ចំពោះ​មាតា​បិតា ។ ពិធី​ករ​ខ្លះ​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​ច្រើន​របៀប​ជា​ត្លុក​កំប្លែង​លេង​សើច ដែល​ខុស​ស្រឡះ​ពី​ពាក្យទូន្មាន​របស់​លោក​អាចារ្យ ។ អាកប្បករិយា​បែប​នេះ កំពុង​តែ​ជះ​ចូល​ទៅ​ដល់​ជាយ​ក្រុង​ជា​បណ្ដើរ​ៗ ហើយ​អាច​ធ្វើ​ឲ្យ​ខ្មែរ​ជំនាន់​ក្រោយ ភ្លេច​អស់​នូវ​ប្រភព​ដើម​នៃ​អាពាហ៍ពិពាហ៍​​របស់​ខ្លួន ។ គួរ​កត់​សម្គាល់​ថា សព្វ​ថ្ងៃ ស្ទើរ​តែ​គ្មាន​ពិធី​តោង​ជាយ​ស្បៃ​ចូល​បន្ទប់​ទៀត​ទេ ។

          V-យោបល់​ផ្សេង​ៗ​ជុំ​វិញ​បញ្ហា​អាពាហ៍ពិពាហ៍​

          ជុំ​វិញ​បញ្ហា​រៀប​អាពាហ៍ពិពាហ៍​ខ្មែរ មាន​ការ​ផ្ដល់​យោបល់​មួយ​ចំនួន​ដែល​យើង​គួរ​ពិចារណា។ យោបល់​ខ្លះ អាច​មិន​ស្រប​នឹង​យោបល់​អ្នក​អាន​ទេ តែ​ទោះបី​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​គួរ​ចាត់​ទុក​ថា យោបល់​ទាំង​នេះ​មាន​លក្ខណៈ​រិះ​គន់​ស្ថាបនា ដើម្បី​ឲ្យ​ខ្មែរ​រក្សា​វប្បធម៌​ប្រពៃណី​ទៅ​ទៀតនៅ​ក្នុង​ពហុ​វប្បធម៌​ដែល​កំពុង​លាយ​ចម្រុះ​គ្នា​នេះ​[9]

          -លោក មាស ញ៉ឹល ប្រធាន​ការិយាល័យ​ធម្មការ និង​សាសនា មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញយល់​ថា នៅ​រាជធានី​ភ្នំពេញ​សព្វ​ថ្ងៃ​ការ​រៀប​អាពាហ៍ពិពាហ៍​​មានការ​ខុស​ប្លែក​ពី​ការ​រៀប​អាពាហ៍ពិពាហ៍​​នៅ​តាម​បណ្ដា​ខេត្ត​… ដោយ​សារ​មាន​ជាតិ​សាសន៍​ជា​ច្រើន​បាន​មក​រស់​នៅ ។

          ២-លោក យក់ សាន់ នាយក​រង​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​កំពង់​ធំ​យល់​ថា ការ​រៀប​អាពាហ៍ពិពាហ៍​ខ្មែរ​សព្វ​ថ្ងៃ​នេះ មាន​លក្ខណៈ​ខុស​ប្លែក​ពី​ជំនាន់​ដើម​ឆ្ងាយ​ណាស់ ។ លោក​បញ្ជាក់​ថា​អាពាហ៍ពិពាហ៍​ជំនាន់​ដើម​អាច​ឲ្យ​គូ​ស្វាមី​ភរិយា​រស់​នៅ​ជា​មួយ​គ្នា​យូរ​អង្វែង មិន​សូវ​លែង​លះ​គ្នា​ដូច​សព្វ​ថ្ងៃ​នេះ ។

          ៣-លោក សុខ ឡាង អនុប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ក្រុង​ព្រះ​សីហនុ​និង​លោក សាង​សុមេន គ្រូ​ពុទ្ធិក​បឋមសិក្សា​ក្រុង​ភ្នំពេញ​មាន​យោបល់​រួម​ថា អាពាហ៍ពិពាហ៍​សព្វ​ថ្ងៃ មាន​ប្រពៃណី​បែប​ចម្រុះ​គ្នា​ គឺ​ប្រពៃណី​ខ្មែរ ប្រពៃណី​ចិន​ និង​ប្រពៃណី​គ្រិស្ដ​សាសនា ។ លោក​គូស​បញ្ជាក់​ថា ជន​ជាតិ​ខ្មែរ​សុទ្ធក៏​រត់​តាម​ដំណើរ​នេះ​ដែរ ។ លោក​ធ្វើ​សំណូម​ពរ​ដល់​ប្រជាជន​ខ្មែរ​ថា ទោះ​អាពាហ៍ពិពាហ៍​​១​ថ្ងៃ​ក្ដី ឬ​១​ព្រឹក​ក្ដី សូម​ធ្វើ​ឲ្យ​មង្គលការ​មាន​លក្ខណៈ​ជា​ខ្មែរ​ពិត​ប្រាកដ ។

          ៤-លោក គឹម ងួន​ជា​គ្រូ​បង្រៀន​ពុទ្ធិក​បឋមសិក្សា​វត្ត​កែវ ខេត្ត​បាត់​ដំបង​លោក យី សារិត អនុប្រធាន​ការិយាល័យ ធម្មការ និង​សាសនា ខេត្ត​បាត់​ដំបង និង​លោក​សួន ប៊ុន​ជឿន គ្រូ​បង្រៀន​ពុទ្ធិក​បឋម​សិក្សា​វត្ត​ឈើ​ទាល ខេត្ត​បាត់​ដំបង យល់​ថា អាពាហ៍ពិពាហ៍​​សព្វ​ថ្ងៃ​មាន​ផល​វិបាក​ខ្លាំង ដែល​ទាក់​ទង​នឹង​ទំនៀម​ទម្លាប់​ខ្មែរ… បុគ្គល​ខ្លះ​បំភ្លេច​ប្រពៃណី​របស់​ខ្លួន…អាពាហ៍ពិពាហ៍​ខ្លះ​យក​ប្រាក់​ជា​ធំ…​អ្នក​ខ្លះ​ចាញ់​បោក​អ្នក​ដទៃ​ដោយ​សារ​ប្រាក់… ធ្វើ​ឲ្យ​កូន​ស្រី​រង​ទុក្ខ​វេទនា… កត្តា​នេះ​ពិត​ជា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​កម្ពុជា​… ។

          ៥-លោក សារ​គុយ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​ឧត្តរមានជ័យ​ធ្វើ​សំណូម​ពរ​ថា.. ក្រោយ​ពី​ព្រះ​សង្ឃ​សូត្រ​មន្ត​ចប់ គួរ​និមន្ត​ធម្មកថិក​មួយ​អង្គ សម្ដែង​ធម្មទេសនា​អំពីសង្គហធម៌ សំដៅ​ទូន្មាន​ដល់​គូ​ស្វាមី​ភរិយា​ថ្មី​ដើម្បី​រស់​នៅ​ជា​មួយ​គ្នា​លុះ​អវសាន​នៃ​ជីវិត ។ លោក​បញ្ជាក់​ថា សង្គហធម៌​នេះ​ពិត​ជា​ធ្វើ​ឲ្យ​កូន​ប្រុស និង​កូន​ស្រី​ស្គាល់​តួនាទី​និង​ភារកិច្ច​រៀង​ៗ​ខ្លួន ។

          ៦-លោក ជួប ឃាន គ្រូ​ពុទ្ធិក​បឋមសិក្សា​វត្ត​ក្រចៅ ខេត្ត​ក្រចេះ ស្នើ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយអំពី​អាពាហ៍ពិពាហ៍​​ជំនាន់​ដើម​មួយ​បែប​ដែល​សព្វ​ថ្ងៃ​មាន​នៅ​ក្នុង​ជន​បទ​ខ្លះ ។ ក្នុង​អាពាហ៍ពិពាហ៍​​នេះ មាន​ការ​បាច​ផ្កា​ស្លា ការ​បង្វិល​ពពិល ការ​ចង​ដៃ និង​មាន​ការ​លើក​ត្រៃ ការ​វេរ​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ ។ បន្ទាប់​មក ព្រះ​សង្ឃ​សម្ដែង​ធម្មទេសនា​ស្ដី​ពី​សង្គហធម៌…។ នេះ​ជា​យោបល់​ដែល​ស្រប​នឹង​យោបល់​របស់​លោក​សារ គុយ ។

          ៧-លោក សឹម គួយ ប្រធាន​ការិយាល័យ​ធម្មការ​ និង​សាសនា មន្ទីរ​ធម្មការ ​និង​សាសនា ខេត្ត​តាកែវ ស្នើ​ថា ជន​ជាតិ​ខ្មែរ មិន​គួរ​យក​ប្រពៃណី​បរទេស​មក​លាយ​ឡំ​ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍​ ដែល​នាំ​ឲ្យ​បាត់​បង់​ប្រពៃណី​ខ្មែរ ។ លោក​សម្ដែង ការ​ព្រួយ​បារម្ភ ​ម្យ៉ាង​ទៀត​ថា សព្វ​ថ្ងៃ​អង្គ​សម្អាង អ្នក​ថត និង​ពិធី​ករ​កាត់​នំ ជា​អ្នក​ចាត់​ចែង​ការ​រៀប​អាពាហ៍ពិពាហ៍​គឺ​មិន​មែន​អាចារ្យ មេបា ចៅ​មហា​និង​អ្នក​ផ្លូវ​ឡើយ ។

          ៨-លោក សុខ ចេង ប្រធាន​ការិយាល័យ​បេតិកភណ្ឌ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ ខេត្ត​ស្វាយ​រៀង បាន​និយាយ​ពី​ស្ត្រីឈ្មួញ​ម្នាក់​ដែល​រត់​ការ​ខាង​រៀប​អាពាហ៍ពិពាហ៍​រវាង​អ្នក​នៅ​ក្នុង​ប្រទេស​ គឺ​ទូរ​ស័ព្ទ ។ កូន​កំលោះ និង​កូន​ក្រមុំ​ស្គាល់​មុខ​គ្នា​តាម​រយៈ​រូប​ថត។ លោក​គូស​បញ្ជាក់​ថា នេះ​ជា​អាពាហ៍ពិពាហ៍​តាម​បែប​ផ្សង​ព្រេង ដែល​កូន​ស្រី​ត្រូវ​ឆ្លង​កាត់ ។ ប៉ុន្តែ ទោះបី​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​រត់​ការ​បាន​ទទួល​ប្រាក់​ពី​ខាង​ប្រុស​ផង និង​ពី​ខាង​ស្រី​ផង ។ ជា​ពិសេស អ្នក​រត់ការ​នោះ​អាច​បាន​ទៅ​បរទេស​ទៀត​ផង ។ ជា​ចុង​ក្រោយ លោក​បន្ថែម​ថា អ្នក​នៅ​បរទេស​ដែល​ត្រូវ​បាន​មក​រៀបការ ឬ​មក​ស៊ី​ឈ្នួល​រៀបការ អាច​ជា​មនុស្ស​ប្រុស​ឬ​ជា​មនុស្ស​ស្រី​.. ។

          ៩-លោក សិល សុខសារ៉ន អនុប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​តាកែវ ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​ញឹក​ញាប់ តាម​វិទ្យុ​ទូរទស្សន៍ និង​ទស្សនាវដ្ដី… ស្ដី​ពី អាពាហ៍ពិពាហ៍​ខ្មែរ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​សម​ស្រប​មួយ ដើម្បី​ឲ្យ​ខ្មែរ​រក្សា​ប្រពៃណី​របស់​ខ្លួន ។

          សេចក្ដី​សន្និដ្ឋាន

          យើង​អាច​ស្មាន​ថា នៅ​ជំនាន់​ដើម ដូច​ជា​នៅ​សម័យ​នគរ​ភ្នំ ឬ​នៅ​សម័យ​ចេនឡា​ជា​ដើម អាពាហ៍ពិពាហ៍​​អាច​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល ៧​ថ្ងៃ ៧​យប់ ។ យ៉ាង​ហោច​ណាស់ ក៏​ទម្រង់​អាពាហ៍ពិពាហ៍​​បែប​នេះ កើត​ឡើង​នៅ​ក្នុង​ត្រកូល​ក្សត្រ​និង​នាម៉ឺន មន្ត្រី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្តម្ភ​ដែរ ។ នៅ​ក្នុង​រឿង​ ទុំទាវ ដែល​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អរិយធម៌​សម័យ​លង្វែក អាពាហ៍ពិពាហ៍​រវាង​ហ្មឺនងួន និង​នាង​ទាវ ដែល​រៀបចំ​ដោយ​ស្ដេច​ត្រាញ់ អភិជន បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រៀប​ចំ​យ៉ាង​មហោឡារិក តាំង​ពី​ពិធី​សែន​អ្នក​តា​ចាស់​ស្រុក​ឡើង​ទៅ ។ ក្រោយ​មក អាពាហ៍ពិពាហ៍​ត្រូវ​ស្ថិត​នៅ​ក្នុង​រង្វង់ ៣​ថ្ងៃ ៣យប់ ។ អាពាហ៍ពិពាហ៍​បែប​នេះ បាន​អូស​បន្លាយ​យ៉ាង​យូរ​នៅ​ក្នុង​សង្គម​ខ្មែរ រហូត​មក​ដល់​ចុង​សម័យ​សង្គម​រាស្ត្រ​និយម ។

          លុះ​ដល់​សម័យ​សាធារណរដ្ឋ​ខ្មែរ ចលាចល​បាន​កើត​ឡើង​ពាស​ពេញ​ប្រទេស​កម្ពុជា ។ គ្រប់​វិស័យ​ត្រូវ​ស្រុត​ចុះ ជា​ពិសេស​វិស័យ​សេដ្ឋកិច្ច​ដុន​ដាប​យ៉ាង​ខ្លាំង ។ សន្តិសុខ​សង្គម​មាន​លក្ខណៈ​ទន់​ជ្រាយ ។ ការ​ចែ​ចូវ ការ​ស្ដី​ដណ្ដឹង និង​ការ​រៀប​មង្គល​ការ​ត្រូវ​បំព្រួញ​កាន់​តែ​ខ្លី ដោយ​លោក​អាចារ្យ​និង​មេបា​រក្សា​ទុក​តែ​ខ្លឹម​សារ​សំខាន់​ៗ មួយ​ចំនួន​ប៉ុណ្ណោះ ។ ទោះ​ចង់​ក្ដី ឬ​មិន​ចង់​ក្ដី សភាព​ការណ៍​នោះ ពិត​ជា​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ពេល​វេលា​យូរ​បាន​ឡើយ ។ សភាព​ការណ៍​ជំរុញ​ឲ្យ​អាពាហ៍ពិពាហ៍​​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​១​ព្រឹក​ក៏​មាន​ដែរ ។

          ក្នុង​ដើម​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ពេល​ដែល​ពួកគេ​ដេញ​ប្រជាជន​ចេញ​ពី​លំនៅ​ស្ថាន គ្រួសារ​ខាង​ស្រី​ខ្លះ​បាន​អនុញ្ញាត​ឲ្យ​កូន​ប្រុស​រស់​នៅ​ជា​មួយ​កូន​ស្រី ដោយ​មិន​បាច់​សែន​ព្រេន ឬ​រៀបការ​ព្រោះ​អ្នក​ទាំង​ពីរ​ធ្លាប់​ភ្ជាប់​ពាក្យ​ជា​មួយ​គ្នា​តាំង​ពី​សម័យ​មុខ​ម្ល៉េះ ។ គ្មាន​ច្រក​ណា​ផ្សេង​ទៀត ក្រៅ​ពី​ធ្វើ​បែប​នេះ​ទេ ប្រសិន​បើ​ចង់​ឲ្យ​កូន​ប្រុស និង​កូន​ស្រី​បាន​ជួប​គ្នា​ជា​ប្ដី​ប្រពន្ធ ។ ចំពោះ​ចិត្ត​គំនិត​នៃ​អង្គការរបស់​ពួក ប៉ុល ពត វិញ គេ​មាន​បំណង​កសាង​វប្បធម៌​ថ្មី​មួយ​ទៀត​ក្នុង​ការ​រៀប​អាពាហ៍ ពិពាហ៍ ​”អង្គការ” ជា​អ្នក​ចាត់​ចែង ដោយ​មិន​សួរ​ទឹក​ចិត្ត​កូន​កំលោះ ឬ​កូន​ក្រមុំ ​និង​គ្មាន​អន្តរាគមន៍​ពី​ឪពុក​ម្ដាយ​ឡើយ ។

          ពី​ឆ្នាំ​១៩៧៩ មក​ដល់​សព្វ​ថ្ងៃ​នេះ អាពាហ៍ពិពាហ៍​​ខ្មែរ​មាន​លក្ខណៈ​ចម្រុះ​ពណ៌ ។ ទំនៀមទម្លាប់​ខ្មែរ​ជា​ច្រើន​កំពុង​រលាយ​បាត់​បង់ ។ យើង​កំពុង​ទទួល​យក​អ្វី​ដែល​មក​ពី​ក្រៅ មក​ប្ដូរ​ជំនួស​អ្វី​ដែល​នៅ​ខាង​ក្នុង​មាន​ន័យ​ថា យើង​កំពុង​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​​ឃ្លាត​ឆ្ងាយ​ពី​ទម្រង់ និង​ខ្លឹម​សារ​ដើម​របស់​វា ហើយ​ធ្វើ​ឲ្យ​បាត់​បង់​នូវ​បណ្ដាំ​សំខាន់​ៗ ដែល​ព្រះ​សង្ឃ​និង​លោក​អាចារ្យ​បាន​ផ្ដាំ​សម្រាប់​ដំណើរ​ជីវិត​នៃ​ស្វាមី​និង​ភរិយា​ថ្មី ។

          ពិត​ណាស់ យើង​មិន​អាច​ទប់​ស្កាត់​កុំ​ឲ្យ​ចលនា​សាកលភាវូបនីយកម្ម និង​ទំនើបភាវូបនីយកម្ម​ចូល​មក​ប្រទេស​យើង​បាន​ឡើយ ។ ចលនា​ទាំង​ពីរ​ពិត​ជា​មាន​ប្រយោជន៍​ដល់​សង្គម​យើង​ផង និង​ផ្ដល់​ផល​អាក្រក់​ដល់​សង្គម​យើង​ផង ។ ហេតុ​នេះ​យើង​មិន​គួរ​ទទួលយក​ទាំង​ដុល​នូវ​ចលនា​ទាំង​នោះ​ឡើយ ។ យើង​ពិត​ជា​មិន​អាច​រាំង​ស្កាត់​កុំ​ឲ្យ​វប្បធម៌​បរទេស​ចូល​មក​បាន​ទេ តែ​យើង​ក៏​មិន​គួរ​បណ្ដែត​បណ្ដោយ​ឲ្យ​វប្បធម៌​យើង​រស់​នៅ​ជា​មួយ​ពហុវប្បធម៌ ។

          ម្យ៉ាង​ទៀត យើង​ក៏​បាន​មើល​ឃើញ​អំពី​កត្តា​អវិជ្ជា​មាន​ទាំង​ឡាយ​នៅ​ក្នុង​វប្បធម៌​របស់​យើង​ផង​ដែរ ។ យើង​គួរ​ខិត​ខំ​លុប​បំបាត់កត្តា​អវិជ្ជមាន​ទាំង​នោះ ។ ការ​រៀប​អាពាហ៍ពិពាហ៍​​ក្នុង​រយៈ​ពេល​វែង​ពេក ការ​បន្តឹង​ពេក​ក្នុង​ការ​ស្ដី​ដណ្ដឹង ការ​ចំណាយ​ប្រាក់​ច្រើន ដើម្បី​បង្អួត​គ្នា​ទៅ​វិញ​ទៅ​មក​… សុទ្ធ​សឹង​ជា​កត្តា​អវិជ្ជមាន ។ ក្រៅ​ពី​នេះ យើង​សង្កេត​ឃើញ​ថា នៅ​លើ​តុ​សែន​ដូនតា​យើង​មិន​សរសេរ​អក្សរ​ខ្មែរ តែ​យើង​បែរ​ជា​សរសេរ​អក្សរ​ចិន ដែល​យើង​មិន​យល់​អ្វី​បន្តិច​សោះ​នោះ ។ ចម្លែក​ណាស់ នៅ​ពេល​ដែល​បរទេស​កោត​សរសើរ​អង្គរ​វត្ត​ខ្មែរ កោត​សរសើរ​អរិយធម៌​ខ្មែរ តែ​ខ្មែរ​បែរ​ជា​មិន​ស្គាល់​តម្លៃ​នៃ​វប្បធម៌​ខ្លួន​ទៅ​វិញ …. ។ ការ​រៀប​អាពាហ៍ពិពាហ៍​២​ថ្ងៃ​២​យប់​ឬ​១​ថ្ងៃ ១​យប់ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បានតាម​ប្រពៃណី​ខ្មែរ​ពិត​ប្រាកដ គឺ​ជា​ការ​រក្សា​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​អត្តសញ្ញាណ​ជា​ខ្មែរ ។ ប៉ុន្តែ​ការ​លាយ​ចម្រុះ​ពណ៌​ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍​គឺ​ជា​ការ​បន្ថយ​អត្តសញ្ញាណ​ជា​ខ្មែរ ទោះ​មាន​ចេតនា​ក្ដី​ឬ​គ្មាន​ចេតនា​ក្ដី ។ មិន​គួរ​សប្បាយ​នឹក​កាត់​នំ ដែល​ចាត់​ចែង​ដោយ​ពិធី​ករ​ជាង​សង្គហធម៌ ដែល​ជូន​ពរ​ដោយ​លោក​អាចារ្យ ឬ​ព្រះ​សង្ឃ ដែល​ប្ដី​ប្រពន្ធ​ត្រូវ​ចង​ចាំ​ឡើយ ។

(ចប់)


[1]- សាស្ត្រា​ស្លឹក​រឹត​ដែល​រក្សា​ទុក​ដោយ​លោក​តា ជា ឈិន នៅ​ភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ លោក​តា ជា ឈិន ជា​អាចារ្យ និង​ចៅមហា​ក្នុង​រៀប​អាពាហ៍ពិពាហ៍ ។ លោក​សំណេះ​សំណាល​នៅ​ថ្ងៃ​ទី ២៩ មេសា ២០០១ ។ អ្នក​និពន្ធ​សូម​រក្សា​ទុក​អក្ខរាវិរុទ្ធ​តាម​សាស្ត្រាស្លឹករឹត ។

[2]- ជួប​លោក​តា​អាចារ្យ ឈុន ប៊ិប នៅ​ថ្ងៃ​ទី ០៦ ខែ​មិថុនា ឆ្នាំ ២០០១

[3]- ចាប ពិន (ឧត្ដមប្រីជា) កូនទម្រង់ការ អាពាហ៍ពិពាហ៍ បណ្ណាគារ សេង ងួនហួត ភ្នំពេញ ព.ស. ២៥០៨ ទំព័រ ៦៨

[4]- ត្រឹង ងា (អ្នក​ស្រី) អរិយធម៌​ខ្មែរ ថ្នាក់​ទី​បញ្ចប់ បោះពុម្ព​លើក​ទី ៣ គ.ស. ១៩៧៤ ទំព័រ ១៨៤

[5]- ចាប ពិន (ឧត្ដមប្រីជា) ក្បួន​ទម្រង់​ការ អាពាហ៍ពិពាហ៍ បណ្ណាគារ សេង ងួនហួត ភ្នំពេញ ព.ស. ២៥០៨ ទំព័រ ៦៩

[6]- ស្រី​ដែល​មាន​អាយុ​ចាស់ ២ នាក់ ជា​ភរិយា​ដែល​មាន​ពិសោធន៍​ក្នុង​ការ​រស់​នៅ ដែល​អាច​បង្ហាញ​ពី​របៀប​ស្នេហា​គ្រា​ដំបូង ក្នុង​គោល​បំណង​កុំ​ឲ្យ​គូ​ស្វាមី​ភរិយា​បែក​បាក់​គ្នា ក្នុង​អនាគត ។

[7]-លោក​តា ជ្រឹង ជ្រាង នៅ​ភូមិ​រូង​ជ្រៃ ឃុំ​រូង​ជ្រៃ ស្រុក​ថ្ម​គោល ខេត្ត​បាត់​ដំបង ជា​អ្នក​ផ្ដើម​គំនិត​បង្កើត​អាពាហ៍ពិពាហ៍​​នេះ​ឡើង​វិញ បន្ទាប់​ពី​បាត់​មួយ​រយៈ​ពេល (ជួប​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០០១) ។

[8]-ជួប​ជា​មួយ​លោក ផាន ម៉េង លោក​តាំង​អេង​ហូរ និង​លោក ស៊ីវ ហួត នៅ​ក្នុង​សមាគម​ចិន ហុក-គៀន-ស្រះ​ចក​ដូន​ពេញ​ភ្នំពេញ​ថ្ងៃ​ទី​១២ ខែ​ឧសភា​ឆ្នាំ ២០០១

[9]-ស្រង់​មតិ​សិក្ខាកាម​នៅ​ក្នុង​សិក្ខា​សាលា​មួយ ស្ដី​ពី ការ​រក្សា​ប្រពៃណី​ខ្មែរ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នា​ថ្ងៃ​ទី​១៨ ឧសភា ២០០១

ក្បួន​ទម្រង់​ការ អាពាហ៍ ពិពាហ៍

http://nchc.dl.sourceforge.net/project/khmertext/Manuscripts/06Kbuon%20tumrong%20ka.pdf

កិត្តិយស ឫ ស្នេហា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s